សហមេធាវីលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី បានចេញមកពន្យល់ផ្លូវច្បាប់បន្ទាប់ពីមានការលើកឡើងថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានដើរចេញពីបន្ទាត់ក្រហម។ លោកស្រីបានបញ្ជាក់ថា លោក កឹម សុខាគោរពកាតព្វកិច្ចសេចក្តីសម្រេចរបស់តុលាការ មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីឡើយ។
លោកស្រី ម៉េង សុភារី សហមេធាវីលោក កឹម សុខាបានចេញមកពន្យល់ផ្លូវច្បាប់ ក្រោយពីមានហ្វេសប៊ុកឈ្មោះChham Chhany បានចេញសារអបអរសាទរលោកកឹម សុខា ក្រោយពីលោក កឹម សុខា ចុះទៅមូលដ្ឋានទៅទស្សនាចម្ការផ្លែស្រកានាគនាទឹកដីខេត្តត្បូងឃ្មុំថ្មីៗនេះ។ ហ្វេសប៊ុកឈ្មោះ Chham Chhany បានសរសេរយ៉ាងដូច្នេះថា «អបអរសាទរលោក កឹម សុខា ដែលតស៊ូ រើបំរះបានជោគជ័យ មានសេរីភាពដើរចេញពីបន្ទាត់ក្រហមដែលរបប ហ៊ុន សែន កំណត់»។
លោកស្រី ម៉េង សុភារី បានគូសបញ្ជាក់ថា ដើម្បីជៀសវាងការយល់ខុស ឬយល់ច្រឡំ ឬមានការចោទប្រកាន់ខុសដោយសារមិនយល់ឬមិនដឹង ចំពោះការធ្វើដំណើរចេញពីលំនៅដ្ឋានរបស់លោក កឹម សុខា ក្នុងនាមលោកស្រីជាមេធាវីរបស់លោក កឹម សុខា លោកស្រីបានពន្យល់ថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួន កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ ហើយសម្រេចអោយលោក កឹម សុខា ជាប់កាតព្វកិច្ច៣ចំណុចរួមមាន៖
ក. មិនត្រូវចេញក្រៅព្រំប្រទល់ដែនរាជាណាចក្រកម្ពុជា។ មានន័យថាលោក កឹម សុខា អាចធ្វើដំណើរបាននៅទូទាំងប្រទេសកម្ពុជា លើកលែងតែការធ្វើដំណើរទៅក្រៅប្រទេស។
ខ. មិនត្រូវធ្វើសកម្មភាពនយោបាយ ។ មានន័យថា ទោះជាលោក កឹម សុខា មានសិទ្ធិធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាក៏ដោយ តែលោកកឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។
គ. ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
មេធាវីរូបនេះបានពន្យល់ថា ចំណុចដែលហាមមិនអោយជួបជនបរទេសត្រូវបានលុបចោល ហេតុនេះហើយទើបកន្លងមកបណ្តាទូតបានអញ្ជើញមកជួបលោក កឹម សុខា ដល់គេហដ្ឋាន ចាប់តាំងពីមានសេចក្តីសម្រេចកែប្រែកាតព្វកិច្ចចុះថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩។ លោក កឹម សុខា មិនទាន់មានសាលក្រម ឬសាលក្រមស្ថាពរសម្រេចផ្តន្ទាទោសពីបទក្បត់ជាតិទេ។ លោកស្រី ម៉េង សុភារី បានពន្យល់ទៀតថា តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនណាដែលមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរជននោះនៅតែចាត់ទុកជាជនគ្មានទោស ។ ហេតុនេះ រហូតមកដល់បច្ចុប្បន្នលោកកឹម សុខា មិនមែនជាជនក្បត់ជាតិឡើយ។ សរុបមកការធ្វើដំណើររបស់ លោកកឹម សុខា ដោយគោរពកាតព្វកិច្ចចំណុច ខ នៃសេចក្តីសម្រេចរបស់តុលាការ មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីឡើយ។
សូមបញ្ជាក់ថាលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានចុះទៅមូលដ្ឋានលើកដំបូងក្រោយពីខកខានជាង៣ឆ្នាំហើយ បើគិតចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ គ្រាដែលរូបលោក ត្រូវបានចាប់ឃុំខ្លួននៅក្នុងគេហៈដ្ឋានបញ្ជូនទៅពន្ធនាគារត្រពាំងផ្លុងអស់១ឆ្នាំ មុននឹងផ្ទេរមកឃុំនៅក្នុងផ្ទះវិញនៅឆ្នាំ២០១៨។
បច្ចុប្បន្នសំណុំរឿងដែលចោទលោក កឹម សុខា ថាក្បត់ជាតិត្រូវបានតុលាការបើកសវនាជំនុំជម្រះផងដែរ។ប៉ុន្តែសវនាត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារបញ្ហាជំងឺកូវីដ-១៩ រាតត្បាត៕
ដោយ៖សេង បារាំង