លោកនាយករដ្ឋមន្ត្រី​ប្តេជ្ញាបន្តចូលរួមសកម្មភាពមនុស្សធម៌និង រក្សាសន្តិភាពក្នុងពិភពលោក

30-06-2020 11:10 am 786

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ រក្សាសន្តិភាពក្នុងពិភពលោក ទោះបីមានបញ្ហារីករាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ។លោកនាយករដ្ឋមន្ត្រីបង្ហាញការបេជ្ញាបែបនេះ ក្នុងសារឆ្លើយតបទៅលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវនៅប្រទេសម៉ាលី។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងអំណរគុណហើយបានបង្ហាញការប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសាជាថ្មីនូវការប្តេជ្ញារចិត្តបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងរក្សាសន្តិភាពនៅក្នុងពិភពលោក។លោកនាយករដ្ឋមន្ត្រីបន្តថា សេចក្ដីក្លាហាន និងពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហានរូបនេះ នឹងត្រូវបានចងចាំជាមួយការគោរពបំផុត និងការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។ទន្ទឹមនឹងការត្រៀមខ្លួន រួចជាស្រេចធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការបន្ថែម ក្នុងការឆ្លើយតបនឹងការរីករាតត្បាត នៃជំងឺកូវីដ១៩ ។

ការឆ្លើយតបតបនេះបន្ទាប់ពី លោក Antonio Guterres បានផ្ញើសារលិខិតជូនលោកនារដ្ឋមន្ត្រី ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវមួយរូប នៅប្រទេសម៉ាលី កាលពីចុងខែឧសភា កន្លងទៅនេះ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា១រូប បានបាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី។ ទាហានដែលបានទទួលមរណភាពនេះ គឺលោក ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅខេត្តកណ្តាល។រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕ 

ព័ត៌មានផ្សេងទៀត