សហព័ន្ធ​ពាណិជ្ជករ​ឥណ្ឌា​តំណាងឲ្យ​ពាណិជ្ជករ​៧០​លាន​នាក់​ស្នើ​ធ្វើពហិការ​ទំនិញ​ចិន​

23-06-2020 5:05 pm 1986

«​ប្រជាជាតិ​ទាំងមូល​ពោរពេញ​ទៅដោយ​កំហឹង​និង​ការឈឺចាប់​ណាស់ ហើយ​ប្តេជ្ញា​ឆ្លើយតប​យ៉ាង​មុតមាំ ចំពោះ​ប្រទេស​ចិន ដោយ​មិនមែន​ប្រើប្រាស់​តែ​ផ្នែក​យោធា​ប៉ុណ្ណោះ​ទេ គឺ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ផងដែរ​»​។ នេះ​ជា​ខ្លឹមសារ​នៅក្នុង​លិខិត​ដែល​លោក Praveen Khandelwal អគ្គលេខាធិការ​សហព័ន្ធ​ពាណិជ្ជករ​ឥណ្ឌា (CAIT) ផ្ញើ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ​មួយចំនួន​នៅ​ក្នុងប្រទេស​ឥណ្ឌា​។ តាមរយៈ​វិធានការ​សេដ្ឋកិច្ច​ប្រឆាំងនឹង​ចិន​នេះ សហព័ន្ធ​ពាណិជ្ជករ​ឥណ្ឌា ដែល​តំណាងឲ្យ​ពាណិជ្ជករ​ប្រមាណ ៧០ លាន​នាក់ បានស្នើ​ឲ្យធ្វើ​ពហិការមិ​ន​ទិញ​ទំនិញ​ចិន និង​ស្នើ​លុបចោល​កិច្ចសន្យា​ដែល​រដ្ឋាភិបាល​បាន​ប្រគល់ឲ្យ​ក្រុម​ហ៊ុនចិន​។​

​ការធ្វើ​បែបនេះ​នឹង​ប៉ះពាល់​ទាំង​ខាង​ភាគី​ចិន​និង​ឥណ្ឌា​។ ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ Maharashtra បាន​ថ្លែងថា ខ្លួន​កំពុង​ដាក់​ផែនការ​វិនិយោគ​ចំនួន ៣ ជាមួយ​ក្រុមហ៊ុន​ចិន ក្នុងនោះ​រួមមាន​ពី​ក្រុមហ៊ុន Great Wall Motor Co ផងដែរ ដែល​មានតម្លៃ​ជា​ទឹកប្រាក់​ចំនួន​៦៨៥​លាន​ដុល្លារ​។ រដ្ឋមន្ត្រីក្រសួង​ឧស្សហ​កម្ម​ឥណ្ឌា​លោក Subhash Desai ថ្លែងថា​នៅក្នុង​បរិយាកាស​បច្ចុប្បន្ន ត្រូវ​រង់ចាំ​រដ្ឋាភិបាល​សហព័ន្ធ ប្រកាស​ពី​គោលនយោបាយ​ច្បាស់លាស់​ទាក់ទង​នឹង​គម្រោង​ទាំងនេះ​។​

​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​ជាតិនិយម​ឥណ្ឌា ខឹង​ចិន​និង​ស្នើ​ប្រើប្រាស់​វិធានការ​សេដ្ឋកិច្ច ប្រឆាំងនឹង​ទីក្រុង​ប៉េកាំង បន្ទាប់ពី​យោធា​ចិន បានសម្លាប់​យោធា​ឥណ្ឌា​២០​នាក់ នៅក្នុង​ជម្លោះ​នៅ​ព្រំដែន​ចំណុច​ជ្រលង​ហ្គាល​វ៉ាន កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០​។ កំហឹង​របស់​ប្រជាជន​ឥណ្ឌា​បាន​ផ្ទុះឡើង ស្របពេល​មេបញ្ជាការ​យោធា​ឥណ្ឌា​និង​ចិន បាន​ព្រមព្រៀង​បន្ថយកម្តៅ​ក្នុង​ជម្លោះ​នៅ​ព្រំដែន​។ លទ្ធផល​នៃ​ការចរចា​អស់​រយៈពេល​ជាច្រើន​ម៉ោង នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ភាគី​ទាំង​ពីរបាន​យល់ព្រម​ដក​កងទ័ព​ចេញពី​តំបន់​ជម្លោះ​រៀងៗ​ខ្លួន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ឥណ្ឌាចិនទំនិញចិន

ព័ត៌មានផ្សេងទៀត