អាមេរិក​​យល់ព្រម​លក់​​យន្ដហោះ​​ចម្បាំង​​F-35​ជាង​​១០០​គ្រឿង​​ទៅឲ្យ​ជប៉ុន​

10-07-2020 5:39 pm 1840

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បានសម្រេច​លើ​លទ្ធភាព​នៃ​ការលក់​យន្ដហោះ​ចម្បាំង​ប្រភេទ​F-35​ចំនួន​១០៥​គ្រឿង​ទៅឲ្យ​ប្រទេស​ជប៉ុន ដែល​មានតម្លៃ​សរុប​ប្រមាណ​២៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ជប៉ុន​បានដាក់​សំណើសុំ​ទិញ​យន្ដហោះ​ចម្បាំង​ជាច្រើន​ពី​អាមេរិក ក្នុងនោះ​មាន​យន្ដហោះ​F-35A​ចំនួន​៦៣​គ្រឿង យន្ដហោះ​F-35B​ចំនួន​៤២​គ្រឿង ម៉ាស៊ីន Pratt និង Whitney F135​ចំនួន​១១០​គ្រឿង រួមទាំង​សម្ភារ​នានា​ជាច្រើន​ទៀត​។ នៅក្នុង​គម្រោង​ទិញ​លក់​នោះ​ក៏មាន​បញ្ចូល​ការគាំទ្រ​ផ្នែក​បច្ចេកទេស​និង​ការហ្វឹកហាត់​មាន​រយៈពេល​២៥​ឆ្នាំ​ផងដែរ​។​

​ក្រសួងការបរទេស​អា​មេរិក​បាន​បញ្ជាក់បន្ថែ​ម​ថា ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ផលប្រយោជន៍​ជាតិ​របស់​អាមេរិក ក្នុង​ការជួយ​ដល់​ប្រទេស​ជប៉ុន​អភិវឌ្ឍ​និង​រក្សា​នូវ​សមត្ថភាព​ការពារ​ខ្លួន​ដ៏​រឹងមាំ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​យន្ដហោះ​ប្រភេទ F-35 ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Lockheed Martin​ស្ថិតក្នុង​រដ្ឋ​តិច​សាស​សហរដ្ឋអាមេរិក​។ ប៉ុន្ដែ​ក្រុមហ៊ុន​ក៏មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដំឡើង​យន្ដហោះ​នេះ​ចំនួន​ពីរ​ទៀត គឺ​នៅ​ស្ថិតនៅក្នុង​ប្រទេស​ជប៉ុន​និង​ប្រទេស​អ៊ីតាលី​។ ប៉ុន្ដែ​កាលពី​ខែមីនា​មន្ទីរ​បញ្ច​កោណ​អាមេរិក​បានឲ្យដឹងថា រោងចក្រ​ឧស្សាហកម្ម​Mitsubishi Heavy​នៅ​ជប៉ុន បាន​បិទទ្វារ​រោងចក្រ​រយៈពេល​មួយ​សប្ដាហ៍​ដោយសារតែ​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។​

​គួរ​ជម្រាបជូន​ថា យន្ដហោះ​ចម្បាំង​F-35​ត្រូវបាន​ផលិតឡើង​តាំងពី​ឆ្នាំ​២០០៦​រហូតដល់​បច្ចុប្បន្ន​។ គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​២០២០​នេះ​យន្ដហោះ​ផលិត​បាន​ចំនួន​៥៣៥​គ្រឿង ដោយ​ត្រូវ​ចាយប្រាក់​អស់​៤២៨.៤​ពាន់​លាន​ដុល្លារ​។ ទាក់ទង​នឹង​តម្លៃ​យន្ដហោះ​F-35A​មួយគ្រឿង​តម្លៃ​៧៧.៩​លាន​ដុល្លារ F-35B​មួយគ្រឿង​តម្លៃ​១០១.៣​លាន​ដុល្លារ និង F-35C​មួយគ្រឿង​តម្លៃ​៩៤.៤​លាន​ដុល្លារ​។  យន្ដហោះ​នេះ​ក៏មាន​លក្ខណៈពិសេស​ផងដែរ​គឺអាច​បំបាំងកាយ​បាន​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ អាចមាន​សមត្ថភាព​វាយប្រហារ​ខ្លាំងក្លា​ក្នុង​ដែនអាកាស សមជា​យន្ដហោះ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត