ស្អែកនេះលោកប្រាក់ សុខុននឹងចូលរួមកិច្ចប្រជុំពិសេសស្ដីពីជំងឺកូវីដ១៩តាមប្រព័ន្ធវីដេអូ

29-06-2020 4:08 pm 74

លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃទី២៩ ខែមិថុនានេះ។

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្រ្ដាលី។ កិច្ចប្រជុំនេះ នឹងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ អំពីវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបជំងឺ រាតត្បាតជាសកល ព្រមទាំងពិភាក្សាអំពីវិធីសាស្រ្តនានាដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ 

លើសពីនេះ កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀតក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ប្រទេសអូស្រ្តាលី ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ១៩ ដែលពុំធ្លាប់មានពីមុន៕ 

ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត