បើតាមការបញ្ជាក់ពីមន្ដ្រីកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា រដ្ឋអាជ្ញាក្រុងសេអ៊ួលបានបើកការស៊ើបអង្កេតទៅលើប្អូនស្រីបង្កើតលោកគីម ជុងអ៊ុន អ្នកស្រីគីម យ៉ូជុង ជុំវិញការបញ្ជាឲ្យបំផ្ទុះការិយាល័យទំនាក់ទំនងអន្ដរកូរ៉េចោលកាលពីខែមុន។ សកម្មភាពនេះទំនងជាធ្វើឲ្យមានការខឹងសម្បាដល់កូរ៉េខាងជើងបន្ថែមទៀត ខណៈភាគីទាំងពីរកំពុងផ្ទុះភាពតានតឹង ហើយកូរ៉េខាងជើងបានថ្កោលទោសកូរ៉េខាងត្បូងក្នុងពេលថ្មីៗ មានទាំងតិះដៀលដល់ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនថែមទៀត។
តាមអ្នកនាំពាក្យរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋអាជ្ញាបានទទួលបណ្ដឹងព្រហ្មទណ្ឌប្រឆាំងអ្នកស្រីគីម យ៉ូជុង ពីមេធាវីដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ួល ហើយបានចាប់ផ្ដើមការងារស៊ើបអង្កេត។ នៅក្នុងពាក្យបណ្ដឹងមេធាវីលី ខ្យុងជែបានអះអាងថា ការិយាល័យទំនាក់ទំនងអន្ដរកូរ៉េដែលត្រូវបានបំផ្លាញចោល គឺជាទ្រព្យសម្បត្ដិរបស់កូរ៉េខាងត្បូង ហើយការកែច្នៃឡើងវិញប្រើប្រាស់មូលនិធិរដ្ឋាភិបាលកូរ៉េខាងត្បូង ទោះបីជាការិយាល័យនោះស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើងក៏ដោយ។
មេធាវីកូរ៉េខាងត្បូងបានបញ្ជាក់ក្នុងពាក្យបណ្ដឹងទៀតថា កូរ៉េខាងជើងបានប្រើប្រាស់គ្រឿងផ្ទុះបំផ្លាញអគារបេសកកម្មការទូតតំណាងរបស់កូរ៉េខាងត្បូង ដែលបម្រើឲ្យផលប្រយោជន៍សាធារណៈ។ លោកមេធាវីដដែលបានដាក់ពាក្យប្ដឹងប្រធានផ្នែកបុគ្គលិកទូទៅនៃកងទ័ពកូរ៉េខាងជើងឈ្មោះប៉ាក ចុងជុនផងដែរ។ យោងតាមក្រមព្រហ្មទណ្ឌកូរ៉េខាងត្បូង លោកមេធាវីលីសង្កត់ធ្ងន់ថាការធ្វើឲ្យខូចខាតទ្រព្យសម្បត្ដិឬរំខានដល់សន្ដិភាពដោយប្រើគ្រឿងផ្ទុះ ត្រូវផ្ដន្ទាទោសដល់ស្លាប់ឬជាប់ពន្ធនាគារយ៉ាងហោចណាស់៧ឆ្នាំ។
យ៉ាងណាមិញសម្រាប់ស្ថានភាពជាក់ស្ដែង មិនអាចទៅរួចទេសម្រាប់មន្ដ្រីទីក្រុងសេអ៊ួលក្នុងការដាក់ទណ្ឌកម្មអ្នកស្រីគីម យ៉ូជុងឬក៏លោកប៉ាកនោះ ប៉ុន្ដែមេធាវីកូរ៉េខាងត្បូងប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបថា លោកដូច្នេះព្រោះចង់ជូនដំណឹងដល់ប្រជាជនកូរ៉េខាងជើងអំពីការលាក់ពុតនៃមេដឹកនាំរបស់ពួកគេ។
សូមរម្លឹកថា កាលពីខែមុនមានការបំផ្ទុះចោលការិយាល័យទំនាក់ទំនងអន្ដរកូរ៉េនៅតំបន់ព្រំដែន គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកស្រីគីមដែលជាទីប្រឹក្សាម្នាក់របស់លោកគីម ជុងអ៊ុនផងនោះ បាននិយាយថាការិយាល័យនេះគ្មានប្រយោជន៍ ហើយនឹងត្រូវបំផ្លាញចោលទាំងស្រុងក្នុងពេលឆាប់ៗ។
មុនពេលបំផ្លាញការិយាល័យទំនាក់ទំនងអន្ដរកូរ៉េចោល កូរ៉េខាងជើងបានចេញការថ្កោលទោសជាច្រើនដល់កូរ៉េខាងត្បូង ករណីមានការបង្ហោះខិត្ដបណ្ណរិះគន់ក្រុងព្យុងយ៉ាងចូលទៅកូរ៉េខាងជើង ពីសំណាក់ពលរដ្ឋកូរ៉េខាងជើងដែលរត់ទៅនៅកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានទាំងគំរាមប្រើយោធាប្រឆាំងកូរ៉េខាងត្បូងផង ប៉ុន្ដែក្រោយមកប្រកាសផ្អាករាល់ផែនការជំរុញឲ្យកើនឡើងភាពតានតឹង។
ទំនាក់ទំនងអន្ដរកូរ៉េតានតឹងជាថ្មីបន្ទាប់ពីកិច្ចប្រជុំរវាងលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុននៅក្នុងប្រទេសវៀតណាមបិទបញ្ចប់ដោយបរាជ័យ។ នោះគឺជាការបរាជ័យជុំវិញការរំលាយអាវុធនុយក្លេអ៊ែរដែលកូរ៉េខាងជើងបានសន្យានឹងរំលាយចោល ដើម្បីដោះដូរការដកទណ្ឌកម្មពីអន្ដរជាតិ៕
ដោយ៖ពេញ ផេង