បន្ទាប់ពីច្បាប់សន្ដិសុខថ្មីត្រូវបានចិនអនុម័តកាលពីថ្ងៃទី៣០មិថុនា មានមតិយល់ឃើញផ្សេងៗគ្នាពីជោគវាសនារបស់ហុងកុង។ អ្នកខ្លះថាហុងកុងត្រូវដល់ទីបញ្ចប់នៃគោលការណ៍ប្រទេសមួយប្រព័ន្ធពីរហើយ ខណៈអ្នកខ្លះទៀតថាពលរដ្ឋហុងកុងនឹងព្យាយាមគ្រប់មធ្យោបាយ ដើម្បីទាមទារឲ្យរក្សាសេរីភាពដូចមុន។ ការទាមទារគឺតាមរយៈការស្នើសុំអន្ដរាគមន៍ពីអន្ដរជាតិ ឬក៏ធ្វើសកម្មភាពនានាដើម្បីប្រឆាំង តែក៏ទំនងពិបាកឆ្លងផុតពីការរារាំងដោយច្បាប់សន្ដិសុខថ្មី។ ដូច្នេះហុងកុងពិតជាដល់ទីអវសាននៃគោលការណ៍ប្រទេសមួយប្រព័ន្ធពីរមែនឬយ៉ាងណា?
ទីក្រុងហុងកុងបន្ទាប់ពីត្រូវបានអង់គ្លេសប្រគល់មកឲ្យចិនវិញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ ក្រុងមួយនេះជាតំបន់រដ្ឋបាលពិសេសពាក់កណ្ដាលស្វយ័ត ស្ថិតក្រោមគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ។ ហុងកុងមានប្រព័ន្ធរដ្ឋបាល សេដ្ឋកិច្ច និងប្រព័ន្ធតុលាការដាច់ដោយឡែកពីចិន លើកលែងតែវិស័យពីរប៉ុណ្ណោះដែលត្រូវពឹកពាក់ចិន នោះគឺវិស័យយោធានិងទំនាក់ទំនងការបរទេស។ តាមកិច្ចព្រមព្រៀងចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៤ ហុងកុងត្រូវអនុវត្ដតាមគោលការណ៍ប្រទេសមួយប្រព័ន្ធពីររយៈពេល៥០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០៤៧។ ប៉ុន្ដែតាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់របស់រដ្ឋបាលលោកស៊ី ជីនពីង ចិនត្រូវបានគេមើលឃើញថាកំពុងព្យាយាមបន្ដិចម្ដងៗ ក្រសោបយកហុងកុងមកគ្រប់គ្រងទាំងស្រុងមិនចាំដល់ឆ្នាំ២០៤៧ទេ។
អ្វីដែលគេជឿជាក់កាន់តែខ្លាំង គឺនៅពេលទីក្រុងប៉េកាំងបានបង្កើតច្បាប់សន្ដិសុខថ្មីដាក់ឲ្យអនុវត្ដនៅហុងកុងកាលពីដើមខែកក្កដានេះ។ ចិនលើកទឡ្ហីករណ៍ថាច្បាប់សន្ដិសុខថ្មីសម្រាប់ទប់ស្កាត់សកម្មភាពផ្ដួលរំលំរដ្ឋអំណាច ប្រឆាំងអំពើភេរវកម្ម ការផ្ដាច់ខ្លួន និងការគប់គិតជាមួយកងម្លាំងបរទេសជាដើម ដែលទង្វើទាំងអស់នេះជារឿងប៉ះពាល់ធ្ងន់ធ្ងរដល់សន្ដិសុខជាតិ។ ច្បាប់សន្ដិសុខថ្មីគ្មានបំណងដាក់ទោសពលរដ្ឋហុងកុងទេ គឺសំដៅតែបុគ្គលមួយក្ដាប់តូចតែងបង្កចលាចលប៉ុណ្ណោះ។
ប៉ុន្ដែការបកស្រាយរបស់ចិនមិនត្រូវបានក្រុមគាំទ្រប្រជាធិបតេយ្យហុងកុង និងបណ្ដាប្រទេសមួយចំនួនមានអាមេរិក អង់គ្លេសជាដើមជឿជាក់ឡើយ។ មានមន្ទិលជាច្រើនកើតឡើងជុំវិញច្បាប់សន្ដិសុខថ្មី ហើយក៏ពុំមានការជឿជាក់ណាមួយថា ច្បាប់ដែលអនុម័តទាំងចម្រូងចម្រាសដោយរដ្ឋាភិបាលកណ្ដាលក្រុងប៉េកាំងនេះនឹងមានព្រំដែនកំណត់ឡើយ ពោលគឺជាបទបញ្ជាដើម្បីបង្ក្រាបក្រុមប្រឆាំងហុងកុងតែម្ដង។
បើតាមការបកស្រាយពីក្រឹត្យក្រមនៅក្នុងច្បាប់សន្ដិសុខថ្មី ការប្រព្រឹត្ដអំពើឧក្រិដ្ឋកម្ម ការធ្វើអបគមន៍ ការធ្វើវិទ្ធង្សនា ការប្រព្រឹត្ដអំពើភេរវកម្មជាដើម អាចមានទោសទណ្ឌធ្ងន់បំផុតជាប់ពន្ធនាគាររហូតដល់មួយជីវិត។ ម្យ៉ាងវិញទៀតកងកម្លាំងសន្ដិសុខមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្រាវជ្រាវឬស្វែងរកភស្ដុតាងនានា និងអាចបញ្ឈប់មិនឲ្យពលរដ្ឋចាកចេញពីហុងកុងបាន និងតម្រូវឲ្យអង្គការនិងទីភ្នាក់ងារបរទេសរួមទាំងកោះតៃវ៉ាន់ ត្រូវផ្ដល់ព័ត៌មានជុំវិញសកម្មភាពទាក់ទងនឹងហុងកុង។
ចិនបានសម្រេចបង្កើតច្បាប់សន្ដិសុខថ្មីដោយពុំបានឆ្លងកាត់ការបោះឆ្នោតនៅក្នុងសភាហុងកុងទេ ទោះបីសភាហុងកុងជាអ្នកមានសិទ្ធិក្នុងការអនុម័តលើច្បាប់នៅហុងកុង។ ក្រោយច្បាប់សន្ដិសុខត្រូវដាក់ឲ្យប្រើជាផ្លូវការ ចិនបានបើកការិយាល័យសន្ដិសុខមួយភ្លាមនៅហុងកុងគឺកាលពីថ្ងៃទី០៨កក្កដា។ ដូច្នេះអ្វីដែលចិនបានធ្វើដូចបានរៀបរាប់នេះ អាចសបញ្ជាក់បានថាចិនចាប់ផ្ដើមអនុវត្ដយ៉ាងពេញលេញក្នុងចេតនាទប់ស្កាត់រាល់សកម្មភាពប្រឆាំងនៅហុងកុង។
ករណីនេះហើយទើបធ្វើឲ្យមានការព្រួយបារម្ភពីយុគសម័យផ្ដាច់ការមួយនៅក្នុងទីក្រុងហុងកុង បញ្ចប់គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ដែលហុងកុងធ្លាប់មានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិឬការតវ៉ាប្រឆាំងនឹងអ្វីដែលពលរដ្ឋចាត់ទុកថាមិនត្រឹមត្រូវ តួយ៉ាងមានការតវ៉ាទ្រង់ទ្រាយធំបំផុតកាលពីឆ្នាំ២០១៩ ប្រឆាំងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័ន។
សម្រាប់អាមេរិកបានប្រកាសថា ហុងកុងលែងជាទីក្រុងទទួលបានស្វ័យភាពពីចិនទៀតហើយ ដូច្នេះអាមេរិកប្រកាសដកចេញនូវសិទ្ធិពិសេសមួយចំនួនពីហុងកុង។ រីឯអង់គ្លេសវិញចាត់ទុកច្បាប់សន្ដិសុខថ្មីនៅហុងកុង ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឆ្នាំ១៩៨៤។ អង់គ្លេសបានប្រកាសអាចផ្ដល់សញ្ជាតិឲ្យពលរដ្ឋហុងកុងរហូតដល់៣លាននាក់ ដែលកាណាដាក៏ទំនងដើរតាមជំហានរបស់អង់គ្លេស។
ងាកមកមើលពីជោគវាសនារបស់ហុងកុង ថាពិតជាដល់ទីអវសាននៃគោលការណ៍ប្រទេសមួយប្រព័ន្ធពីរឬយ៉ាងណា បច្ចុប្បន្នពិតជាពិបាកក្នុងការវាយតម្លៃថាជាទីបញ្ចប់ទាំងស្រុង។ ប៉ុន្ដែបើតាមស្ថានភាពជាក់ស្ដែង ភាពតឹងរ៉ឹងនៃច្បាប់សន្ដិសុខថ្មីនៅហុងកុង ពិតជាមិនអាចប្រកែងបានទេថារាល់ការតវ៉ាប្រឆាំងនានា មិនអាចធ្វើបានដោយសេរីដូចមុនទៀតឡើយ។ សិទ្ធិសេរីភាពពេញបរិបូរណ៍ដែលហុងកុងធ្លាប់មានពីមុន ទំនងនឹងត្រូវស្ថិតក្រោមច្បាប់សន្ដិសុខថ្មី ហើយនៅពេលពលរដ្ឋហុងកុងភាគច្រើនមិនពេញចិត្ដនិងរើបម្រាសប្រឆាំងឬស្នើសុំឲ្យអន្ដរជាតិជួយ ពួកគេប្រាកដជាត្រូវមានទោសអនុលោមតាមច្បាប់នេះ។ ដូច្នេះពួកគេនឹងត្រូវអាជ្ញាធរចាប់ខ្លួន ហើយមិនអាចបន្ទោសបានទៀតឡើយថា អាជ្ញាធរធ្វើខុសច្បាប់ឬរំលោភលើសិទ្ធិសេរីភាពដូចឆ្នាំ២០១៩។
ជារួមទោះមិនទាន់អាចគ្រប់គ្រងបានទាំងស្រុង បន្ដិចម្ដងៗហុងកុងនឹងបាត់បង់សិទ្ធិសេរីភាព ហើយប្រហែលមិនដល់ឆ្នាំ២០៤៧ ចិននឹងអាចគ្រប់គ្រងទីក្រុងមួយនេះបាន បើទោះជាមិនបានមួយរយភាគរយក៏លែងមានសកម្មភាពប្រឆាំងទ្រង់ទ្រាយធំដូចមុនទៀតហើយ ព្រោះចិនក៏មិនចង់ឲ្យមានការបែងចែកទឹកដី ហើយក៏មិនចង់ឲ្យហុងកុងដូចតៃវ៉ាន់៕
(ដោយ៖ពេញ ផេង)