ជំងឺកូវីដ១៩បានធ្វើឲ្យវិស័យដឹកជញ្ជូនធ្លាក់ចុះគួរឲ្យកត់សម្គាល់

17-07-2020 3:32 pm 219

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ជំងឺកូវីដ១៩បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោកក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។ វិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានអ្នកដំណើរចំនួន១,៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន២៥.០០០តោន ធ្លាក់ចុះ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៩។ 

ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិនតាមរយៈវីដេអូពីចម្ងាយ ដែលដឹកនាំដោយសហប្រធានលោក Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេនិងលោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ថ្លែងនៅក្នុងអង្គប្រជុំនាឱកាសនោះ លោកស៊ុន ចាន់ថុលបានលើកឡើងបន្ថែមទៀតថា ពេលនេះផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាមានកំណើនអវិជ្ជមាន៥,៥%នៅឆ្នាំនេះធៀបនឹងកំណើនវិជ្ជមានជាមធ្យម៧%ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយវិស័យដែលរងផលប៉ះពាល់ច្រើនជាងគេគឺវិស័យទេសចរណ៍និងវិស័យកាត់ដេរ។

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានឲ្យដឹងបន្ថែមទៀតថា យ៉ាងណាពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់វិស័យឯកជនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ក្នុងនោះរួមមានការបង្កើតកម្មវិធីសង្គមផ្សេងៗជាច្រើនដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយគេរំពឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុបនឹងកើនឡើងវិញប្រហែល៥ភាគរយនៅឆ្នាំក្រោយ។

លោកបានគូសបញ្ជាក់ថា ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ១៩ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។ ជាមួយគ្នានេះលោកក៏បានជំរុញឱ្យប្រទេសដែលជាភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាឲ្យបានជិតស្និទ្ធមិនត្រូវចង្អុលដាក់គ្នាឬស្ដីបន្ទោសគ្នាទៅវិញទៅមក ប៉ុន្តែចាំបាច់ត្រូវតែរួបរួមឯកភាពគ្នាជាធ្លុងមួយដើម្បីយកឈ្នះ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩៕ 

ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត