នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ ជាខួបលើកទី៧០ឆ្នាំគត់ នៃការផ្ទុះសង្គ្រាមកូរ៉េនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ១៩៥០។ អាមេរិកដែលបានលើកកងទ័ពទៅជួយកូរ៉េខាងត្បូង នៅក្នុងសង្គ្រាមកាលនោះ បានប្រារព្ធខួបនៃការផ្ទុះសង្គ្រាមកូរ៉េ ជាមួយប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ ដោយបានចេញសេចក្តីថ្លែងការណ៍រួមមួយផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម សម្ព័ន្ធមិត្តទាំងពីរបានចូលរួមគោរព នូវការលះបង់ ភាពក្លាហាននិងកេរ្តិ៍ដំណែលរបស់អ្នកដែលបានពលីជីវិតដើម្បីការពារសេរីភាព ប្រជាធិបតេយ្យនិងវិបុលភាពឲ្យប្រទេសកូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា នៅក្នុងជម្លោះយោធានោះ បណ្តាលឲ្យយោធាកូរ៉េខាងជើងស្លាប់ចំនួន៥២ម៉ឺននាក់ យោធាកូរ៉េខាងត្បូងស្លាប់១៣៧,០០០នាក់ និងជនជាតិអាមេរិកស្លាប់ចំនួន៣៧,០០០នាក់។ តាមរយៈសេចក្តីថ្លែងការណ៍អាមេរិកនិងកូរ៉េខាងត្បូង នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារសន្តិភាពបានមកដោយលំបាកនៅឧបទ្វីបកូរ៉េ។
សូមរម្លឹកថា សង្គ្រាមកូរ៉េបានផ្ទុះឡើងនៅពេលដែលកូរ៉េខាងជើង លើកទ័ពឈ្លានពានខ្សែបន្ទាត់ព្រំដែន ខណ្ឌចែកជាមួយប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ១៩៥០ ដើម្បីក្រសោបយកដែនដីនេះមកបង្រួបបង្រួម ជាប្រទេសកូរ៉េខាងជើងតែមួយ។ អាមេរិកដែលមិនចូលចិត្តប្រទេសកាន់របបកុម្មុយនីស ក្រោយឃើញបែបនេះ ក៏បានលើកទ័ពទៅជួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ជាមួយអង្គការសហប្រជាជាតិ។ ចំណែក កងទ័ពចិនបានចូលអន្តរាគមន៍ជួយខាងកូរ៉េខាងជើង។
សង្គ្រាមបានអូសបន្លាយរហូតដល់ឆ្នាំ១៩៥៣ទើបបញ្ចប់ តែការបញ្ចប់កាលនោះ ពុំមានការចុះកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការណ៍ឡើយ ដោយគ្រាន់តែប្រកាសបទឈប់បាញ់គ្នា រហូតមកទល់បច្ចុប្បន្ន។ សង្គ្រាមរយៈពេល៣ឆ្នាំបានបណ្តាលឲ្យមនុស្សជិត៥លាននាក់ស្លាប់ ក្នុងនោះជាងពាក់កណ្តាលជាជនស៊ីវិល។ ក្រោយសង្គ្រាមកូរ៉េរលត់ទៅ អាមេរិកបន្តរក្សាកងទ័ពទុកក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីការពារសម្ព័ន្ធមិត្ត ពីការជ្រែតជ្រែកដោយប្រទេសជិតខាង។ បច្ចុប្បន្នកងទ័ពអាមេរិកចំនួន២៨,៥០០នាក់មានវត្តមាននៅឧបទ្វីបកូរ៉េ៕ ដោយ៖អ៊ុន សុខឡា