សេដ្ឋកិច្ច​ចិន​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​ត្រីមាស​ទី​២ ក្រោយ​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ត្រីមាស​ទី​១

16-07-2020 3:29 pm 981

​តួលេខ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០ បង្ហាញថា សេដ្ឋកិច្ច​ចិន​បាន​ស្ទុះ​ងើប​ឡើងវិញ​ចំនួន​៣.២​ភាគរយ​នៅក្នុង​ត្រីមាស​ទី​២ ឬ​ក្នុង​រយៈពេល​៣​ខែ​ចាប់ពី​ខែ​មេសា ដល់​ខែមិថុនា​នៃ​ឆ្នាំ​២០២០​នេះ​។ តួលេខ​នេះ​ខ្ពស់ជាង​ការព្យាករណ៍​របស់​អ្នកជំនាញ​។ ផលិតកម្ម​ឧស្សាហកម្ម​និង​កំណើន​វិនិយោគ បាន​ប្រែ​ទៅជា​វិជ្ជមាន​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ទើបបានជា​រុញឲ្យ​កំណើនសេដ្ឋកិច្ច​លោតឡើង​។ ប៉ុន្តែ​វិស័យ​មួយ​ដែល​មិនបាន​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស គឺ​ការ​លក់រាយ​។ ពោល​ការចំណាយ​របស់​ប្រជាជន​ក្នុងប្រទេស​ចិន នៅតែ​ទាប​ជាង​មុនពេល​ផ្ទុះ​វីរុស​កូវី​ដ​-១៩​។ 

​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​លើ​លោក​នាពេលនេះ បានធ្វើឲ្យ​ពិភពលោក​ចាប់អារ​ម្មណ៍និង​តាមដាន​។ ចាប់អារម្មណ៍ ដ្បិត​បច្ចុប្បន្ន​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក កំពុង​តស៊ូ​យ៉ាង​ត្រដាបត្រដួស ដើម្បី​ងើប​ចេញពី​វិបត្តិកូ​វីដ​-១៩​។ កុំថាឡើយ​ចង់​មាន​កំណើនសេដ្ឋកិច្ច ត្រឹមតែ​ទប់​សេដ្ឋកិច្ច​កុំឲ្យ​ដួលរ​លំនោះ វា​ហាក់ដូចជា​គ្រប់គ្រាន់​ហើយ សម្រាប់​ប្រទេស​ទាំងនោះ​។​

​កំណើនសេដ្ឋកិច្ច​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នេះ បាន​ប្រែប្រួល​ក្រោយពី​ធ្លាក់ចុះ​យ៉ាងគំហុក​ចំនួន​៦.៨​ភាគរយ ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ ដែលជា​ការធ្លាក់ចុះ​ដ៏​ធំ​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។ មូលហេតុ​នៃ​កា​ធ្លាក់ចុះ​កាលនោះ ដោយសារតែ​ចិន​អនុវត្ត​វិធានការ​រឹតបន្តឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ 

​ចិន​បានប្រកាស​រកឃើញ​វីរុស​កូវី​ដ​-១៩​នៅ​ចុងឆ្នាំ​២០១៩ ហើយ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ចិន​បាន​ដាក់ចេញ​វិធានការ​យ៉ាង​តឹងរឹង​បំផុត តាមរយៈ​ការបិទទ្វារ​រោងចក្រ​និង​អាជីវកម្ម​អស់​រយៈពេល​ជាច្រើន ព្រមទាំង​ណែនាំ​ឲ្យ​ប្រជាជន​នៅក្នុង​តែ​ក្នុងផ្ទះ​។ ដោយសារតែ​វិបត្តិ​នេះ នៅក្នុង​ខែឧសភា​ប្រទេស​ចិន​លែង​ហ៊ាន​ដាក់​គោលដៅ​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២០​។ តែ​ក្រោយពី​ទប់ស្កាត់​ការឆ្លង​រាលដាល​ដោយ​ជោគជ័យ ចិន​បាន​បើក​ប្រទេស​ឡើងវិញ​បណ្តើរៗ រួមជាមួយ​នឹង​ការទម្លាក់​វិធានការ​ជាច្រើន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច រួមមាន​ទាំង​ការកាត់បន្ថយ​ពន្ធ​ផងដែរ​។ យ៉ាងណាក៏ដោយ រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​នេះ​វិញ សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ចំនួន​១.៦​ភាគរយ​បើ​ធៀប​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការ​ឲ្យដឹងពី​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ចិនកំណើនសេដ្ឋកិច្ច

ព័ត៌មានផ្សេងទៀត