ចិន​បង្ខាំង​​ពលរដ្ឋ​ជិត​​កន្លះ​លាន​នាក់​​ដោយសារ​​ផ្ទុះ​ករណី​ឆ្លង​កូវី​ដ​-១៩​​ឡើងវិញ​

29-06-2020 9:18 am 319

​ប្រទេស​ចិន​បាន​ចាត់វិធានការ​បង្ខាំង​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​មិនឲ្យ​ចេញ​ទៅណា​ផ្ដេសផ្ដា​សឡើយ បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​រលក​ទី​ពីរ​។ វិធានការ​រឹតបន្ដឹង​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨​មិថុនា នៅក្នុង​ខេត្ដ​ហឺ​ប៉ី​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​។ អាជ្ញាធរ​បាន​ព្រមាន​ថា​ការឆ្លង​នៅពេលនេះ​កំពុង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​និង​ស្មុគស្មាញ​។ 

​បន្ទាប់ពី​ចិន​អាច​គ្រប់គ្រង​បាន​ករណី​ឆ្លង​កន្លងមក មាន​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ឆ្លង​ជាថ្មី​នៅក្នុង​ទីក្រុង​ប៉េកាំង​និង​នៅ​ខេត្ដ​ហឺ​ប៉ី​ជាប់​ទីក្រុង​ប៉េកាំង​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។ មន្ដ្រី​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នៅក្នុង​តំបន់​អាន​ស៊ីន​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​ប៉េកាំង នឹងត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​បំផុត ដូចជា​ការគ្រប់គ្រង​នៅ​វូ​ហាន​កាលពីដើមឆ្នាំ​នេះ​អ៊ីចឹង​។​

​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​នៃ​សមាជិកគ្រួសារ​មួយ​ដែល​អាច​អនុញ្ញាតឲ្យ​ចេញ​ក្រៅ​ម្ដង​ក្នុង​មួយថ្ងៃ ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់​ចាំបាច់​ដូចជា​អាហារ​និង​ថ្នាំពេទ្យ​ជាដើម​។ វិធានការ​ថ្មី​ក៏​ធ្វើឡើង​បន្ទាប់ពី​ចិន​មាន​ករណី​ឆ្លង​ថ្មី​កូវី​ដ​-១៩​ចំនួន​១៤​ករណី​ក្នុង​រយៈពេល​២៤​ម៉ោង ធ្វើឲ្យ​ចំនួន​ឆ្លងស​រុបកើន​ដល់​៣១១​នាក់​គិត​ត្រឹម​ពី​ពាក់កណ្ដាល​ខែមិថុនា​នេះ​មក​។ ក្រុមគ្រូពេទ្យ​ក៏​កំពុង​ធ្វើតេស្ដ​ប្រជាជន​រាប់លាន​នាក់​ផ្សេងទៀត​។​

​សូម​ជម្រាបជូន​ថា បើ​គិត​តាំងពី​ផ្ទុះ​កូវី​ដ​-១៩​ដំបូង​កាលពី​ចុងឆ្នាំ​២០១៩ ប្រទេស​ចិន​មាន​មនុស្ស​ឆ្លង​សរុប​ចំនួន​ជាង​៨៣,០០០​នាក់ និង​ស្លាប់​ជាង​៤,៦០០​នាក់​។ ក្នុងចំណោម​ឆ្លង​សរុប​បាន​ជាសះស្បើយ​ឡើងវិញ​ភាគច្រើន គឺ​ជាង​៧៨,០០០​នាក់​ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​សល់​ជាង​៤០០​នាក់​។ ចិន​គឺជា​ប្រទេស​ដែល​ផ្ទុះ​កូវី​ដ​-១៩​ដំបូង​គេ ហើយក៏​អាច​គ្រប់គ្រង​ករណី​ឆ្លង​បាន​មុនគេ​ដែរ ប៉ុន្ដែ​បច្ចុប្បន្នកំពុង​ប្រឈម​ការឆ្លង​ជា​រលក​ទី​ពីរ​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ចិនកូវីដ១៩

ព័ត៌មានផ្សេងទៀត