ក្រុមហ៊ុនកូកាកូឡា(Coca-Cola)បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្អាកបណ្ដោះអាសន្នការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម គឺផ្អាកយ៉ាងហោចណាស់ក៏៣០ថ្ងៃដែរ ស្របពេលក្រុមហ៊ុនបណ្ដាញសង្គមនានា កំពុងប្រឈមនឹងការស្នើឲ្យគិតគូរឡើងវិញករណីមាតិកាប្រកាន់ពូជសាសន៍។
បើតាមលោកJames Quinceyជាប្រធាននិងនាយកប្រតិបត្ដិក្រុមហ៊ុនកូកាកូឡាបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា នៅក្នុងពិភពលោកនេះពុំមានកន្លែងណាមួយសម្រាប់ការរើសអើងជាតិសាសន៍ឡើយ ហើយនៅលើបណ្ដាញសង្គមក៏គ្មានការរើសអើងជាតិសាសន៍ដូចគ្នា។ លោកថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានក្រុមហ៊ុនធំៗផ្សេងទៀតពហិការមិនផ្សាយពាណិជ្ជកម្ម ដើម្បីបង្ខំឲ្យផ្លាស់ប្ដូរពីរបៀបដែលពួកគេត្រូវដោះស្រាយចំពោះការស្អប់ខ្ពើម ត្រូវតែបង្កើនការទទួលខុសត្រូវនិងកាន់តែមានតម្លាភាពជាងនេះ។ សម្រាប់ក្រុមហ៊ុនកូកាកូឡានឹងប្រើការផ្អាកផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីវាយតម្លៃគោលនយោបាយផ្សាយពាណិជ្ជកម្មរបស់ខ្លួនឡើងវិញ ក្នុងន័យកំណត់ថាត្រូវកែសម្រួលឬអត់។
ក្រុមហ៊ុនផ្សេងៗទៀតដូចជាUnilever, Lipton tea and Ben និង Jerry's ice cream បានបញ្ជាក់ថានឹងឈប់ផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមFacebook, Twitter និង Instagram នៅអាមេរិកទៀតហើយរហូតដល់ចុងឆ្នាំ២០២០ ដោយសារតែជារយៈពេលនៃការបោះឆ្នោតនៅអាមេរិក។ ក្រុមហ៊ុន Facebook បានឲ្យដឹងកាលពីថ្ងៃសុក្រដែរថា ខ្លួននឹងហាមប្រាមកាន់តែខ្លាំងជាងមុននូវប្រភេទមាតិកានៃការស្អប់ខ្ពើម ដើម្បីឆ្លើយតបកាន់តែទូលាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈការតវ៉ាកំពុងរីកកាន់តែខ្លាំងជុំវិញការដោះស្រាយការបង្ហោះព័ត៌មានអុជអាល៕
ដោយ៖ពេញ ផេង