លោក​ត្រាំ​គំរាម​ប្រើ​កម្លាំង​ប្រឆាំងនឹង​ក្រុមបាតុករ​ជា​លើក​ទី​ពីរ​

24-06-2020 2:26 pm 668

​នៅ​ថ្ងៃ​អង្គារ៍​ទី​២៣​ខែមិថុនា​ឆ្នាំ​២០២០ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ធ្ងន់ៗ​ថា នឹង​មិនមាន​ជាដាច់ខាត​តំបន់​ស្វយ័ត នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដ៏​រាប​ណា​លោក​នៅតែ​ជា​ប្រធានាធិបតី​។ តែ​ប្រសិនបើ​ក្រុមបាតុករ​នៅតែ​ព្យាយាម​ធ្វើ​ដូច្នេះ នោះ​ពួកគេ​នឹង​បាន​ជួប​ជាមួយ​កម្លាំង​ដ៏​ខ្លាំងក្លា​មិនខានឡើយ​។ 

កាលពី​២​សប្តាហ៍​មុន នៅក្នុង​ការធ្វើ​បាតុកម្ម​យ៉ាង​កក្រើក​នៅ​ក្រុង Seattle​រដ្ឋ​វ៉ាស៊ីនតោន ក្រុមបាតុករ​បាននាំគ្នា​យក​ដែករ​បាំង​ផ្លូវ ទៅធ្វើជា​របង​ការពារ តំបន់​ដែល​គេ​ដាក់ឈ្មោះថា « តំបន់​ស្វយ័ត​របស់​ក្រុង​Seattle» និង​ជា​តំបន់​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​ពណ៌​សម្បុរ​។ តំបន់​ដែល​គេ​បង្កើតឡើង​ដោយ​ដៃ​គឺ គ្មាន​ប៉ូលីស និង​គ្មាន​គ្រាប់​បែកផ្សែង​មក​ឡូកឡំ​ឡើយ​។​

​តាមរយៈ​សារ​បង្ហោះ​លើ​ប្រព័ន្ធ​Twitter លោក​ត្រាំ​ក៏​អនុញ្ញាតឲ្យ​រដ្ឋាភិបាល​សហព័ន្ធ ចាប់ខ្លួន​អ្នក​ដែល​បំផ្លាញ​វិមាន​អនុស្សាវរីយ៍ រូបសំណាក ឬ​ទ្រព្យសម្បត្តិ​របស់​សហព័ន្ធ​ផ្សេងទៀត​នៅ​អាមេរិក​។ សម្រាប់​លោក​ត្រាំ បាន​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​ទង្វើ​ទាំងនេះ ថា​ជា​អ្នក​អនាធិបតេយ្យ​និយម ដោយ​អាច​ជាប់ពន្ធនាគារ​១០​ឆ្នាំ​។​

​ពាក់ព័ន្ធ​នឹង​សារ​ព្រមាន​ធ្ងន់​ធរៗ​របស់លោក​ត្រាំ បាន​បង្កើនឲ្យមាន​ភាព​តានតឹង​ជាមួយ​ក្រុមហ៊ុន Twitter​ផ្ទុះឡើង​ផងដែរ​។ ក្រុមហ៊ុន Twitter​ប្រកាសថា ការប្រើ​ភាសា​គំរាមកំហែង​របស់លោក​ត្រាំ រំលោភបំពាន​លើ​គោលការណ៍​របស់ខ្លួន​។ ក្រុមហ៊ុន​ត្រូវ​ចាត់វិធានការ​បិទ​មិនឲ្យ​គេ​មើលឃើញសារ ដែល​លោក​ត្រាំ​បាន​ផុស​ឡើយ​នៅ​ថ្ងៃ​ដដែល​នោះ​។ លោក​ត្រាំ​បាន​ចោទ​Twitter ថា មាន​ភាពលម្អៀង​ប្រឆាំងនឹង​ក្រុម​អ្នក​អភិ​វរ​ក្ស​និយម​។ 

​គួរ​ជម្រាបជូន​ថា ក្រោយ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ឈ្មោះ​ច​ច ហ្វ្ល​យ​ត្រូវបាន​ប៉ូលិស​ជ្រុលដៃ​សម្លាប់ កាលពី​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២០ បាតុកម្ម​បាន​កើតឡើង​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​ច​ច​ហ្វ្ល​យ​។ បើទោះបី​ប៉ូលិស​ដែល​ជ្រុលដៃ​សម្លាប់​ច​ច ហ្វ្ល​យ​ត្រូវបាន​ចោទប្រកាន់​ទៅហើ​យក្តី ប៉ុន្តែ​ពួកគេ​នៅតែ​តវ៉ា ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​។ នៅក្នុង​ការតវ៉ា​កន្លងមក បាន​រីក​រាលដាល​ជា​អំពើហិង្សា វាយកម្ទេច​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ដោយ​ក្រុមបាតុករ ខណៈ​ប៉ូលិស​វិញ​ក៏បាន​ប្រើប្រាស់​ដំបង​និង​បាញ់​ស្ប្រៃយ៍​ម្រេច ដើម្បី​បំបែក​ក្រុម​តវ៉ា​ផងដែរ​។ នៅក្នុង​មួយ​ខែមិថុនា​នេះ លោក​ត្រាំ បាន​គំរាម​ប្រើប្រាស់​វិធានការធ្ងន់ៗ​ប្រឆាំងនឹង​ក្រុមបាតុករ ចំនួន​២​លើក​ហើយ​។ លើកទីមួយ​នៅ​ដើមខែ​មិថុនា​ថា នឹង​ប្រើ​កម្លាំង​កងទ័ព ដើម្បី​បង្ក្រាប​ក្រុមបាតុករ ប្រសិនបើ​ពួកគេ​មិន​បញ្ឈប់​សកម្មភាព​នេះ​៕

ព័ត៌មានផ្សេងទៀត