លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៣តាមប្រព័ន្ធវីដេអូនៅថ្ងៃទី០៩ ខែកក្កដា។
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានពីររូបគឺរដ្ឋមន្ត្រីការបរទេសវៀតណាម និងរដ្ឋមន្ត្រីការបរទេសជប៉ុន។
បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៧ខែកក្កដានេះបានឲ្យដឹងថា កិច្ចប្រជុំនេះនឹងពិភាក្សាលើវឌ្ឍនភាពដែលសម្រេចបានក្រោម«យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨» និង «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០» ក៏ដូចជា «កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសម្រេចឲ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច» តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ៕
ដោយ៖ សៅ វិសាល