រុស្ស៊ី​ច្រានចោល​​ព័ត៌មាន​ថា​​បាន​ជួល​​ក្រុម​សកម្មប្រយុទ្ធ​​ឲ្យទៅ​សម្លាប់​កងទ័ព​អាមេរិ​ក​

28-06-2020 10:19 am 217

​រុស្ស៊ី​បានប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ការចោទប្រកាន់​ពី​សំណាក់​សហរដ្ឋអាមេរិក គី​ការ​ចោទថា​រុស្ស៊ី​បាន​ជួល​ក្រុម​សកម្មប្រយុទ្ធ​មាន​ទំនាក់ទំនង​នឹង​ក្រុម​តា​លី​បង់ ឲ្យទៅ​វាយប្រហារ​សម្លាប់កងទ័​ព​អាមេរិក​និង​កងទ័ព​អង្គការ​ណា​តូ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ កាសែត​The New York Times​និង​Washington Post បាន​ដកស្រង់​សម្ដី​មន្ដ្រី​អាមេរិក​និយាយ​ពី​អង្គភាព​យោធា​ចារកម្ម​មួយ​របស់​រុស្ស៊ី ជា​អ្នកទទួលខុសត្រូវ​ចរ​ចា​ជា​មួយក្រុម​តា​លី​បង់​លើក​កិច្ចការ​នេះ​។​

​ស្ថានទូត​រុស្ស៊ី​នៅ​អាមេរិក​បានចេញ​អះអាងថា អ្វីដែល​អាមេរិក​លើកឡើង​ដូច្នេះ​នឹង​ឈានដល់​ការគំរាមកំហែង​ទំនាក់ទំនង​ការទូត​។ ក្រុម​តា​លី​បង់​ក៏បាន​ច្រានចោល​ថា​ខ្លួន​មិនបាន​ចុះ​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​ជា​មួយក្រុម​ចារកម្ម​រុស្ស៊ី​។ របាយការណ៍​ចោទប្រកាន់​លេច​ធ្លាយ​ស្របពេល​ដែល​អាមេរិក កំពុង​ព្យាយាម​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​សន្ដិភាព​បញ្ឈប់​សង្គ្រាម​១៩​ឆ្នាំ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ 

​យោងតាម​កាសែត​New York Times លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​និយាយ​នៅក្នុង​របាយការណ៍​ចេញផ្សាយ​កាលពី​ខែ​មីនា ប៉ុន្ដែ​សេត​វិមាន​បាន​ច្រានចោល​ការចុះផ្សាយ​នេះ​។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​លេខាធិការ​ទទួលបន្ទុក​កិច្ចការ​សារព័ត៌មាន​នៃ​សេត​វិមាន​បាន​និយាយថា មិន​ត្រឹមតែ​លោក​ប្រធានាធិបតី​នោះទេ សូម្បី​លោក​អនុ​ប្រធានាធិបតី​ក៏​មិនបាន​និយាយ​ចោទប្រកាន់​លើ​ក្រុម​ចារកម្ម​របស់​រុស្ស៊ី​ដែរ​។ យ៉ាងណាមិញ​អ្នកស្រី​លេខាធិការ​បន្ថែមថា ករណីនេះ​មិន​និយាយ​ដល់​ភាពត្រឹមត្រូវ​នៃ​ក្រុម​ចារកម្ម​នោះទេ ប៉ុន្ដែ​សំដៅ​ដល់​ភាពមិន​ត្រឹមត្រូវ​នៃ​កាសែត​The New York Times ដែល​ធ្វើឲ្យ​ភាន់ច្រឡំ​ថា​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ពី​រឿង​ចោទប្រកាន់​នេះ​មែន​។​

​មន្ដ្រី​ដែល​មិន​បញ្ចេញ​ឈ្មោះ​ហើយ​ត្រូវបាន​កាសែត​The New York Times​ដកស្រង់​សម្ដី​ទៅ​ចុះផ្សាយ និយាយ​ដែរថា ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​បាន​សន្និដ្ឋាន​កាលពី​ប៉ុន្មាន​ខែ​មុន​ថា​ក្រុម​ចារកម្ម​រុស្ស៊ី​បាន​ព្យាយាម​បង្ក​អស្ថិរភាព​ដល់​សត្រូវរ​បស់​ខ្លួន តាមរយៈ​ការផ្ដល់​អំណោយ​ជាសំងាត់​សម្រាប់​ការវាយប្រហារ​ដោយ​ជោគជ័យ​លើ​កងកម្លាំង​ចម្រុះ​។ ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ឬក៏​ក្រុម​ឧក្រិដ្ឋជន​ប្រដាប់អាវុធ​ដែល​ជាប់ទាក់ទង​ជាមួយ​ពួកគេ ត្រូវ​ជឿជាក់ថា​បានទទួល​ប្រាក់​មួយចំនួន​។ ប៉ុន្ដែ​ក្រោយមក​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​អាមេរិក​បាន​សរសេរ​សារ​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ អះអាងថា​ការចុះផ្សាយ​ព័ត៌មាន​នេះ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​។​

​សម្រាប់​ក្រុម​តា​លី​បង់​បានចាត់ទុក​ការចោទប្រកាន់ថា ពួកគេ​មាន​ទំនាក់ទំនង​ជា​មួយក្រុម​ចារកម្ម​រុស្ស៊ី​គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ តាមរយៈ​អ្នកនាំពាក្យ​ក្រុម​នេះ​និយាយថា​ពួកគេ​បាន​បញ្ឈប់​សកម្មភាព​វាយប្រហារ​លើ​កងទ័ព​អាមេរិក​និង​កងទ័ព​ណា​តូ​បន្ទាប់ពី​បាន​ព្រមព្រៀង​កាលពី​ខែកុម្ភៈ ដកទ័ព​ថយ​ជា​ការដោះដូរ​នឹង​ការដក​ទណ្ឌកម្ម​។ ក្រុម​តា​លី​បង់​បញ្ជាក់ថា​ពួកគេ​មិន​ឲ្យមាន​ក្រុម​ជ្រុលនិយម​ធ្វើ​ប្រតិ​បត្ដិការនៅ​ក្នុង​តំបន់​ដែល​ពួកគេ​កាន់កាប់​ឡើយ​។​

​សូម​រម្លឹក​បន្ដិច​ថា កាលពី​ឆ្នាំ​២០១៩​មាន​កងទ័ព​អាមេរិក​ចំនួន​២០​នាក់​ត្រូវ​បានសម្លាប់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ប៉ុន្ដែ​កាសែត​New York Times​ចុះផ្សាយ​ថា​នេះ​ជា​ចំនួន​មិន​ច្បាស់លាស់ ដោយ​តួលេខ​ទាហាន​ស្លាប់​ពិតប្រាកដ​ស្ថិតក្រោម​ការសង្ស័យ​។ មន្ដ្រី​អាមេរិក​ដែល​កាសែត​មួយ​នេះ​ដកស្រង់​សម្ដី​ទៅ​ចុះ​ផ្សាយបាន​និយាយថា ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​នៃ​សេត​វិមាន បាន​ពិចារណា​ពី​វិធីសាស្ដ្រ​ឆ្លើយតប ក្នុងនោះ​មាន​ការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ជាដើម​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត