កម្មកររោងចក្រ New Best Global Textile Co,.Ltd នៅខេត្តកំពង់ស្ពឺ ប្រមាណជា៥០នាក់ បានឡើងមកតវ៉ានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីទាមទារអោយក្រសួងដោះស្រាយករណីរោងចក្រត្រូវបានថៅកែរត់ចោល និងក្រសួងមិនបញ្ចូនសំណុំនេះទៅអាជ្ញាកណ្តាល ធ្វើអោយកម្មកររងចាំដំណោះស្រាយជាង៣ខែមកហើយ។ ការឡើងមកតវ៉ានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
បើតាមអ្នកស្រី ព្រុំ តុលា តំណាងរបស់កម្មកររោងចក្រខាងលើបានបញ្ជាក់ថា ដំបូងឡើយម្ចាស់រោងចក្របានប្រាប់កម្មករថារោងចក្រនឹងព្យួការងារររយៈពេលមួយខែ តែដល់ពេលគម្រប់មួយខែនៃព្យួរការងាររបស់រោងចក្រ កម្មករបានវិលត្រឡប់មកធ្វើការងារវិញ ស្រាប់តែរោងចក្រចក្របិទទ្វារ ហើយលិចលឺថា ថៅកែរត់ចោលរោងចក្រ ដោយពុំមានការជូនដំណឹងដល់កម្មករលើយ។ អ្នកស្រីបានបញ្ជាក់ថា ការឈានដល់ការតវ៉ានេះ ដោយសារតែមូលហេតុ ភាគីរោងចក្រ ក៏ដូចជាភាគីពាក់ព័ន្ធ ពុំបានរកដំណោះស្រាយជូនពួកគេឱ្យបានសមស្របទៅនឹងអ្វីដែលពួកគេបាត់បង់…………
សំឡេង៖
តំណាងកម្មកររូបនេះ បានគូសបញ្ជាក់ថា ភាគីខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមកទទួលញត្តិ និងសន្យាថានឹងដោះស្រាយជូនពួកគេនៅថ្ងៃស្អែកត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ យ៉ាងណានៅក្នុងញត្តិទាមទារនោះ អ្នកស្រី ព្រុំ តុលា បានគូសបញ្ជាក់ផងដែរថា កម្មករធ្វើការទាមទារចំនួន៧ចំណុច ដោយក្នុងនោះរួមមាន ១.លុយ៨ថ្ងៃដែលនៅសល់, ២. លុយបំណាច់ឆ្នាំរបស់កម្មករ, ៣. លុយព្យួរការងាររបស់កម្មករ, ៤. លុយបិទរោងចក្រមិនចូនដំណឹងដល់កម្មករ, ៥. លុយជំងឺចិត្តកម្មករ, ៦. លុយរំលឹកអតីតភាពការងាររបស់កម្មករ និង៧. លុយលំហែមាតុភាពរបស់កម្មករដែលសម្រាលកូនហើយ។
សូមបញ្ជាក់ថា បន្ទាប់ពីកើតមានជំងឺកូវីដ១៩ មានរោងចក្រមួយចំនួនបានព្យួរកាងារ និងមានរោងចក្រមួយចំនួនទៀតបានបិទរោងចក្រ ដោយសារបញ្ហាសេដ្ឋកិច្ច។ តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានរោងចក្រមួយចំនួន ក៏នៅដំណើរការជាធម្មតា។ ការព្យួរនិងបិទរោងចក្រ បានធ្វើឱ្យកម្មករមួយចំនួនអត់ការងារធ្វើប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃផងដែរ៕