ពលរដ្ឋ​ហុងកុង​​ជាង​៦០​ម៉ឺន​នាក់​​ទៅ​បោះឆ្នោត​​បង្ហាញ​ការគាំទ្រ​​ប្រជាធិបតេយ្យ​

13-07-2020 11:23 am 1014

​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​បាន​និយាយថា ការបោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​សម្រាប់​ចូល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នាពេលខាងមុខ បាន​ទាក់ទាញ​អ្នកបោះឆ្នោត​ច្រើនជាង​ការរំពឹងទុក​។ មាន​មនុស្ស​ជាង​៦០​ម៉ឺន​នាក់​បាន​ទៅ​បោះឆ្នោត​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ទើប​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ ដែល​ដំបូង​ឡើយ​អ្នករៀបចំ​សង្ឃឹមថា​មនុស្ស​ចូលរួម​ត្រឹមតែ​១៧​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ 

​ការបោះឆ្នោត​បឋម​នេះ​ធ្វើឡើង​ក្នុង​រយៈពេល​តិចជាង​ពីរ​សប្ដាហ៍ បន្ទាប់ពី​ច្បាប់​សន្ដិសុខ​ថ្មី​ដែល​អនុម័ត​ដោយ​ចិន​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ហុងកុង​។ មន្ដ្រី​រៀបចំ​ការបោះឆ្នោត​បាន​និយាយថា ពលរដ្ឋ​ហុងកុង​បាន​បង្កើត​ប្រវត្ដិសាស្ដ្រ​ជាថ្មី​ម្ដងទៀត គឺ​ពួកគេ​ជាច្រើន​បាន​ងាក​ទៅ​ចូលរួម​ការបោះឆ្នោត​ទោះបីជា​មានច្បាប់​សន្ដិសុខ​ថ្មី​។ ពលរដ្ឋ​ហុងកុង​បានបង្ហាញ​ទៅកាន់​ពិភពលោក​និង​អាជ្ញាធ​រថា ពួកគេ​នឹងមិន​បោះបង់ចោល​ការប្រយុទ្ធ​សម្រាប់​ប្រជាធិបតេយ្យ​ហុងកុង​ដាច់ខាត​។ ការបោះឆ្នោត​នេះ​ក៏​ដើម្បី​សបញ្ជាក់​ឲ្យឃើញ​ពី​ការប្រឆាំង​ច្បាប់​សន្ដិសុខ​ថ្មី​ដែល​ទើប​អនុម័ត​ផងដែរ​។​

​អាជ្ញាធរ​ហុងកុង​ចាប់ផ្ដើម​ទទួលយក​ពាក្យសុំ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន សម្រាប់​ត្រៀម​ចូលរួម​ការបោះឆ្នោត​សភា​នៅ​ខែកញ្ញា​។ ប៉ុន្ដែ​ក្រុមអ្នកវិភាគ​និយាយថា​អ្នក​ប្រឆាំងនឹង​ច្បាប់​សន្ដិសុខ​ជាតិ​ទាំងនោះ អាច​មើលឃើញ​ពី​បេក្ខភាព​របស់​ពួកគេ​នឹងត្រូវ​ដកចេញ​។ ការដកចេញ​ដោយសារតែ​អាជ្ញាធរ​មិន​ពេញចិត្ដ​អ្នកប្រឆាំង ដូច្នេះ​អាជ្ញាធរ​មាន​សិទ្ធិ​ធ្វើបាន​ដោយ​ពុំ​ចាំបាច់​ពន្យល់​ហេតុផល​ច្បាស់លាស់ ស្ថិតក្រោម​ច្បាប់​សន្ដិសុខ​ថ្មី​ដែល​ទើប​អនុវត្ដ​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​ពី​អ្នកវិភាគ​។​

​ចំណែក​ក្រុម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង គ្រោង​នឹង​សង្កត់ធ្ងន់​ទៅលើ​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​ដំណាក់កាល​បឋម ដើម្បី​ជំរុញ​និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាតឲ្យ​មាន​បេក្ខជ​ន​របស់​ពួកគេ​ឈរឈ្មោះ​ក្នុង​ការបោះឆ្នោត​ប្រព្រឹត្ដទៅនៅ​ខែកញ្ញា​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ហុងកុងការបោះឆ្នោត

ព័ត៌មានផ្សេងទៀត