ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បញ្ជាក់នៅថ្ងៃពុធនេះថា លោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើង បានសម្រេចបញ្ឈប់សកម្មភាពយោធា ដើម្បីប្រឆាំងសងសឹកទៅនឹងប្រទេសកូរ៉េខាងត្បូង។ ការសម្រេផ្អាកសកម្មភាពយោធារបស់កូរ៉េខាងជើង ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិកាយោធាកណ្ដាលនៅថ្ងៃអង្គារ៍ទី២៣ខែមិថុនាឆ្នាំ២០២០។
ការសម្រេចផ្អាកសកម្មភាពយោធាប្រឆាំងទៅនឹងកូរ៉េខាងត្បូងនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង ធ្លាប់បានព្រមានកូរ៉េខាងត្បូងថា ខ្លួននឹងបញ្ជូនកងទ័ពទៅតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ ដោយសារតែខឹងនឹងកូរ៉េខាងត្បូង ពុំអាចទប់ស្កាត់បាននូវការបង្ហោះចែកចាយខិត្តប័ណ្ណរិះគន់ ទៅលើរបបដឹកនាំរបស់កូរ៉េខាងជើង ដែលចងភ្ជាប់ទៅនឹងបាឡុងហោះ។ ខិត្តប័ណ្ណរិះគន់បង្ហោះភ្ជាប់នឹងបាឡុងហោះនេះដែរ ជាទង្វើររបស់សកម្មជនជាពលរដ្ឋកូរ៉េខាងត្បូងក្នុងចេតនាញុះញង់និងបំបែកបំបាក់ឲ្យពលរដ្ឋកូរ៉េខាងជើងស្អប់របបដឹកនាំរបស់មេដឹកនាំរបស់ខ្លួន។ តែសម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូងអះអាងថា បានខិតខំទប់ស្កាត់ទៅនឹងសកម្មភាពរបស់ទាំងនេះ ព្រោះអាចបង្កឲ្យពលរដ្ឋរបស់ខ្លួនដែលនៅតាមបន្ទាត់ព្រំដែនអាចនឹងជួបហានិភ័យខ្ពស់។
គួរជម្រាបថា ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េនេះដែរ បានធ្វើឲ្យកូរ៉េខាងជើងឈានដល់ធ្វើការបំផ្ទុះចោលនូវអគារការិយាល័យទំនាក់ទំនងរវាងកូរ៉េខាងជើង និងខាងត្បូងចោល ខណៈអគារនោះទើបតែសាងសង់ឡើងបាន២ឆ្នាំប៉ុណ្ណោះ ហើយមិនតែប៉ុណ្ណោះថែមទាំងបានព្រមានខ្លាំងៗថានឹងបញ្ជូនទ័ពទៅកាន់ព្រំដែនប្រឆាំងនឹងកូរ៉េខាងត្បូង។ តែយ៉ាងណាមិញក្នុងកិច្ចប្រជុំគណៈកម្មាធិកាយោធាកណ្ដាលរបស់កូរ៉េខាងជើង លោកគីម ជុងអ៊ុន បាននិយាយថាលោកនឹងផ្អាកសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងវិញ។
ដោយឡែកបើយោងតាមចុះផ្សាយដោយបណ្ដាញសារព័ត៌មានកូរ៉េខាងត្បូងយុនហាប់បានផ្សាយថា កូរ៉េខាងជើងបានកំពុងរៀបចំតម្លើងប្រដាប់បំពងសម្លេងនៅតំបន់គ្មានកម្លាំងយោធាឡើងវិញផងដែរ។ អ្វីដែលកូរ៉េខាងជើងបានបំផ្លាញចោលនិងបង្កើតឡើងវិញ សុទ្ធតែជាអ្វីដែលកូរ៉េទាំងពីរបានព្រមព្រៀងបង្កើតឡើងនិងដកចេញ នៅក្នុងជំនួបចរចារវាងលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងនិងលោកមូន ជែអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨៕
ដោយ៖ យឺន សីហា