ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​១​ខែ​ទៀត​និង​ចេញ​វិធានការ​បន្ធូរបន្ថយ​មួយចំនួន​

02-07-2020 10:52 am 274

​តាមរយៈ​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០២០ បានបញ្ជាក់​ថា​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​បន្ថែមទៀត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ក្នុង​ប្រទេស​ថៃ​។​

រដ្ឋាភិបាល​ថៃ​ក៏​បាន​ប្រកាស​បន្ធូរបន្ថយ​លើ​អាជីវកម្ម​មួយចំនួនឲ្យ​បើក​ដំណើរការ​ឡើងវិញប​ន្ថែ​មទៀត ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​០១ កក្កដា ឆ្នាំ​២០២០​តទៅ ដែល​តម្រូវ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​យ៉ាង​តឹងរ៉ឹង​មានដូចជា ក្លឹប​កម្សាន្ត បារ​និង​ខារ៉ាអូខេ​ពេល​រាត្រី​ត្រូវ​បើក​ដំណើរការ​ត្រឹម​ម៉ោង​១២​យប់​។ បើក​ដំណើរការ​ឡើងវិញ​ទាំងអស់​នូវ​ស្ថាប័ន​សិក្សា​នៅ​ក្នុង​ប្រទេស​ថៃ​។ ផ្សារ​ទំនើប ហាង​លក់ទំនិញ និង​ហាង​ក្នុង​សហគមន៍​អាច​បើក​ដល់​ម៉ោង​១០​យប់​។ អនុញ្ញាត​ឲ្យ​បើក​កន្លែង​លេង​ហ្គេម និង​ហាង​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណេត​កាហ្វេ និង​ហាង​ម៉ាស្សា​ក៏​អាច​បើក​បាន​ឡើង​វិញ​ផង​ដែរ ប៉ុន្តែ​សម្រាប់​សង្វៀន​ប្រជល់​គោ ជល់​មាន់ ជល់​ត្រី និង​ទីកន្លែង​ប្រកួត​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ​មិន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​ឡើយ​។​

ជាមួយ​គ្នា​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ថៃ​ក៏​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​មួយចំនួន​អាច​ចូល​ក្នុង​ប្រទេស​ថៃ​បាន​ចាប់ពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០២០​តទៅ ដោយ​អ្នកដំណើរ​ដែល​អាច​ចូល​ប្រទេស​ថៃ​បាន​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​ជា អ្នក​មាន​សញ្ជាតិ​ថៃ អ្នក​ដែល​ទទួលបាន​ការលើក​លែង ឬ​ជា​ករណី​ដែល​នាយករដ្ឋមន្ត្រី​អនុញ្ញាត ឬ​អញ្ជើញ​ចូល​ទៅកាន់​ប្រទេស​ថៃ អ្នក​ចុះ​បេសកកម្ម​នៅក្នុង​ប្រទេស​ថៃ ឬ​មន្ត្រី​ស្ថាប័ន​ដែល​ក្រសួង​ការបរទេស​ថៃ​អនុញ្ញាត​តាម​ភាពចាំបាច់​ព្រមទាំង​ស្វាមី​/​ភរិយា ឪពុកម្ដាយ ឬ​កូន​របស់​មន្ត្រី​ទាំងនោះ អ្នក​ដឹកជញ្ជូន​ទំនិញ​ចាំបាច់ តែ​ពេល​បញ្ចប់​ភារកិច្ច​ត្រូវ​ចាកចេញ​ពី​ប្រទេស​ថៃ​វិញ​ភ្លាម អ្នកបញ្ជា​យានយន្ត​ដែល​មាន​ភាព​ចាំបាច់​ត្រូវ​ចូល​តាម​ភារកិច្ច ដោយ​មាន​ការ​កំណត់​ពេល​វេលា​ចាកចេញ​ច្បាស់លាស់ ជនបរទេស​ដែល​មាន​ប័ណ្ណ​ស្នាក់នៅ ឬ​មាន​ផ្ទះ​នៅក្នុង​ប្រទេស​ថៃ ជនបរទេស​ដែល​ជា​ភរិយា​/​ស្វាមី​ជា​ជនជាតិ​ថៃ ព្រម​ទាំង​ឪពុក​ម្ដាយ​ឬ​កូន​របស់​គាត់ ជនបរទេស​ដែល​មាន​ប័ណ្ណ​អនុញ្ញាត​ការងារ ឬ​បាន​ទទួល​ការអនុញ្ញាតឲ្យ​ចូលទៅ​បំពេញការងារ​នៅក្នុង​ប្រទេស​ថៃ ព្រមទាំង​ស្វាមី​/​ភរិយា​និង​កូន ជនបរទេស​ដែល​មាន​ភាព​ចាំបាច់​ត្រូវ​ចូល​ព្យាបាល​ជំងឺ ឬ​អ្នក​អមដំណើរ ប៉ុន្តែ​មិនមែន​ករណី​ចូល​ទៅ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩​នោះទេ និង​ជនបរទេស​ដែល​ទទួល​ការអនុញ្ញាតឲ្យ​ចូល​ទៅកាន់​ប្រទេស​ថៃ តាម​ការព្រមព្រៀង​ពិសេស​ជាមួយ​ប្រទេស​ថៃ​៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  ថៃជំងឺកូវីដ១៩

ព័ត៌មានផ្សេងទៀត