ទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ពី​កាលបរិច្ឆេទ​ជើងហោះហើរ​មក​កម្ពុជា​

29-06-2020 4:12 pm 94

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០២០ បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​បញ្ជាក់​ថា​ក្នុងករណី​ពលរដ្ឋ​ខ្មែរ​មាន​បំណង​ចង់​វិលត្រឡប់​មក​កម្ពុជា គឺ​អាច​ទិញ​សំបុត្រ​ជើងយន្តហោះ​ធ្វើដំណើរ​មក​កម្ពុជា​បាន តាមរយៈ​ជើងយន្តហោះ​ពាណិជ្ជកម្ម Malaysia Airlines របស់​ម៉ាឡេស៊ី​។ 

​គួរបញ្ជាក់​ថា​ជើង​យន្តហោះ​ពាណិជ្ជកម្ម​Malaysian Airlines នេះ​ដែរ​នឹង​ហោះ​មក​កម្ពុជា​(​ភ្នំពេញ​)​នា​ថ្ងៃ​ទី​០៣ កក្កដា ឆ្នាំ​២០២០ ខាងមុខ តាម​ជើងហោះហើរ​លេខ MH754 ហើយ​ជើងយន្តហោះ​នេះ​ជា​ជើងយន្តហោះ​ពាណិជ្ជកម្ម​ធម្មតា មិនមែន​ជា​ជើងយន្តហោះ​ពាណិជ្ជកម្ម​ពិសេស​ដូច​កន្លងមក​ទេ​។​

​ជាមួយ​គ្នា​ដើម្បី​អាច​ទិញ​សំបុត្រ​ជើងយន្តហោះ​នេះ​បាន ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​បញ្ជាក់​ថា​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ម៉ាឡេស៊ី​ត្រូវមាន​លិខិតឆ្លងដែន​មាន​សុពលភាព តែ​ករណី​បើ​លិខិត​ឆ្លង​អស់​សុពលភាព​(Passport ងាប់​) ត្រូវ​ទាក់ទង ឬ​ទៅ​ស្ថានទូត​ដើម្បី​ទទួល​បាន​ការ​ពន្យល់​ណែនាំ​។​

​ម្យ៉ាងទៀត​លិខិតឆ្លងដែន​ត្រូវមាន​ទិដ្ឋាការ​(Visa) ត្រឹមត្រូវ ឬ​ទិដ្ឋាការ​នោះ​អស់​សុពលភាព​(Visa​ងាប់​) គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០​។ ដោយឡែក​ប្រសិនបើ​ទិដ្ឋាការ​អស់​សុពលភាព​មុន​ថ្ងៃ​ទី​០១ មករា ឆ្នាំ​២០២០ ត្រូវ​ទៅ​ដោះស្រាយ​ជាមួយ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​អោយ​បាន​រួចរាល់​ជាមុនសិន​។​

​យ៉ាងណាមិញ​ក្នុងករណី​មាន​គ្រប់​លក្ខខណ្ឌ​ខាងលើ​ពលរដ្ឋ​អាច​ទិញ​សំបុត្រ​Online ដោយ​ផ្ទាល់​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Malaysian Airlines និង​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​ដោយ WhatsApp ទៅកាន់​លេខ​ទូរ​សព្ទ +60122605359​។​

​លើសពីនេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ជឿ​តាម​ការឃោសនា​របស់​ពួក​មេខ្យល់ ដែល​ធានា​ទិញ​សំបុត្រ​ត្រឡប់​មក​កម្ពុជា​ប្រសិនបើ​មិន​មាន​គ្រប់​លក្ខខណ្ឌ​ខាងលើ ពីព្រោះ​កន្លងមក មាន​ពលរដ្ឋ​មួយចំនួន​បាន​ចាញ់បោក​មេខ្យល់​ខាតបង់​លុយ​កាក់​ជាច្រើន ប៉ុន្តែ​ពុំ​អាច​ត្រឡប់​ទៅវិញ​បាន​ឡើយ​៕
​រាយការណ៍​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត