កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានធ្វើការដកហូតសត្វបក្សីជិត ៤០០ក្បាលដែលបានកំពុងដាក់លក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមសត្វបក្សីដែលដកហូតបាន រួមមានបក្សីងាប់ចំនួន ៣៦៥ក្បាល សត្វព្រាបងាប់ចំនួន០៩ក្បាល ចំណែកឯសត្វព្រាបចំនួន២២ក្បាលដែលនៅរស់ត្រូវបានដោះលែងឲ្យចូលទៅក្នុងព្រៃវិញ។
ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) បញ្ជាក់ថាក្នុងការចាប់អ្នកលក់សត្វខុសច្បាប់គឺមានភាពពិបាកណាស់ ដោយសារតែអ្នកលក់ទាំងនោះតែងតែយកសត្វព្រៃទៅលាក់ទុកនៅក្នុងព្រៃក្បែរនោះ ហើយអ្នកលក់សត្វព្រៃទាំងនោះបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថាសមត្ថកិច្ចសត្វព្រៃបានចុះមកធ្វើការបង្ក្រាប។
ជាមួយគ្នាអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ជាក់ស្ដែងការយកសត្វព្រៃទៅធ្វើជាសត្វចិញ្ចឹម ឬការប្រើប្រាស់សាច់សត្វព្រៃមានន័យថាជាការបំផ្លាញសម្បត្តិធម្មជាតិ ដូច្នេះត្រូវតែរួមគ្នាការពារសត្វព្រៃសម្រាប់មនុស្សជំនាន់ក្រោយឲ្យបានស្គាល់៕
ដោយ៖ យឺន សីហា