​អតីត​បក្សប្រឆាំង​​មិន​គាំទ្រ​ការផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​​ដល់​ជនអន្តោប្រវេសន៍​​ជាង​២​ម៉ឺន​គ្រួសារ​​

15-07-2020 4:17 pm 1002

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​មិន​គាំទ្រ​ចំពោះ​រដ្ឋាភិបាល ដែលមាន​ក្រសួងមហាផ្ទៃ​ជា​សេនាធិការ ក្នុង​ការផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​ជាង​២​ម៉ឺន​គ្រួសារ ប្រមាណ​ជិត​៧​ម៉ឺន​នាក់​ឡើយ ជាពិសេស​ជនអន្តោប្រវេសន៍​វៀតណាម ខណៈ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុក​សេចក្ដីថ្លែងការណ៍​មិន​គាំទ្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​សេចក្ដីថ្លែងការណ៍​ខ្មោច គ្មាន​តម្លៃ​គតិយុត្តិ​អ្វី​នោះទេ​។

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មិន​គាំ​ទ្រចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​ចំនួន ២០.១០៧​គ្រួសារ ស្មើនឹង ៦៩.៩៥៧​នាក់ ដែល​កំពុង​រស់នៅ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។ អតីត​បក្សប្រឆាំង​បន្តថា អាជ្ញាធរ​បាន​រកឃើញ​ថា ជនអន្តោប្រវេសន៍​ទាំងនោះ​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​និង​ខុសច្បាប់​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា មាត្រា​៣៧​នៃ​ច្បាប់​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តម្រូវឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវតែ​បណ្ដេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ចេញពី​ប្រទេស​កម្ពុជា ឱ្យទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​។​

​សេចក្ដី​ថ្លែង​កាណ៍​របស់​អតីត​គណបក្សប្រឆាំង​ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​ភាព​ធូ​រលុង និង​មិនមាន​ឯករាជ្យ​របស់​អាជ្ញាធរ​នៃ​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដីពី​សញ្ជាតិ នៃ​ប្រទេស​កម្ពុជា ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ចំពោះ​ការហូរចូល​នៃ​ជនអន្តោប្រវេសន៍​មក​ប្រទេស​កម្ពុជា ជាពិសេស​អន្តោប្រវេសន៍​ជនជាតិ​វៀតណាម​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ អាជ្ញាធរ​បានផ្ដល់​ដី​ចំនួន​៤០​ហិកតា នៅ​ខេត្តកំពង់ឆ្នាំង ឱ្យ​ពលរដ្ឋ​វៀតណាមប្រមាណ​ជាង​២​ពាន់​គ្រួសារដើម្បី​រស់នៅ ហើយ​បច្ចុប្បន្ននេះ​កំពុងផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ភាគច្រើនបំផុត​ជា​ជនជាតិ​វៀតណាម​។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវធ្វើ​ស្ថិតិ​ឡើងវិញ​ឱ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់ និង​តម្លាភាព អំពី​ចំនួន​ពិតប្រាកដ​នៃ​ជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវអនុវត្ត​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដីពី​សញ្ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​ត្រឹមត្រូវ​និង​ម៉ឺងម៉ាត់​ប្រកបដោយ​ឯករាជ្យ ដើម្បី​ធានា​មិនឱ្យ​បញ្ហា​អន្តោប្រវេសន៍​បង្ក​ជា​គ្រោះ​ហានិភ័យ​ដល់​បូរណភាព​ទឹកដី អធិបតេយ្យភាព ឯករាជ្យភាព និង​សុវត្ថិភាព​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ភាព​ឋិតថេរ​គង់វង្ស​នៃ​មាតុភូមិ​កម្ពុជា និង​ភាពសុខដុមរមនា​នៃ​ប្រជាជាតិ​ខ្មែរ​។​

​ដោយឡែក​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានចាត់ទុក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ខ្មោច​ដែល​ស្លាប់​ដោយសារ​តុលាការ​កំពូលរំលាយ​ហើយ​។ ដូច្នេះ​រាល់​សេចក្ដីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញមក គឺជា​សេចក្ដីថ្លែងការណ៍​ខ្មោច មិនអាច​យកជាការបាន និង​គ្មាន​តម្លៃ​គតិយុត្តិ​ឡើយ​………

​សំឡេង​លោក​ខៀវ សុភ័គ​៖

​ជា​ការកត់សម្គាល់​ការ​ចេញ​សេចក្ដី​ថ្លែង​កាណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នាពេលនេះ ធ្វើឡើង​បន្ទាប់​ពីក្រសួងមហាផ្ទៃ ដែលមាន​គណៈកម្មការ​អន្តរក្រសួង​មួយ និង​ក្រុមការងារ​ប្រតិបត្តិ​ជាច្រើន ត្រូវបាន​បង្កើតឡើង​ដើម្បី​ចុះ​ធ្វើ​ជំរឿន​ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​សារ​ឡើងវិញ ដែល​បាន​បិទ​បញ្ចប់​នៃ​ការធ្វើជំរឿន​ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ជា​លទ្ធផល​មាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​ទូ​ប្រទេស​បានដាក់​ពាក្យស្នើសុំ​ប្រកាស​ទទួល​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន ៨៩.៧៨៦​នាក់ ស្មើនឹង ២៨.៩៤៥​គ្រួសារ មាន​១១​សញ្ជាតិ ដោយ​ក្នុង​នោះជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ​។ 

​ក្រសួងមហាផ្ទៃ បាន​អះអាងថា ក្នុង​ដំណើរការ​ពិនិត្យ ដោះស្រាយ​បញ្ហា​នេះ ក្រុមការងារ​បានធ្វើកា​រ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ចាប់តាំងពី​ដើមឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចំនួន ៣៧.៤៣៦​ច្បាប់ ពី​ជនបរទេស​ចំនួន ២០.១០៧​គ្រួសារ ដែលមាន​មនុស្ស​សរុប​ចំនួន​៦៩.៩៥៧​នាក់ ស្មើនឹង​១១​សញ្ជាតិ ក្នុងនោះ​សញ្ជាតិ​វៀតណាម​ចំនួន ១៨.៩៦៧​គ្រួសារ មនុស្ស​ចំនួន​៦៩.៧៨៧​នាក់​។ 

​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនបរទេស​ទាំងនេះ កំពុង​ត្រូវបាន​ក្រសួងមហាផ្ទៃ ផ្ដល់ជូន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ (​សពុល​ភាព ០២​ឆ្នាំ​ម្ដង​) ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ពួកគេ​ឱ្យ​ស្ថិតនៅក្រោម​គន្លង​ច្បាប់ និង​អនុវត្ត​កាតព្វកិច្ច​នានា​តាម​ការកំណត់​។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ថា​នឹង​បន្ត​យកចិត្តទុកដាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​ជំនាញ​ក្រោម​ឱវាទ​ដែលមាន​ការពាក់ព័ន្ធ ខិត្ត​ខំ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ឱ្យបាន​ហ្មត់ចត់ និង​មាន​វិធានការ​បង្ការ​ទប់ស្កាត់ និង​បណ្ដេញចេញ​ទាន់ពេលវេលា​ចំពោះ​ជនបរទេស​ដែល​ជ្រៀតចូល​ខុសច្បាប់​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ផងដែរ​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​គណៈកម្មកា​រ​ថ្មី​មួយ​ឈ្មោះថា​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​ដែលមាន​លោក​អ៊ុំ សំអាន ជា​ប្រធាន​, លោក​ប៉ាង សុខឿន ជា​អនុប្រធាន​, ហើយ​មាន​សមាជិក​ចំនួន​៤​រូប​។ គណៈកម្មការ​នេះ​ក៏មាន​ទីប្រឹក្សា​ចំនួន​៦​រូប ដែល​សុទ្ធសឹង​ជា​អតីត​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ យោងតាម​សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​គណៈកម្មការ​កិច្ចការ​ព្រំដែន​និង​អន្តោប្រវេសន៍ ដែល​ចុះហត្ថលេខា​ដោយ​លោក​សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា គណៈកម្មការ​នេះ​មាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន និង​ឃ្លាំមើល​បញ្ហា​ព្រំដែន​នៃ​ប្រទេស​កម្ពុជា ក៏ដូចជា​បញ្ហា​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ 

​គណៈកម្មការ​នេះ ក៏មាន​តួនាទី​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​ឲ្យមាន​ការយល់ដឹង​អំពី​បូរ​ណភាពទឹ​កដី និង​ផលវិបាក​នៃ​ការហូរចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ លើសពីនេះ​ទៀត​គណៈកម្មការ​កិច្ចការ​ព្រំដែន​និង​អន្តោប្រវេសន៍​នៃ​អតីត​បក្សប្រឆាំង​នេះ ក៏​នឹងធ្វើ​ការតស៊ូ​មតិ និង​ចេញ​សេចក្ដីថ្លែងការណ៍​ក្នុងនាម​គណបក្ស ចំពោះ​រាល់​ការរំលោភបំពាន​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា និង​សកម្មភាព​ខុសច្បាប់​របស់​ជនអន្តោប្រវេស​ន៍ ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​

​ក៏ប៉ុន្តែ​សម្រាប់​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​វិញ បានចាត់ទុក​ការបង្កើត​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​អតីត​បក្សប្រឆាំង​នេះ គឺជា​អង្គការ​ចាត់តាំង​ខុសច្បាប់ ហើយ​គ្មាន​អ្នណា​ទទួលស្គាល់ឡើយ ពីព្រោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កំពូល​រំលាយចោល​តាំងពី​ចុងឆ្នាំ​២០១៧​ម្លេះ​។ ដូច្នេះ​អ្វីៗ​ដែល​ក្រុម​អតីត​បក្សប្រឆាំង​ធ្វើ គឺ​ខុសច្បាប់​ទាំងអស់​។ លោក​សុខ ឥសាន យល់ថា​ការបង្កើត​គណៈកម្មការ​នេះ​ឡើង គ្រាន់តែ​ជា​ល្បិច​បោកប្រាស់​របស់​អតីត​គណបក្សប្រឆាំង​ប៉ុណ្ណោះ​៕ 

ព័ត៌មានផ្សេងទៀត