សមាជិកសភា​បក្សប្រឆាំង​និង​បក្ស​កាន់អំណាច​តៃវ៉ាន់ ប៉ះទង្គិច​គ្នា​ពេល​តវ៉ា​នៅ​សភា​

29-06-2020 4:35 pm 249

​សមាជិកសភា​មកពី​គណបក្សប្រឆាំង​តៃវ៉ាន់ គឺ​គណបក្ស Kuomintang ឬ​ហៅ​កាត់​KMT ចំនួន​ជាង​២០​នាក់ បាន​លើកគ្នា​មក​តវ៉ា​នៅ​សភា​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៨​ខែមិថុនា​។ ជា​ការតវ៉ា​មួយ​ដែល​ក្រុម​សមាជិកសភា​ទាំងនេះ​ហៅថា ជាការ​ប្រឆាំងនឹង​អំណាច​ផ្តាច់ការ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ និង​ប្រឆាំងនឹ ង​ការតែងតាំង​ជំនួយការ​របស់​ប្រធានាធិបតី ធ្វើជា​អ្នកឃ្លាំមើល​រដ្ឋាភិបាល​។​

​ក្រុម​សមាជិកសភា​នាំគ្នា​សម្រុកចូល​កាន់កាប់​អគារ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ (Legislative Yuan) ហើយ​ប្រមូល​កៅអី​មក​គ​រលើ​គ្នា​និង​ចង​ស្រាក់​ជាមួយ​ច្រ​វ៉ាក់ ខ្ទាស់​ទ្វារ​មិន​ឲ្យមាន​ការចេញចូ​ល អស់​រយៈពេល​មួយ​យប់​។ លុះ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៩​ខែមិថុនា ក្រុម​សមាជិកសភា​មកពី​គណបក្សកាន់អំណាច គឺ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ឬ​ហៅ​កាត់​ថា​DPP បាននាំគ្នា​មក​រុះរើ​របាំង​ដ៏​រឹងមាំ​នោះ​ចេញ​។ ជម្លោះ​ក៏បាន​ផ្ទុះឡើង​រវាង​សមាជិកសភា​មកពី​គណបក្ស​ផ្ទុយគ្នា​ទាំងពីរ ដោយ​មានការ​វាយតប់​និង​ស្រែក​ដាក់គ្នា​។ 

​នៅ​ទីបំផុត​សមាជិកសភា​បក្សប្រឆាំង​ក៏​យល់ព្រម​ដកខ្លួន​ចេញ ប៉ុន្តែ​បាន​ចោទប្រកាន់​សមាជិកសភា​មកពី​គណបក្សកាន់អំណាច ពី​ការប្រើប្រាស់​អំពើហិង្សា​លើ​ពួកគេ​។ សមាជិកសភា​នៃ​បក្សប្រឆាំង​មួយរូប  ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​«​នេះ​ជា​រឿង​គ្រោះថ្នាក់​ណាស់ អ្នក​មិន​អាចប្រព្រឹត្ដ​ចំពោះស​ហ​សេវិក​តំណាងរាស្ត្រ​ដូច​នោះបានទេ​»​។ នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា រវាង​សមាជិកសភា​ទាំងពីរ​បក្ស មិនមាន​សចក្តីរាយការណ៍ថា មាន​មនុស្ស​រងរបួស​ឬ​អត់​នោះទេ​។​

​គួរ​ជម្រាបជូន​ថា គណបក្ស​KMT​ដែល​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បានប្រកាស​ដោយ​ចំហ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្លួន​កំពុង​តវ៉ា​ប្រឆាំងនឹង​គណបក្ស​DPP និង​ជំទាស់​ចំពោះ​ការតែងតាំង​លោកស្រី​Chen Chu ដែលជា​ជំនួយការ​ផ្ទាល់​របស់​លោកស្រី​ត្សៃ អ៊ីង​វិន ឲ្យធ្វើ​ការជា​អ្នកដឹកនាំ​ក្រុម​ត្រួតពិនិត្យ​Yuan ឬ​ហៅថា Control Yuan  ដែលជា​ស្ថាប័ន​ឃ្លាំមើល​កិច្ចការងារ​រដ្ឋាភិបាល​។ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់ថា រដ្ឋាភិបាល​លោកស្រី​ត្សៃ បានប្រែក្លាយ​ជា​ផ្តាច់ការ​ជាង​មុន ហើយ​គណបក្ស​KMT គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​បង្ខំ​ចូលទៅ​កាន់កាប់​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ ដើម្បី​ធ្វើពហិការ​សភា​។ ដោយឡែក គណបក្ស​DPP​ដែលជា​គណបក្ស​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ផង​នោះ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​។ DPP បាន​ហៅ​សកម្មភាព​របស់ KMT​ថា កំពុង​រៀបចំ​ឆាកល្ខោន ដើម្បី​កេងចំណេញ​នយោបាយ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  តៃវ៉ាន់សមាជិកសភា

ព័ត៌មានផ្សេងទៀត