មិន​អើពើ​នឹង​ការរិះគន់​​ចិន​សម្ងំ​​បន្ដ​នីតិវិធី​​អនុម័ត​ច្បាប់​​សន្ដិសុខ​ថ្មី​​នៅ​ហុងកុង​

28-06-2020 2:58 pm 243

​ប្រទេស​ចិន​នឹង​រៀបចំ​កិច្ចប្រជុំ​ជាថ្មី​ដើម្បី​ពិភាក្សា​ម្ដងទៀត លើ​សេចក្ដីព្រាងច្បាប់​សន្ដិសុខ​ថ្មី​សម្រាប់​ប្រើប្រាស់​នៅ​ហុងកុង ដែល​ជំរុញឲ្យមាន​ការរំពឹ​ង​ថា​អាច​នឹង​អនុម័ត​ឲ្យក្លាយ​ជា​ច្បាប់​ពេញលេញ​តែម្ដង​។ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​នឹង​បើក​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​២៨​មិថុនា​នេះ​តែម្ដង បន្ទាប់ពី​កិច្ចប្រជុំ​លើក​មុន​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៨​ដល់​២០​មិថុនា​ពិភាក្សា​លើ​បញ្ហា​តែមួយ​។​

​អាច​ចាត់ទុកបាន​ថា​ជា​រឿង​មិនធម្មតា​នោះទេ ដែល​គណៈកម្មាធិការ​រៀប​ចំ​ការប្រជុំ​ពីរលើក​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី​ដូច្នេះ​។ សេចក្ដីព្រាងច្បាប់​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្ក្រាប​សកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​ហុងកុង ដែល​ក្នុងនោះ​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាលចិន​អាចប​ង្កើ​ត​ការិយាល័យ​សន្ដិសុ​ខ​ជាតិ​មួយ​នៅ​ហុងកុង​បាន​។ ការណ៍​នេះហើយ​ទើប​ធ្វើឲ្យមាន​ការមិនពេញ​ចិត្ដ​ពី​សំណាក់​ពលរដ្ឋ​ហុងកុង​រួម​នឹង​បណ្ដា​ប្រទេស​មួយចំនួនទៀត​។​

​ក្រោយ​សេចក្ដីព្រាងច្បាប់​ត្រូវបាន​បង្កើតឡើង​និង​ដាក់ឲ្យ​ពិភាក្សានៅ​សភាចិន​ដូច្នេះ ពលរដ្ឋ​ហុងកុង​និង​សហគមន៍​អន្ដរជាតិ​នាំគ្នា​បារម្ភ​ថា សេចក្ដីព្រាងច្បាប់​សន្ដិសុខ​ថ្មី​នៅពេល​ក្លាយជា​ច្បាប់​ពេញលេញ អាច​នឹង​បំផ្លាញ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ ដែល​ធានា​នូវ​ស្វ័យភាព​ខ្ពស់​សម្រាប់​ដែនដី​ហុងកុង​។ ក្នុងន័យ​បង្ហាញឲ្យឃើញពី​ការប្រ​ឆាំង​ច្បាប់​សន្ដិសុខ​ថ្មី ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ​បាន​រឹតបន្ដឹង​លើ​ទិដ្ឋាការ​មន្ដ្រី​រដ្ឋាភិបាល​ចិន ដែល​អាមេរិក​ជឿជាក់ថា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការធ្វើឲ្យ​ប៉ះពាល់​ដល់​ស្វ័យភាព​ហុងកុង​។ 

​ប៉ុន្ដែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា ប្រទេស​ចិន​នឹង​បន្ដ​នីតិវិធី​ត្រឹមត្រូវ​ដើម្បី​អនុម័ត​ច្បាប់​នេះ​។ រដ្ឋាភិបាល​ចិន​ក៏​កំពុង​ចាត់ទុក​វិធានការ​ឆ្លើយតប​នឹង​ការ​រឹត​ត្បិត​ទិដ្ឋាការ​របស់​សហរដ្ឋអាមេរិក​ផងដែរ​។ ចំពោះ​លោក​ដូណាល់ ត្រាំ​ធ្លាប់បាន​ប្រកាស​កន្លងមក មិនយូរ​ទៀត​ទេ​ក្រុង​ហុងកុង​នឹង​លែងមាន​ស្វ័យភាព​ហើយ​ស្ថិតក្រោម​ច្បាប់​របស់​អាមេរិក​។ អាមេរិក​ក៏​ធ្លាប់​ប្រកាស​ពី​ការដកចេញ​សិទ្ធិ​ពិសេស​សម្រាប់​ហុងកុង គឺពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដែល​អាមេរិក​ធ្លាប់​យោគយល់​ពីមុន​។​

​និយាយ​ពី​ពលរដ្ឋ​ហុងកុង​បាន​លើកឡើងថា ច្បាប់​សន្ដិសុខ​ថ្មី​នឹង​គាបសង្កត់​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​ហុងកុង និយាយ​រួម​លែង​ឲ្យមាន​ការតវ៉ា​កើតឡើង​។ មិន​ថា​រដ្ឋាភិបាល​ចិន​និង​ហុងកុង​ព្យាយាម​ពន្យល់​ដោយ​លើក​ហេតុផល​ថា ច្បាប់​សន្ដិសុខ​ថ្មី​នឹង​ដាក់ទណ្ឌកម្ម​តែ​លើ​អ្នកប្រព្រឹត្ដ​មិន​ត្រឹមត្រូវ ដូចជា​បង្ក​អំពើហិង្សា ប្រព្រឹត្ដ​អំពើ​ភេរវកម្ម បំផ្លាញ​សន្ដិសុខ​ជាតិ​ជាដើម សម្រាប់​ក្រុមប្រឆាំង​នៅតែ​ចាត់ទុក​ច្បាប់​នេះ​ជា​ខ្សែ​ចង​អ្នកប្រឆាំង អ្នកប្រជាធិបតេយ្យ​មិនឲ្យ​រើខ្លួន​រួច​។​

​មាន​ក្រុមអ្នកវិភាគ​មួយចំនួន​មើលឃើញថា មូលហេតុ​ដែល​ចិន​បង្កើត​ច្បាប់​សន្ដិសុខ​ថ្មី​ឡើង ព្រោះ​ចង់​ទប់ស្កាត់​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ក្លាយជា​អំពើហិង្សា ដោយហេតុ​ធ្លាប់មាន​មេរៀន​កាលពី​ឆ្នាំ​២០១៩​នៅពេល​ក្រុមបាតុករ​ហុងកុង​រាប់ម៉ឺន​នាក់​នាំគ្នា​តវ៉ា​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន បង្ក​ជា​អំពើហិង្សា អស្ថិរភាព​សង្គម និង​ការខាតបង់​នានា​ជាច្រើន​។ ក្រៅពីនេះ​ចិន​ត្រូវ​រង​ការរិះគន់​មិន​សំចៃមាត់ នៅពេល​បង្ក្រាប​លើ​ក្រុមបាតុករ​ដែល​ចិន​ចាត់ទុកជា​ជន​ល្មើសច្បាប់​។ ហេតុដូច្នេះ​ចិន​ត្រូវ​រក​វិធីសាស្ដ្រ​ទប់ទល់​នឹង​ចលនា​ប្រឆាំង​ដែល​អាច​កើតឡើង​ម្ដងទៀត​។​

​គួរ​ជម្រាបជូន​ថា ហុងកុង​ត្រូវបាន​អង់គ្លេស​ដក​អាណានិគម​ប្រគល់ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ប៉ុន្ដែ​ការគ្រប់គ្រង​គឺ​ដាច់ដោយឡែក​ពី​ក្រុង​ប៉េកាំង ស្ថិតក្រោម​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ហុងកុង​ជា​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត មាន​សិទ្ធី​សេរីភាព​ធូររលុង​ជាង​នៅ​ចិន​ដីគោក ដោយ​ពលរដ្ឋ​អាចមាន​សិទ្ធិ​រិះគន់​ឬ​តវ៉ា​លើ​ទង្វើ​មិន​គប្បី​នានា​។ តាម​កំណត់​ហុងកុង​ត្រូវ​រស់នៅ​ក្រោម​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​រហូតដល់​ឆ្នាំ​២០៤៧​ឯណោះ ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ចិន​ត្រូវបាន​គេ​មើលឃើញថា កំពុង​ព្យាយាម​បន្ដិច​ម្ដងៗ​ក្រសោប​ក្រុង​ហុងកុង​ឲ្យ​ដើ​រតាមផ្លូវ​ក្រុង​ប៉េកាំង​ទាំងស្រុង​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត