អាមេរិក​​កំពុង​ឯកា​​និង​បាត់បង់​​ប្រជាប្រិយភាព​​លើ​ឆាក​អន្ដរជាតិ​?

30-06-2020 4:34 pm 1478

​សហរដ្ឋអាមេរិក​ដែល​គេ​ធ្លាប់តែ​ស្គាល់​ថា​ជា​ប្រទេស​មហាអំណាច ពេលនេះ​កំពុង​ស្ថិតក្នុង​ភាពស្រពិចស្រពិល​និង​ប្រឈម​បញ្ហា​មួយចំនួន​។ ក្នុងនោះ​ដូចជា​ករណី​ប្រយុទ្ធប្រឆាំង​មេរោគ​ឆ្លងកូវី​ដ​-១៩ ដោយសារ​មាន​មនុស្ស​ឆ្លង​និង​ស្លាប់​កើនឡើង​ជា​បន្ដបន្ទាប់ កំពុង​ត្រូវបាន​ប្រទេស​សម្ព័ន្ធមិត្ដ​បាត់​បង់ជំ​នឿ លែង​អាច​ទុកចិត្ដបាន និង​កំពុង​ឡើង​កម្ដៅ​កាន់តែខ្លាំង​ជាមួយ​បណ្ដា​ប្រទេស​ជា​សត្រូវ​ចាស់​។ ការធ្លាក់ចុះ​ការគោរព​ទៅលើ​អាមេរិក​នៅក្នុង​ឆាក​អន្ដរជាតិ កំពុង​ប្រែ​ក្លាយទៅជា​ការព្រួយបារម្ភ​មួយ​សម្រាប់​អន្ដរជាតិ ហើយក៏​កំពុងមាន​ការឃ្លាំមើល​លើ​ប្រទេស​មហាអំណាច​មួយ​នេះ​ផងដែរ​។​ ​តើ​អាមេរិក​កំពុងតែ​ក្លាយខ្លួនជា​ប្រទេស​ឯកា និង​បាត់បង់​ប្រជាប្រិយភាព​កាន់តែខ្លាំង​មែនឬ​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូតតទៅ​៖

​សំឡេង​៖

​ក្នុង​រយៈពេល​បី​ឆ្នាំកន្លះ​នៃ​ការ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក​ដូណាល់ ត្រាំ កិត្ដិនាម​អាមេរិក​នៅលើ​ឆាក​អន្ដរជាតិ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ខុស​ពីមុន ហើយ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ពិបាក​នឹង​ស្មាន​ទុក​ថា​មាន​អ្វី​កើតឡើង ប្រសិនបើ​លោក​ដូណាល់ ត្រាំ​បន្ដ​ជាប់ឆ្នោត​ក្នុង​អាណត្ដិ​ទីពីរ​។ ភាពមិប្រាកដ​ប្រជានិង​លែង​ទុកចិត្ដបាន​សម្រាប់អា​មេរិក​ក្នុងចំណោម​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ដ កើតឡើង​ដោយសារតែ​គោលនយោបាយ​ផ្ទុយស្រឡះ​ពី​មេដឹកនាំ​អាមេរិក​មុនៗ​។ លោក​ដូណាល់ ត្រាំ​បាន​ប្រើ​គោលនយោបាយ​គិត​អាមេរិក​ជាធំ ហើយ​ទុក​កិច្ចការ​ជាមួយ​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ដឬ​កិច្ចការ​ទំនាក់ទំនង​ការទូត​ផ្សេងទៀត​ដើ​រតាម​ក្រោយ​។​

​ក្រោយ​ការស្បថ​ចូល​កាន់តំណែង​នា​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ លោក​ដូណាល់ ត្រាំ​ចាប់ផ្ដើម​អនុវត្ដ​គោលនយោបាយ​ធ្លាប់បាន​ប្រកាស​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​។ លោក​បានប្រកាស​ត្រូវតែ​រឹតបន្ដឹង​និង​ការពារ​តំបន់​ព្រំដែន ការពារ​មិនឲ្យ​មានកា​រលួច​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​អាមេរិក​ឬ​កេងចំណេញ​លើ​ផលិតផល​អាមេរិក និង​មិន​ឲ្យមាន​ការបំផ្លិច​បំផ្លាញ​ការងារ​របស់​អាមេរិក​ឡើយ​។ 

​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​លោក​ដូណាល់ ត្រាំ​បានចេញ​បញ្ជា​ឲ្យ​ត្រួតពិនិត្យយ៉ាង​តឹងរ៉ឹ​ង​បំផុត ពិសេស​គឺ​បញ្ជា​ឲ្យ​សាងសង​ជញ្ជាំង​ព្រំដែន​អាមេរិក​-​ម៉ិក​ស៊ិក​មិនថា​មានមតិ​ជំទាស់​ក៏ដោយ​។ មូលហេតុ​ចម្បង​នៃ​ការសង់​ជញ្ជាំង​ព្រំដែន​នេះ គឺ​ការពារ​កុំឲ្យ​មានកា​រលួច​ឆ្លងដែន​ខុសច្បាប់ ការពារ​ការជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន​។ 

​ដោយឡែក​ការការពារ​មិនឲ្យ​កេងប្រវ័ញ្ច​ផលប្រយោជន៍​ក្រុមហ៊ុន​អាមេរិក លោក​ដូណាល់ ត្រាំ​បានចេញ​បញ្ជា​ឲ្យ​ពិនិត្យមើល​ឡើងវិញ​នូវ​រាល់​កិច្ចសហការ​រវាង​ក្រុមហ៊ុន​អាមេរិក​ជាមួយ​ក្រុមហ៊ុន​បរទេស ពិសេស​គឺ​ក្រុមហ៊ុន​ចិន ព្រោះ​លោក​មើលឃើញថា​ក្រុមហ៊ុន​ចិន​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើភាព​ជាមួយ​អាមេរិក លួច​កេងចំណេញ​និង​លួច​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន​អាមេរិក​ជាដើម​។ ចំណុច​នេះ​ក៏​ទាក់ទង​នឹង​គោលនយោបាយ​ស្ដារ​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ​របស់​លោក​ត្រាំ​ផងដែរ ព្រោះ​លោក​សន្យា​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​ខ្លាំង ធ្វើឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត​។​

រីឯ​ការការពារ​មិន​ឲ្យមាន​ការបំផ្លិញបំផ្លាញ​ការងារ​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​ព្យាយាម​ណែនាំ​និង​បញ្ចុះបញ្ចូល​ឲ្យ​បណ្ដា​ក្រុមហ៊ុន​អាមេរិក ងាក​មក​ដាក់​មូលដ្ឋាន​បន្ថែម​នៅ​ក្នុងស្រុក​វិញ ជាជាង​ដាក់​មូលដ្ឋាន​នៅ​បរទេស​។ ធ្វើ​ដូច្នេះ​ដើម្បី​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​សម្រាប់​ពលរដ្ឋ​អាមេរិក​។ លោក​ត្រាំ​ក៏បាន​បង្កើត​ការងារ​បន្ថែម​រាប់លាន​ការងារ​កន្លងមកនេះ គឺ​មិន​ខុសពី​ប្រធានាធិបតី​អាមេរិក​មុនៗ​ទេ​ដែល​សុទ្ធ​ព្យាយាម​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​អាមេរិក​។ ប៉ុន្ដែ​អ្វីដែល​លោក​ធ្វើ​ក្នុងន័យ​គិត​អាមេរិក​ដំបូង​គេ ក៏បាន​បង្ក​ផលប៉ះពាល់​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ដ​និង​បណ្ដា​ដៃគូ​រកស៊ី​ជាមួយ​អាមេរិក​។​

​និយាយ​ដាច់ដោយឡែក​នៅ​ក្នុងអំឡុង​ពេល​ដឹកនាំ​របស់លោក​ដូណាល់ ត្រាំ លោក​បាន​ដឹក​ដៃ​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​សំខាន់ៗ ដូចជា​កិច្ចព្រមព្រៀង​ស្ដីពី​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​អន្ដរ​-​ប៉ាស៊ីហ្វិក​(TPP)​។ ក្រោយមក​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ក្រៅពីនេះ​លោក​ត្រាំ​បាន​គំរាម​នឹង​ដក​អាមេរិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង ពី​អង្គការ​UNESCO ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ គំរាម​នឹង​បញ្ចប់​ជំនួយ​ដល់​ទីភ្នាក់ងារ​ផ្ដល់ជំនួយ​អង្គការសហប្រជាជាតិ គំរាម​នឹង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​ក្នុង​លំហ​អាកាស​។ ការដកខ្លួន​និង​ប្រកាស​គ្រោង​ដកខ្លួន​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ពី​កិច្ចព្រមព្រៀង​និង​ស្ថាប័ន​ធំៗ​ទាំងនេះ ដោយ​លោក​មើលឃើញថា​មិន​ចំណេញ​ដល់​អាមេរិក​។​

​អ្វីដែល​បាន​រៀបរាប់​នេះ​ស​បញ្ជាក់ថា រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បាន​ព្យាយាម​ផ្ដាច់ខ្លួន​បន្ដិច​ម្ដងៗ មិន​ចង់​ពាក់ព័ន្ធ​ច្រើន​ដូច​មុន​ទៀត​ទេ​ក្រោម​ហេតុផល​អាមេរិក​ខាតបង់​ច្រើន​។ បណ្ដា​ប្រទេស​ជាមិ​ត្ដរបស់​អាមេរិកពិ​សេសនៅ​តំប​ន់​អឺរ៉ុប ក៏ត្រូវ​លោក​ដូណាល់ ត្រាំ​គិតគូរ​យ៉ាង​ម៉ត់ចត់​បំផុត​ជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​។ សូម​រម្លឹក​នៅពេល​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ប្រទេស​ម៉ា​ល់តា​កាលពី​ឆ្នាំ​២០១៧ ទស្សនៈ​អាមេរិក​ដំបូង​គេ​របស់លោក​ដូណាល់ ត្រាំ​បាន​ដិត​ជាប់​ក្នុងចិត្ដ​របស់​មេដឹក​នាំ​អឺរ៉ុប​។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ដូណាល់ ថាស​ក៍បាន​បង្ហោះ​សារ​មួយ​ទៅកាន់​មេដឹកនាំ​អឺរ៉ុប​ថា ការផ្លាស់ប្ដូរ​របស់​ក្រុង​វ៉ាស៊ីនតោន​កំពុង​ធ្វើឲ្យ​សហភាព​អឺរ៉ុប​ជួប​ស្ថានភាព​លំបាក​។ បណ្ដា​មេដឹកនាំ​អឺរ៉ុប​ដទៃទៀត​ចាប់ផ្ដើម​គិតពី​ជោគវាសនា​និង​តួនាទី​របស់ខ្លួន​នៅលើ​ឆាក​អន្ដរជាតិ មិនអាច​ពឹងផ្អែក​លើ​អាមេរិក​បានឡើយ​ត្រូវតែ​ពង្រឹង​ទំនាក់ទំនង​ដោយ​ខ្លួនឯង​។​

​រយៈពេល​បី​ឆ្នាំកន្លះ​នៃ​ការផ្លាស់ប្ដូរ​របស់លោក​ដូណាល់ ត្រាំ អង្គការ​ណា​តូ​ក៏មាន​ការភ័យខ្លាច​ផងដែរ​ចំពោះ​អាណត្ដិ​ប្រធានាធិបតី​ទីពីរ​របស់​លោកត្រាំ​។ ការលើកឡើង​ពី​ក្ដីបារម្ភ​បន្ទាប់ពី​លោក​ត្រាំ​ប្រកាស​ដកទ័ព​៩,៥០០​នាក់​ចេញពី​មូលដ្ឋាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ កាលពី​សប្ដាហ៍​មុន​មន្ដ្រីជាន់ខ្ពស់​នៃ​អង្គការ​ណា​តូ​បាន​បញ្ជាក់ថា ប្រសិនបើ​លោក​ត្រាំ​ត្រូវ​បានជ្រើសរើស​ជា​ប្រធានាធិបតី​ម្ដងទៀត វា​ពិតជា​ព័ត៌មាន​ដែល​អាក្រក់​បំផុត​។ ការសម្រេចចិត្ដ​ជាឯក​តោ​ភាគី​ត្រូវបាន​មើលឃើញ​ជារឿយៗ​នៅក្នុង​អាណត្ដិទី​មួយ​របស់លោ​ក​ត្រាំ ហើយ​គោលការណ៍​គិត​អាមេរិក​ដំបូង​គេ ពហុបក្ស​និយម បាន​រុញច្រាន​ទីក្រុង​វ៉ាស៊ីនតោន​ពី​មជ្ឈមណ្ឌល​សកល​នៃ​អ្នកបង្កើត​គោលនយោបាយ ទៅជា​ប្រទេស​ដែល​លែង​ទុកចិត្ដបាន​ដោយសា​រគ្រោះថ្នាក់​នៃ​ការ​បែកខ្ញែក​ប្រជាធិបតេយ្យ​។​

​បណ្ដា​ប្រទេស​នានា​ក្នុង​ពិភពលោក​ចាត់ទុក​ឥទ្ធិពល​របស់លោក​ត្រាំ​បានក្លាយ​ជាកា​រខកចិត្ដ​មិនចេះចប់​។ ការដាក់​សម្ពាធ​និង​គំរាមកំហែង​ដល់​វិបត្ដិ​សាកលលោក ដូចជា​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ វិបត្ដិកូ​វីដ​-១៩ ការធ្លាក់ចុះ​សេដ្ឋកិច្ច ការគំរាមកំហែង​ជាមួយ​ប្រទេស​ចិន កំពុង​ក្លាយជា​ការ​រុញច្រាន​ទៅរក​ចំណុច​ដួលរលំ​។ បើ​និយាយថា​តើ​អាមេរិក​មានតម្លៃ​ប៉ុណ្ណា​នៅពេលនេះ វា​កំពុង​ស្ថិតក្នុង​ភាពស្រពិចស្រពិល ដែល​មិនយូរ​ទេ​នឹង​លែង​លាក់បាំង​បាន​ហើយ​។ នៅពេល​និយាយ​ពី​កិច្ចសហប្រតិបត្ដិការ​អន្ដរជាតិ អឺរ៉ុប​សព្វថ្ងៃ​ទំនងជា​គាំទ្រ​ចិន​ដូចដែល​ខ្លួន​គាំទ្រ​សេត​វិមាន​។ នោះ​ក៏ដោយ​សារភាព​មិនអាច​ស្មាន​ទុក​មុន​របស់លោក​ដូណាល់ ត្រាំ មិន​ថា​ស្ថានភាព​ជាមួយ​អឺរ៉ុប វិបត្ដិ​នៅ​ស៊ី​រី វិបត្ដិ​កូរ៉េខាងជើង បញ្ហា​ពាណិជ្ជកម្ម​ឬក៏​រឿងរ៉ាវ​ពាក់ព័ន្ធ​អង្គកា​រណា​តូ​ក៏ដោយ សុទ្ធតែ​មិនអាច​មើលឃើញថា​លោក​ត្រាំ​ចង់​គិត​យ៉ាងម៉េច​ឲ្យ​ពិតប្រាកដ​។​

​សរុបមក ការសម្រេចចិត្ដ​របស់​លោក​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយចំនួន​ដូច​បាន​រៀបរាប់​ខាងលើ ការចាប់ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ភាពមិនប្រាកដប្រជា​ជាមួយ​សហភាព​អឺរ៉ុប ទំនាក់ទំនង​មិន​រីកចម្រើន​ជាមួយ​លោក​គីម ជុង​អ៊ុន រឹតតែ​បង្ហាញឲ្យឃើញថា​អាមេរិក​ទំនង​នឹង​កាន់តែ​ឯកា​នៅក្នុង​ពិភពលោក គឺជា​ភាព​ឯកា​ដែល​មិន​ធ្លាប់​ជួប​។ ការសម្រេច​ផ្ដាច់ទំនាក់ទំនង​ជាច្រើន​ដែល​រដ្ឋបាល​របស់លោក​ត្រាំ​គិតថា​ជា​រឿង​ត្រឹមត្រូវ ប៉ុន្ដែ​អាមេរិក​នឹងត្រូវ​បាត់បង់​តម្លៃ បាត់បង់​ប្រជាប្រិយភាព​ក្នុង​ពិភពលោក​ទៅវិញ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត