ការធ្លាក់​ចុះ​ភ្ញៀវទេសចរ​ប៉ះពាល់​ដល់​អាជីវកម្ម​ទេសចរណ៍​ជិត​៣​ពាន់​ទីតាំង​

29-06-2020 5:22 pm 97
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ តាមរយៈ​ពិធី​ប្រកាស​ដាក់ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦ នៅ​ទូទាំង​ប្រទេស បានបញ្ជាក់​ថា ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នេះ​បាន​បង្ករ​ផលប៉ះពាល់​ជាច្រើន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ជាក់ស្តែង គិត​ត្រឹម​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២០ មាន​អាជីវកម្ម​ទេសចរណ៍​បិទ និង​បិទ​បណ្ដោះអាសន្ន​សរុប​២,៩៥៦​ទីតាំង និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់ សរុប ៤៥,៤០៥​នាក់​។​

​យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បានឲ្យ​ដឹង​បន្ថែមថា បើទោះបីជា​វិស័យ​ទេសចរណ៍​កម្ពុជា បាននិងកំពុង​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ តែ​សង្កេតឃើញ​នូវ​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន គិត​ចាប់ពី​ដើម​ខែ​ឧសភា​មក ដោយ​ក្នុង​រយៈពេល​០៣​សប្តាហ៍ នៃ​ខែ​មិថុនា​នេះ មាន​ភ្ញៀវទេសចរ​ជាង ៤៥​ម៉ឺន​នាក់ ចេញ​ដើរ​ទស្សនា​នៅ​ទូទាំង​ប្រទេស ក្នុង​កំណើន​ប្រមាណ ៧.២៤% ធៀប​នឹង​រយៈពេល​០៣​សប្តាហ៍​នៃ​ខែ​ឧសភា កន្លងមក​។ 

​កត្តា​នេះ​បញ្ជាក់​ថា​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​នៅ​តែ​បន្ត​កើនឡើង​ជា​បន្តបន្ទាប់ គិត​ចាប់ពី​ចុងខែ​មេសា​មកម្ល៉េះ​។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៧៧៥,៧៥០​នាក់ ថយចុះ -៤៦.២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់បន្ថែម​ថា សម្រាប់​គោលដៅ​រាជធានី​ភ្នំពេញ​មិន​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​គោលដៅ​ទេសចរណ៍​ធំៗ​ផ្សេង​ទៀត​នោះ​ឡើយ​។​

​ដោយឡែក ចំនួន​អាជីវកម្ម​បាន​បិទ និង​ផ្អាក​បណ្តោះអាសន្ន​ដោយសារ​បញ្ហា​វិបត្តិកូ​វីដ​-១៩ មានតែ ១២៤​ទីតាំង ស្មើ​នឹង​ប្រមាណ ១០.៤៣% នៃ​ចំនួន​សរុប​ទូទាំងប្រទេស និង​ប៉ះពាល់​ការងារ​ផ្ទាល់​ក្នុង​វិស័យ​សរុប​ចំនួន​១,៩៦០​នាក់ ស្មើនឹង ៩.៣៣% នៃ​ចំនួន​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ទូទាំង​ប្រទេស (​តួលេខ​នេះ​មិន​គិត​បញ្ចូល​សេវាកម្ម​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ និង​សេវាកម្ម​ស្ប៉ា​និង​ម៉ាស្សា​ដែល​ត្រូវ​បាន​សម្រេច​ឱ្យ​ផ្អាក​ដោយ​រាជរដ្ឋាភិបាល​)​។ ការបាត់បង់​ការងារ​នេះ បាន​ធ្វើឱ្យ​មាន​ការជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅដល់​វិស័យសេដ្ឋកិច្ច និង​សង្គម​ជារួម​តាមរយៈ​ឥទ្ធិពល ដែល​លើស​ពី​ឥទ្ធិពល​អវិជ្ជមាន​នៅក្នុង​វិស័យ​ធ្វើដំណើរ និង​ទេសចរណ៍​ជា​សកល​៕
​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត