ក្រសួងកសិកម្មជប៉ុនបានចេញការព្រមានពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្ម កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង។ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃសុក្រការខូចខាតត្រូវបានបញ្ជាក់ថា បានកើតមានឡើងក្នុងខេត្ដចំនួន៣០ទូទាំងប្រទេសជប៉ុន។ ក្នុងនោះមានខេត្ដគូម៉ាមូតូនិងកាហ្គូស៊ីម៉ានៅភាគនិរតីនៃតំបន់ឃ្យូស៊ូ ដែលត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយផ្នែកៗ ពីស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ។
ក្រសួងបានបញ្ជាក់ថា ការខាតបង់សរុបដោយសារតែទឹកជំនន់និងការបាក់ដីនេះ មានប្រមាណជា១១.៧ពាន់លានយ៉េន ស្មើនឹងជិត១១០លានដុល្លារអាមេរិក។ ចំណែកនៅខេត្ដហ្វូគូអូកានិងមីយ៉ាហ្សាគី បានរាយការណ៍ពីការខូចខាតទូកនេសាទនិងកំពង់ផែបន្ថែមទៀត។ មន្ដ្រីក្រសួងកសិកម្មបាននិយាយថា ការខាតបង់អាចនឹងបន្ដកើនឡើងព្រោះការប៉ាន់ប្រមាណនេះ នៅមិនទាន់អាចធ្វើបានទេនៅក្នុងខេត្ដរងគ្រោះខ្លាំងក្លាមួយចំនួនទៀត។
គួរជម្រាបជូនថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសជប៉ុនតាំងពីចុងសប្ដាហ៍មុន ដែលបង្កឲ្យមានទឹកជំនន់និងបាក់ដីដូច្នេះ។ បើតាមតួលេខបញ្ជាក់កន្លងមក មានមនុស្សជាង៦០នាក់ហើយបានស្លាប់ និងបាត់ខ្លួនជាច្រើននាក់ទៀត៕
ដោយ៖ពេញ ផេង