កូនកំលោះនៅក្នុងគ្រួសារមួយនៅប្រទេសឥណ្ឌា បានស្លាប់បាត់បង់ជីវិតក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីរៀបការ ក្រោយលោកបានឆ្លងវីរុសកូរ៉ូណាឬកូវីដ-១៩។ ដោយឡែកមនុស្សជិត១០០នាក់ផ្សេងទៀតត្រូវបានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ផងដែរ។ ភ្ញៀវដែលបានចូលរួមសរុប៤០០នាក់ត្រូវបានធ្វើតេស្ដរកវីរុសកូរ៉ូណាឬកូវីដ-១៩ ក្រោយចូលរួមពិធីអាពាហ៍ពិពាហ៍ធ្វើឡើងកាលពីពីរសប្ដាហ៍មុននៅក្នុងភូមិមួយនៃរដ្ឋBihar។
ចំពោះអ្នកដែលបានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលថែទាំ នេះបើតាមប្រធានសុខាភិបាលប្រចាំតំបន់បញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានCNN។
កូនកំលោះដែលស្លាប់ក្រោយរៀបការបានពីរថ្ងៃនោះ មានអាការៈមិនស្រួលតាំងពីមុនពេលថ្ងៃរៀបការកាលពីថ្ងៃទី១៥មិថុនាមកម្ល៉េះ ហើយស្ថានភាពរបស់គេកាន់តែអាក្រក់ទៅៗ។ ក្រុមគ្រួសារក៏បានបញ្ជូនលោកទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យដែរ ប៉ុន្ដែគ្រូពេទ្យមិនបានជូនដំណឹងណាមួយទៅកាន់អាជ្ញាធរក្នុងស្រុកលោករស់នៅឡើយ ហើយលោកក៏មិនបានធ្វើតេស្ដរកវីរុសកូវីដ-១៩ដែរគ្រាន់ពិនិត្យសុខភាពធម្មតា។ ក្រុមគ្រួសាររបស់លោកទៅទៀតក៏មិនបានប្រាប់នរណាពីស្ថានភាពសុខភាពរបស់លោក។
លក្ខខណ្ឌសុខភាពបុរសវ័យ៣០ឆ្នាំកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីរៀបការរួច ហើយក្រុមគ្រួសារក៏បាននាំលោកទៅមន្ទីរពេទ្យនៅក្បែរផ្ទះម្ដងទៀត ប៉ុន្ដែលោកបានដួលនៅតាមផ្លូវហើយត្រូវបានប្រកាសថាស្លាប់ពេលមកដល់មន្ទីរពេទ្យ។
ក្រោយទទួលបានព័ត៌មានច្បាស់លាស់ជុំវិញការស្លាប់របស់កូនកំលោះ អាជ្ញាធរក៏ចាប់ផ្ដើមប្រកាសស្វែងរកអ្នកដែលបានចូលរួមក្នុងពិធីមង្គលការមកធ្វើតេស្ដរកវីរុសកូវីដ-១៩។ ជាលទ្ធផលមានមនុស្សជិត១០០នាក់បានឆ្លង និងអ្នកខ្លះបានឆ្លងនៅពេលទាក់ទងជាមួយភ្ញៀវដែលចូលរួមមង្គលការ។
គួរជម្រាបជូនថា ប្រទេសឥណ្ឌានៅពេលនេះមានមនុស្សស្លាប់ជាង១៨,០០០នាក់ហើយដោយសារកូវីដ-១៩ និងឆ្លងជិត៦៣ម៉ឺននាក់៕
ដោយ៖ពេញ ផេង