​ក្នុង​ខួប​គម្រប់​៦៨​ឆ្នាំ​​លោក​កឹម សុខា​ថា​​ការបំផ្លាញ​ប្រទេស​កម្ពុជា​​ដូចជា​ដុត​ផ្ទះ​របស់លោក​​

27-06-2020 11:52 am 1083

​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ខួប​គម្រប់​៦៨​ឆ្នាំ របស់លោក​នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក​បាន​លើកឡើងថា ប្រទេស​កម្ពុជា​ជា​មាតុភូមិ ជា​ទឹកដី​កំណើត ជា​ជម្រក (​ផ្ទះ​) នៃ​ជីវិត ជា​អ្នកមានគុណ​របស់លោក​។ លោក​បញ្ជាក់ថា រូបលោក​គ្មាន​ហេតុផល​អ្វី​ទៅ​បំផ្លាញ ឬ​នាំ​អ្នកដទៃ ឬ​គាំទ្រ​អ្នកណា​មក​បំផ្លាញ​ប្រទេស​កម្ពុជា ដែលជា​ជម្រក​តែមួយគត់​សម្រាប់​ជីវិត​លោក​ឡើយ​។ លោក កឹម សុខា ថែមទាំង​និយាយថា «​ការបំផ្លាញ​ប្រទេស​កម្ពុជា ដូចជា​ដុត​ផ្ទះ​របស់លោក​អញ្ចឹង​ដែរ​»​ហើយ​មិនអាច​ទទួលយកបាន​ទាល់តែសោះ​ចំពោះ​អំពើ​ឈ្លានពាន ត្រួតត្រា​ពី​បរទេស​មកលើ​កម្ពុជា ទោះបី​តាម​រូបភាព​ណាក៏ដោយ​។​

​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបង្ហាញ​ពី​ការចូលរួម​គាំទ្រ​នូវ​ជំហរ ការពារ​អធិបតេយ្យភាព ឯករាជ្យ និង​បូរណភាព​ទឹកដី​នៃ​កម្ពុជា «​ដោយ​លោក​មិន​បោះបង់ ឬ​រត់ចោល មាតុភូមិ​កម្ពុជា ដែលជា​ទឹកដី​កំណើត និង​ជា​ផ្ទះ​តែមួយគត់​របស់​លោ​កឡើ​យ​»​។ លោក កឹម សុខា បន្ថែមថា លោក​ចង់ឃើញ​មាតុភូមិ​មាន​សេចក្តីសុខ សន្តិភាព​ពិត​ឋិតឋេរ និង​មាន​ការរីកចម្រើន​សម្រាប់​ខ្មែរ​គ្រប់គ្នា​។ លោក​ថា​ខ្មែរ ជា​ពូជសាសន៍​លោក ជា​បងប្អូន​រួម​ឈាម ជា​ចៅហ្វាយ ជា​អ្នកមានគុណ​របស់លោក​។ ឆន្ទៈ​របស់លោក​គឺ​គោរព ស្រឡាញ់ បម្រើ​ខ្មែរ ប្រាថ្នា​រួមរស់​ជាមួយ​ខ្មែរលើ​ទឹកដី​ខ្មែរ ដោយ​គ្មាន​ការរើសអើង មិន​យក​ខ្មែរ​ជា​សត្រូវ មិន​គុំកួន​សងសឹក និង​ដោយ​អហិង្សា​។​

​ប្រមុខ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​អះអាងថា លោក​រីករាយ​ណាស់ នៅពេលដែល​ឃើញ​ខ្មែរ​បាន​សុខ បាន​ចម្រើន មាន​កិត្ត​យសកេរ្តិ៍ឈ្មោះ​ល្អ ហើយ​លោក​ឈឺចាប់​ណាស់ នៅពេលដែល​ឃើញ​ខ្មែរ កាប់សម្លាប់​គ្នា ជេរប្រមាថ​គ្នា ចោទប្រកាន់​មួលបង្កាច់​គ្នា សងសឹក​បំផ្លាញ​គ្នា ជាពិសេស​ខ្មែរ​បែកបាក់​គ្នា មិនអាច​រួបរួម​ជាតិ​បាន​។ លោក​បាន​អះអាង​ទៀតថា លោក​នូវតែមាន​គោលបំណង មាន​ក្តីសង្ឃឹម និង​មាន​ការព្យាយាម ឲ្យ​ខ្មែ​ររួបរួមគ្នា  ដើម្បី​ជាតិខ្មែរ​រឹងមាំ ប្រកបដោយ​កិត្តិយស មិនអាច​អ្នកណា​ប្រមាថ​បាន​»​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុច្បន្ន​លោក​កំពុង​ស្ថិតនៅ​ក្រោមការ​ចោទប្រកាន់ «​ពីបទ​រួមគំនិត​ជាមួយ​បរទេស​» ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា «​ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​» ដោយមាន​បរទេស​នៅ​ពីក្រោយ​។ លោក កឹម សុខា ធ្លាប់​ជាប់ពន្ធនាគារ​ជា​ច្រើនសារ ធ្លាប់ជាប់​ឃុំ​នៅ​ស្នាក់ការ​បក្សរាប់​ខែ និង​ធ្លាប់​ជាប់ឃុំ​នៅផ្ទះ​ប្រមាណ​១​ឆ្នាំ ក្នុង​រយៈពេល​ចុងក្រោយ​នេះ មុនពេល​លោក​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កែប្រែ​លក្ខខណ្ឌ​ក្នុង​ការឃុំខ្លួន​លោក​កាលពី​ចុង​ឆ្នាំមុន ដែល​តម្រូវឱ្យ​លោក​មាន​សេរីភាព​ច្រើនជាង​មុន ប៉ុន្តែ​សិទ្ធិ​ធ្វើ​នយោបាយ​និង​សិទ្ធ ដើរហើរ​ទៅ​ក្រៅប្រទេស​នៅតែ​ត្រូវបាន​ហាមឃាត់​៕

ព័ត៌មានផ្សេងទៀត