កូរ៉េខាងជើង​៖​​កូរ៉េខាងត្បូង​​មិនបាច់​ប្រឹង​ទេ​​កូរ៉េខាងជើង​​មិន​ចរចា​​នឹង​អាមេរិក​​ដាច់ខាត​

07-07-2020 3:08 pm 442

​ប្រទេស​កូរ៉េខាងជើង​បានប្រកាស​ជាថ្មី​ម្ដង​ទៀតថា ខ្លួន​គ្មាន​បំណង​នឹង​អង្គុយ​ចរចា​ទល់មុខ​ជាមួយ​សហរដ្ឋ​អាមេរិក​ទៀត​ទេ និង​បាន​ទទូច​កុំឲ្យ​កូរ៉េខាងត្បូង​ចូល​ជ្រៀតជ្រែ​កកិច្ចការ​នេះ​ទៀត​។ បើតាម​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​ទទួលបន្ទុក​ការរៀបចំ​កិច្ចចរចា​ជាមួយ​អាមេរិក បាន​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា​បកស្រាយ​ខុស​ចំពោះ​សេចក្ដីថ្លែងការណ៍​អនុ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​។ លោក​អនុរដ្ឋមន្ដ្រី​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ថា កិច្ច​ជំនួប​រវាង​លោក​គីម ជុង​អ៊ុន​និង​លោក​ដូណាល់ ត្រាំ​អាច​ធ្វើឡើង​ជាថ្មី​។​

​អនុ​រដ្ឋមន្ដ្រី​ដដែល​សង្កត់ធ្ងន់ថា សម្រាប់​កូរ៉េខាងជើង​សព្វថ្ងៃ​ពុំ​មានបំណង​ចង់​ជួបចរចា​ជាមួយ​អាមេរិក​ទៀត​ទេ ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃមុន​កូរ៉េខាងជើង​ចេញ​សេចក្ដីថ្លែងការណ៍​ដូច្នេះ លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​បាន​លើកឡើងថា មេដឹកនាំ​ទាំងពីរ​គួរតែ​ជួបគ្នា​ម្ដងទៀត​នៅមុន​ការបោះឆ្នោត​អាមេរិក​មកដល់​។ សម្ដី​លោក​ប្រធានាធិបតីមូន ជែ​អ៊ីន​ដែល​ចង់ឲ្យមាន​កិច្ច​ជំនួប​ជាថ្មី ត្រូវបាន​មន្ដ្រី​កូរ៉េខាងជើង​ឆ្លើយតប​ទៅវិញ​ថា កូរ៉េខាងត្បូង​គួរតែ​ឈប់​ជ្រៀតជ្រែក​កិច្ចការ​កូរ៉េខាងជើង ព្រោះ​ហាក់​គ្មាន​បញ្ជា​ណាមួយ​ឲ្យ​អាច​ចាប់ផ្ដើម​ទម្លាប់​អាក្រក់​នេះ​ឡើងវិញ​ឡើយ​។ កូរ៉េខាងជើង​នៅតែ​ប្រកាន់​គោលជំហរ​ដដែល គឺ​គ្មាន​ចិត្ដ​ចង់​ជួបពិភាក្សា​ជាមួយ​អាមេ​រិក​ដាច់ខាត​។​

​ដោយឡែក​មន្ដ្រីជាន់ខ្ពស់​អាមេរិក​គ្រោង​នឹង​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​ក្នុង​សប្ដាហ៍​នេះហើយ ដើម្បី​ពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង​រឿង​ជួប​ជាមួយ​កូរ៉េខាងជើង​។ ដ្បិត​ត្រូវបាន​កូរ៉េខាងជើង​ច្រានចោល​ប៉ុន្ដែ​សម្រាប់​អាមេរិក​នៅតែ​ចង់ឲ្យ​ចាប់ផ្ដើម​កិច្ចពិភាក្សា​រៀបចំ​កិច្ច​ជំនួប​ថ្នាក់ដឹកនាំ​ម្ដងទៀត​។ ប៉ុន្ដែ​ការចង់ឲ្យ​កិច្ច​ជំនួប​ធ្វើឡើង​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នា​ថ្ងៃទី​០៣​វិច្ឆិកា ហាក់​លំបាក​បន្ដិច​ដោយ​សារ​តែ​ចន្លោះពេល​នេះ​កំពុង​ផ្ទុះ​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។​

​សូម​រម្លឹក​ឡើងវិញ​ថា លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បាន​ជួបគ្នា​បី​លើក​មកហើយ​។ លើកទីមួយ​គឺ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នា​ឆ្នាំ​២០១៨ លើក​ទី​ពីរ​នៅក្នុង​ប្រទេស​វៀតណាម​កា​លពី​ឆ្នាំ​២០១៩ និង​លើក​ទី​បី​នៅក្នុង​តំបន់​ព្រំដែន​កូរ៉េ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៩​។ ជំនួប​ទាំងបី​លើក​មានតែ​ជំនួប​លើកទីមួយ​ប៉ុណ្ណោះ​ដែល​ទទួលបាន​លទ្ធផល​ផ្លែផ្កា​។ ក្រៅពីនេះ​ជំនួប​លើក​ទី​ពីរ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់ ដោយសារ​លោក​ត្រាំ​ចោទថា​កូរ៉េខាងជើង​មិនបាន​អនុវត្ដ​គ្រប់គ្រាន់ ដើម្បី​អាច​ដោះដូរ​នឹង​ការដក​ទណ្ឌកម្ម​ពី​អន្ដរជាតិ​។ ចំពោះ​ជំនួប​លើក​ទី​បី​គ្រាន់​ជាការ​ឆ្លៀត​ជួបគ្នា​ប៉ុណ្ណោះ​ពុំមែន​ជា​ការរៀបចំ​ទុក​ទេ ប៉ុន្ដែ​ក្នុងជំនួប​ចុងក្រោយ​ភាគី​ទាំងពីរ​បាន​ឯកភាព​នឹង​រៀបចំ​កិច្ច​ជំនួប​ម្ដងទៀត​។ យ៉ាងណាមិញ​ក្រោយ​ស្ថានការណ៍​ឡើង​កម្ដៅ​ជាថ្មី អ្វីៗ​បាន​ប្រែប្រួល​ខុសពី​ការរំពឹងទុក​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត