អាមេរិក​​កំពុង​ពិចារណា​​កាត់បន្ថយ​​កងទ័ព​​ពី​កូរ៉េខាងត្បូង​

18-07-2020 2:53 pm 397

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​ចុះផ្សាយ​ថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការកាត់បន្ថយ​កងទ័ព​ពី​កូរ៉េខាងត្បូង​។ ប្រទេស​ទាំងពីរ​បាន​ជជែក​គ្នា​តាំងពី​ខែកញ្ញា​ឆ្នាំមុន​មកម្ល៉េះ ជុំវិញ​ការរួមចំណែក​ចំណាយ​លើ​កងទ័ព​អាមេរិក​ដែល​កំពុង​ប្រចាំការ​នៅ​កូរ៉េខាងត្បូង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដកស្រង់​សម្ដី​មន្ដ្រី​អាមេរិក​និយាយថា អាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​មិន​ចុះសម្រុង​គ្នា​ជុំវិញ​ការទាមទារ​របស់លោក​ត្រាំ ដែល​ចង់ឲ្យ​ទីក្រុង​សេ​អ៊ួ​ល​បង្កើន​ការចំណាយ​សម្រាប់​កងទ័ព​អាមេរិក​នៅ​ទីនោះ​។​

​កាសែត​Wall Street Journal​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា មន្ទីរ​បញ្ច​កោណ​បានបង្ហាញ​ទៅ​សេត​វិមាន​ពី​ជម្រើស​ដើម្បី​កាត់បន្ថយ​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង ដែល​បច្ចុប្បន្ន​មាន​ទ័ព​អាមេរិក​សរុប​ចំនួន​២៨,៥០០​នាក់​។ មន្ដ្រី​អាមេរិក​បន្ដថា​ការធ្វើ​ដូច្នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យឡើងវិញ​នូវ​ផែនការ​កាត់បន្ថយ​ការ​ដាក់ពង្រាយ​ទ័ព​អាមេរិក​ទូទាំង​ពិភពលោក​។ យ៉ាងណាមិញ​កាសែត​ដដែល​មិនបាន​បញ្ជាក់ថា​នឹងត្រូវ​កាត់បន្ថយ​ទ័ព​ប៉ុន្មាន​ពី​កូរ៉េខាងត្បូង​ទេ ហើយក៏​ពុំទាន់​មាន​ការសម្រេចចិត្ដ​ដែរ​ព្រោះ​កំពុងស្ថិត​ក្នុងការ​ពិភាក្សា​នៅឡើយ​។​

​លោក​ដូណាល់ ត្រាំ​កាលពី​ខែ​មុន​បានឲ្យដឹងថា រដ្ឋ​បាភិ​បាល​របស់លោកក៏​មានបំណ​ង​ចង់​កាត់បន្ថយ​ទ័ព​អាមេរិក​នៅ​អាល្លឺម៉ង់​ផងដែរ ទុក​តែ​២៥,០០០​នាក់ប៉ុណ្ណោះ​ខណៈ​ចំនួន​សរុប​មាន​៣៤,៥០០​នាក់​។ អាមេរិក​ថា​ទីក្រុង​ប៊ែក​ឡាំង​ចំណាយ​មិន​ស្មើភាព​គ្នា​ទៅលើ​កងទ័ព​អាមេរិក​។ ដោយឡែក​អាមេរិក​និង​ជប៉ុន​ក៏​នឹង​ពិភាក្សា​ពី​ការចំណាយ​លើ​កងទ័ព​អាមេរិក​ប្រចាំ​នៅ​ជប៉ុន​នា​ឆ្នាំ​នេះដែរ​។ កិច្ចពិភាក្សា​ទំនងជា​តានតឹង​ដោយសារ​លោក​ត្រាំ​ចង់ឲ្យ​ជប៉ុន​ចំណាយ​បន្ថែម​សម្រាប់ក​ង​ទ័ព​អាមេរិក​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត