រដ្ឋមន្ត្រី​សុខាភិបាល​ពន្យល់​ពី​ភាពចាំបាច់​នៃ​ការធ្វើ​ចត្តា​ឡីស័​ក​ការពារ​ជំងឺឆ្លងដ៏​កាច​សាហាវ​

30-06-2020 11:08 am 84

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​៣០​ខែ​មិថុនា​នេះ បាន​ពន្យល់​ពី​ភាពចាំបាច់ និង​ប្រវត្តិ​នៃ​វិធានការ​ធ្វើ​ចត្តា​ឡី​ស័ក​ដើម្បី​ការពារ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នានា​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ការធ្វើ​ចត្តា​ឡី​ស័ក​គឺជា​ការដាក់កំរិត​លើ​ការច​ល័ត​ដល់​ប្រជាជន និង​ទំនិញ​ផ្សេងៗ​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​។ គេ​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ដើម្បី​បង្កា​រការ​ចល័ត​បុគ្គល​ទាំងឡាយណា​ដែល​បាន​ប៉ះពាល់​ជាមួយ​ជំងឺឆ្លង​ទាំង​មាន​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ណាមួយ និង​អ្នក​ដែល​មិន​ទាន់​មាន​រោគវិនិច្ឆ័យ​វេជ្ជសាស្ត្រ​បញ្ជាក់ថា​មាន​ជំងឺ​។ 

​លោក​ម៉ម ប៊ុនហេង​មានប្រសាសន៍​បន្ត​ថា ការធ្វើ​ចត្តា​ឡីស័​ក​នេះ​មាន​តាំងពី​យូរណាស់​មកហើយ​គឺ​ចាប់តាំងពី​សតវត្ស​ទី​១៤-១៥ ដែល​កាល​នោះ​គេ​ប្រើ​រយៈពេល​នៃ​ការធ្វើ​ចត្តា​ឡីស័​កនេះ​រយៈពេល​ពី​៣៧ ទៅ​៤០​ថ្ងៃ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ជំងឺ​ដែល​ក្រុម​អ្នក​វិជ្ជសាស្ត្រ​កំណត់​រក​ឃើញ​ពី​ការ​ចេញ​រោគសញ្ញា​នៃ​ជំងឺ​។ ដោយឡែក​បច្ចុប្បន្ន​ការធ្វើ​ចត្តា​ឡី​ស័ក​ទៅលើ​ជំងឺ​កូវី​ដ​១៩​គឺ​ត្រូវ​បាន​កំណត់​ទូ​ទាំង​សកលលោក​ចំនួន​១៤​ថ្ងៃ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់បន្ថែម​ថា កន្លងមក​ក្នុង​ប្រវត្តិសាស្ត្រ​មាន​ជំងឺ​ជា​ច្រើន​ដែល​ត្រូវបាន​គេ​អនុវត្ត​វិធាន​ចត្តា​ឡី​ស័ក ដើម្បី​ការពារ​ការចម្លង​រួម​មាន​ជំងឺ​ប៉ែ​ស្តក ជំងឺ​ឃ្លង់ ជំងឺ​គ្រុន​លឿង ជំងឺ​ស្វាយ ជំងឺ​អាសន្នរោគ ជំងឺ​អុតស្វាយ ជំងឺ​ផ្តាសាយធំ ជំងឺអេបូ​ឡា ជំងឺរបេង​ដែល​ស៊ាំ​ថ្នាំ​ច្រើន​មុខ ជំងឺ​សា និង​ថ្មីៗ​នេះ​គឺ​ជំងឺ​កូវី​ដ​១៩(COVID-19)៕
​ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត