លោក​ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩

19-07-2020 11:27 am 22723

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០២០​នេះ បាន​បន្ត​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​បន្ត​ការពារ​សុវត្ថិភាព​សុខភាព​ខ្លួន និង​ក្រុមគ្រួសារ កុំឲ្យ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ព្រោះ​ជំងឺ​នេះ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់ ដូច​នៅ​សហរដ្ឋ​អាមេរិក​ដែល​ចំនួន​អ្នក​ឆ្លង​កំពុង​កើនឡើង​យ៉ាង​គំហុគ​។ ជាមួយគ្នា​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន ក្រើនរម្លឹក​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា ព្រោះ​គ្រោះថ្នាក់​អាច​កើតឡើង​តែ​មួយ​វិនាទី​ប៉ុណ្ណោះ ប្រសិនបើ​ធ្វេសប្រហែស​មិន​គោរព​ច្បាប់​។​

​ក្នុងនោះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើដំណើរ​មក​កម្ពុជា ត្រូវតែ​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​នៅពេល​ដែល​ពិនិត្យ​សុខភាព​រួចហើយ អនុញ្ញាត​ឲ្យ​រស់​នៅ​ដាច់​ដោយឡែក​ចំនួន ១៤ ថ្ងៃ គឺ​ត្រូវ​ទទួលខុសត្រូវ​ធ្វើតាម​បញ្ជា​ណែនាំ​របស់​ក្រសួង​សុខាភិបាល​អោយបាន​ដាច់ខាត ដើម្បី​សុវត្ថិភាព​សុខភាព​ខ្លួនឯង​ផង នឹង​សម្រាប់​អ្នកដទៃ​ផង​។​

​លោកនាយក​រដ្ឋមន្ត្រី បានឲ្យដឹង​ទៀតថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ គឺ​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹល​សម្លាប់​មេរោគ ឬ​ទឹក​អាល់​កុល​។ ត្រូវ​ពាក់​ម៉ាស​ការពារ​អោយបាន​ល្អ ហើយ​កុំ​ធ្វេសប្រហែស​ដោយ​គិត​ខ្លី​ថា​មិន​អី​ទេ​។ ដោយឡែក​សម្រាប់​ទីកន្លែង​ធ្វើ​អាជីវកម្ម​តូច​ធំ​រួមទាំង​ផ្សារ​រដ្ឋ និង​ឯកជន តូប​លក់​ឥ​វ៉ាន់​តូចធំ ដេប៉ូ​ចែកចាយ ហាង​កាហ្វេ ភោជនីយដ្ឋាន ការដ្ឋាន​សំណង់ ទីកន្លែង​កាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​បានអនុញ្ញាត ធន​គារ និង​កន្លែង​ប្តូរប្រាក់​តូចធំ ក្លីនិក​តូចធំ គ្លីនិក​ធ្មេញ មន្ទីរពេទ្យ​រដ្ឋ និង មន្ទីរពេទ្យ​ឯកជន ត្រូវតែ​មានជេល ទឹក​អាល់កុល និង​ម៉ាស​សម្រាប់​ផ្តល់ជូន​អតិថិជន​ឬ​ក្រុម​គ្រួសារ​អ្នកជំងឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ត្រូវ​បន្ត​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​គ្រប់ពេល​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត