កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ត្រូវ​លើក​ទៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​វិញ​

05-07-2020 5:17 pm 228

​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ស្ដី​លទ្ធផល​នៃ​កិច្ចប្រជុំ​ឧត្ដម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​(ASEM SOM) តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃ​ទី​២ ដល់​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ លោក​បណ្ឌិត​សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​ជា​ឧត្ដមមន្ត្រី​កម្ពុជា​ទទួល​បន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប បានបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៦​ដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ នៅ​រាជធានី​ភ្នំពេញ ក្រោម​មូលបទ “​ការពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​” ត្រូវបាន​លើក​ទៅ​ធ្វើ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​វិញ ដោយសារ​តែ​ផលវិបាក​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​ជា​ការឆ្លើយតប​ឧត្ដម​មន្ត្រី​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ទាំងអស់​ក៏​បាន​បង្ហាញ​ការឯកភាព​ប្រកបដោយ​ស្មារតី​យោគយល់ និង​គាំទ្រ​ជា​ឯកច្ឆន្ទ​ចំពោះ​សំណើ​របស់​កម្ពុជា ដែល​សុំ​លើក​ពេល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ​។​

​ជា​ការកត់សម្គាល់ កិច្ចប្រជុំ​ថ្ងៃទី​២ ដល់​ទី​៣ កក្កដា កន្លងទៅ ក៏បាន​លើកឡើង​ពី​សេចក្ដីត្រូវការ​នៃ​ការលើកកម្ពស់​ពហុភាគី​និយម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការឆ្លើយតប​រួម​ទៅលើ​បញ្ហា​នៃ​ការ​រី​ល​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​មិនមែន​គ្រាន់​តែ​បង្ក​ឲ្យមាន​បញ្ហា​ប្រឈមដ៏​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅ​ទូទាំង​ពិភពលោក​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឲ្យ​សេដ្ខកិច្ចពិភពលោ​កធ្លា​ក់​ចុះ​យ៉ាង​ខ្លាំង​ផងដែរ​។ 

​ជាក់ស្ដែង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឧត្ដម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​ទាំងអស់​បាន​ពិភាក្សា​លើ​សេចក្ដីព្រាង​សេចក្ដីថ្លែងការណ៍​រដ្ឋមន្ត្រី​អាស៊ី​-​អឺរ៉ុប ស្ដី​ពី​ជំងឺ​កូវី​ដ​-១៩ ដែល​ត្រូវបាន​រំពឹងថា​នឹង​អាច​ដាក់​ចេញ​នៅ​ពាក់កណ្ដាល​ខែ​កក្កដា​ខាងមុខនេះ​៕​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត