យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដំបូង​របស់លោក​ត្រាំ អ្នកគាំទ្រ​ចូលរួម​តិចជាង​ការរំពឹងទុក​

21-06-2020 5:01 pm 557

​ដំបូង​ឡើយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​អួតថា មនុស្ស​ជិត​១​លាន​នាក់​បាន​ស្នើសុំ​សំបុត្រ សម្រាប់​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ជួបជុំ នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​លើកដំបូង​របស់លោក នៅ​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០២០​។ ប៉ុន្តែ​ជាក់ស្តែង មាន​អ្នកគាំទ្រ​តែ​ជិត​២​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​បាន​ទៅ​ចូលរួម​ស្តាប់​សន្ទរកថា​របស់លោក​ត្រាំ នៅ​មជ្ឈមណ្ឌល​BOK​នៃ​ទីក្រុង​Tulsa​រដ្ឋ​Oklahoma​។ 

​មាន​កត្តា​ធំៗ​មួយចំនួន​ដែល​អាចជា​មូលហេតុ បង្អាក់​ការចូលរួម​របស់​អ្នកគាំទ្រ​។ នៅ​ក្នុងនោះ អាច​ដោយសារតែ​ពួកគេ​បារម្ភ​ពី​ការ​រាតត្បា​តនៃ​វីរុស​កូវី​ដ​-១៩ និង​ម្យ៉ាងទៀត​ការជួបជុំ​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​មុន ដោយ​តម្រូវឲ្យ​ចូលរួម ត្រូវ​ឆ្លងកាត់​ការវាស់ស្ទង់​កម្តៅ បញ្ជាក់​សុខភាព​ថា​គ្មាន​ផ្ទុ​កកូ​វីដ​-១៩ ព្រមទាំង​ត្រូវ​អនុវត្តតាម​វិធានការ​ណែនាំ​នានា​ផ្សេងទៀត ដើម្បី​ការពារ​កុំឲ្យ​ឆ្លង​រោគ​។ យ៉ាងណា នៅក្នុង​សន្ទរកថា​ជិត​២​ម៉ោង​ថ្លែង​ទៅកាន់​អ្នកគាំទ្រ លោក​ត្រាំ​បាន​បន្ទោស​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​តវ៉ា​ប្រឆាំង​រូបលោក ជា​មូលហេតុ​ធ្វើឲ្យ​ចំនួន​អ្នកចូលរួម​ធ្លាក់ចុះ ជាង​ការរំពឹងទុក​យ៉ាងខ្លាំង​។​

​ការបើក​ទំព័រ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​របស់លោក​ត្រាំ បាន​ប្រព្រឹត្តទៅ​ក្រោម​សម្រែក​នៃ​ការតវ៉ា​ប្រឆាំងនឹង​រូបលោក នៅ​ខាងក្រៅ​ទីលាន​ជួបជុំ​។ ជា​ការតវ៉ា​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍ ដែល​បានអូសបន្លាយ​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​តូច ចាប់តាំងពី​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ឈ្មោះ​George Floyd បាន​ស្លាប់​នៅពេល​ប៉ូលិស​ស្បែក​ស យក​ជង្គង់ស្ក​ត់ក​។ លោក​ដូណាល់ ត្រាំ​ដែលមាន​មហិច្ឆតា ចង់​បន្ត​កាន់តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ បាន​រិះគន់​ក្រុមអ្នកតវ៉ា​ដែល​លោក​ចាត់ទុកជា​ការរំខាន​ដល់​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេងគាំទ្រ​។​

​តាមពិត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​លើកដំបូង​សម្រាប់​ឆ្នាំ​២០២០​នេះ លោក​ត្រាំ​មាន​គម្រោង​ធ្វើ​នៅ​ថ្ងៃទី​១៩​ខែមិថុនា ប៉ុន្តែ​បាន​លើក​មក​ធ្វើ​នៅ​ថ្ងៃទី​២០​ខែមិថុនា​វិញ ព្រោះ​ជាន់​ចំ​ថ្ងៃ​ប្រជាជន​អាមេរិក ប្រមូលផ្តុំ​គ្នា​ចូលរួម​ក្នុង​ទិវា​រំលឹក​ខួប​បញ្ចប់​ទាសភាព នៅ​សហរដ្ឋអាមេរិក ឬ​ហៅថា Juneteenth​។ ទិវា​រំលឹក​ខួប​បញ្ចប់​ទាសភាព​នេះ ក៏មាន​ការប្រមូលផ្តុំ​តវ៉ា​ប្រឆាំងនឹង​លោក​ដូណាល់ ត្រាំ​ដែរ​។​

​រដ្ឋ​Oklahoma ស្ថិតក្នុង​ចំណោមរដ្ឋ​សំខាន់ៗ​ចំនួន​៣​ផ្សេងទៀត ដែល​លោក​ត្រាំ​បានប្រកាស​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២០​ខែមិថុនា ដូចជា រដ្ឋ​Florida, រដ្ឋ​Arizona​និង​រដ្ឋ​North Caroline​។ លោក​ដូណាល់ ត្រាំ​បាន​បង្ខំ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ទាំង​ប្រឈម​នឹង​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩ ព្រោះ​ការបោះឆ្នោត​កាន់តែ​ខិត​មក​ជិត​ដល់​ហើយ មិនអាច​ពន្យារពេលបាន​ទេ​។ រដ្ឋ​ដែល​លោក​ជ្រើស​ជា​កន្លែង​ជួបជុំ​លើកដំបូង មាន​ករណី​កូវី​ដ​-៩​កើនឡើង​ខ្លាំង​ទៀតផង​។ គ្រាន់តែ​ចាប់ផ្តើម​ការជួបជុំ គេ​បាន​រកឃើញ​សមាជិក​៦​នាក់ នៃ​ក្រុម​រៀបចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត វិជ្ជ​មានកូ​វីដ​-១៩​។ ដូច្នេះ​បារម្ភ​ថា​ការជួបជុំ​ទ្រង់ទ្រាយ​ធំ អាច​នឹង​ធ្វើឲ្យ​ករណី​ឆ្លង​កើនឡើង ខណៈ​អ្នកចូលរួម​ខ្លះ​មិនបាន​ពាក់​ម៉ាស់​ការពារ​ទេ​។ 

​សូមបញ្ជាក់ថា ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត