ដឹកជញ្ជូនអ្នកដំណើរត្រូវអនុវត្តវិធានការ៦ចំណុចដើម្បីទប់ស្កាត់រលកទី២នៃជំងឺកូវីដ១៩

26-06-2020 4:12 pm 271

ដោយសង្កេតឃើញមានប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនភាគច្រើន នៅតែមានការធ្វេសប្រហែសក្នុងការការពារខ្លួនពីជំងឺកូវីដ១៩តាមវិធានការរបស់ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០បានចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត១៩រលកទី២ ដល់ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្នុងប្រទេសកម្ពុជា។ នៅក្នុងសេចក្តីណែនាំ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកអ្នកដំណើរ អ្នកបើកបររថយន្ត នឹងអ្នកបំរើភ្ញៀវលើរថយន្តដឹកអ្នកដំណើរព្រមទាំងប្រជាពលរដ្ឋដែលជាអ្នកដំណើរទាំងអស់ សូមនាំគ្នាបន្តយកចិត្តទុកដាក់អនុវត្តន៍វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩រលកទី២ឱ្យមានប្រសិទ្ធភាព។ ក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានដាក់ចេញនូវវិធានការចំនួន៦ចំណុច ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩រលកទី២ដូចខាងក្រោមនេះ៖

១. រក្សាគម្លាតសុវត្ថិភាព និងសម្អាតកន្លែងផ្ដល់សេវាដល់អតិថិជនឲ្យបានស្អាតជានិច្ច ជាពិសេសនៅកន្លែងលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ និងបង្គន់អានាម័យ។ល។

២. ត្រួតពិនិត្យសុខភាពអ្នកបើកបរ និងបុគ្គលិកបម្រើសេវាជាប្រចាំ និងគួរតែឲ្យពួកគាត់ពាក់ម៉ាសក្នុងពេលបំពេញការងារ។ បើសិនជាមានការសង្ស័យលើសុខភាពរបស់ពួកគាត់ ត្រូវអនុញ្ញាត្តឲ្យឈប់សម្រាកបណ្ដោះអាសន្ន ដើម្បីតាមដានសុខភាព។

៣. វាស់កំដៅអ្នកដំណើរ និងប្រើទឹកអាល់កុលសម្រាប់លាងសម្អាតដៃមុននឹងអនុញ្ញាត្តឱ្យឡើងលើរថយន្ត។

៤. ប្រសិនបើពិនិត្យឃើញអ្នកដំណើរមានអាការៈដូចជាក្ដៅខ្លួនលើសពី៣៧,២អង្សាសេ មានក្អក ឬឈឺបំពង់ក ឬមានបញ្ហាក្នុងការដកដង្ហើម មិនត្រូវអនុញ្ញាត្តឱ្យឡើងជិះរថយន្តឡើយ និងត្រូវណែនាំឱ្យទៅមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់ ឬទូរស័ព្ទទៅបណ្ដាញទំនាក់ទំនងទាន់ហេតុការណ៍លេខ១១៥ របស់ក្រសួងសុខាភិបាល។

៥. ម្ចាស់ឬអ្នកគ្រប់គ្រងរថយន្តដឹកជញ្ជូនអ្នកដំណើរត្រូវប្រើប្រាស់អាល់កុល ឬសារធាតុសម្លាប់មេរោគ ដើម្បីជូតសម្អាតរាល់វត្ថុទាំងឡាយនៃរថយន្តដែលអ្នកដំណើរតែងតែប៉ះជាប្រចាំដូចជា របារតោង ភ្នាក់ដៃ កៅអី។ល។

៦. ចូលរួមផ្សព្វផ្សាយដល់អ្នកដំណើរទាំងអស់ ឱ្យប្រកាន់យកនូវវិធានអនាម័យស្អាតជានិច្ច ដោយឧស្សាហ៍លាងដៃក្រោយចាប់កាន់របស់របរផ្សេងៗ មុននិងក្រោយបរិភោគអាហារ និងមានម៉ាសឬក្រម៉ាការពារពេកក្អក ឬកណ្ដាស់ក្នុងពេលកំពុងតែធ្វើដំណើរ៕

ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត