ខិត្តប័ណ្ណគរលើគ្នាជាពំនូកដូចភ្នំ ត្រូវបានគេតៀមទុក ដើម្បីបម្រើនៅក្នុងយុទ្ធនាការចែកចាយខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងត្បូង ជាលក្ខណៈទ្រង់ទ្រាយធំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងហៅកាត់ថា KCNA បានចុះផ្សាយនៅថ្ងៃសៅរ៍ទី២០ខែមិថុនាឆ្នាំ២០២០នេះថា ប្រជាជនកូរ៉េខាងជើងដែលមានកំហឹងពាសពេញប្រទេស កំពុងតែត្រៀមលក្ខណៈ សម្រាប់ការចាប់ផ្តើមការចែកចាយខិត្តប័ណ្ណនេះ នៅតាមបន្ទាត់ព្រំដែន ដើម្បីសងសឹកនឹងកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានសកឲ្យកូរ៉េខាងត្បូងថា ទាល់តែជួបប្រទះខ្លួនឯង ទើបយល់ពីអារម្មណ៍អាក់អន់ចិត្ត ដែលត្រូវគេរិះគន់នោះថាវាយ៉ាងម៉េច។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលទទួលខុសត្រូវសម្រាប់ការសន្ទនាអន្តរកូរ៉េ និយាយសៅរ៍នេះថា ផែនការរបស់កូរ៉េខាងជើង ក្នុងការចែកចាយខិត្តប័ណ្ណ គឺជាការគួរឲ្យសោកស្តាយបំផុត ហើយបានជំរុញឲ្យរំសាយផែនការនេះជាបន្ទាន់។ សម្រាប់កូរ៉េខាងត្បូង សកម្មភាពចែកចាយខិត្តប័ណ្ណរិះគន់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងឡើយ តែជាទង្វើររបស់សកម្មជនពីរក្រុម ដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារ រវាងមេដឹកនាំកូរ៉េខាងជើងនិងខាងត្បូង កាលពីឆ្នាំ២០១៨ត្រូវប្រេះឆា។ ប្រេះឆា ដោយសារតែសមិទ្ធផលដែលសម្រេចបានពីកិច្ចចរចានោះ ត្រូវកូរ៉េខាងជើងកម្ទេចចោលអស់ទៅហើយ ដោយសារតែការខឹងសម្បារនឹងការបង្ហោះខិត្តប័ណ្ណរិះគន់។ នៅក្នុងនោះ កូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងរួមចោល ថែមទាំងប្រកាសពង្រឹងកម្លាំងយោធានៅតាមបណ្តោយព្រំដែន ជាដើម។
បើទោះបីជាកូរ៉េខាងជើងធ្វើបែបនេះ តែកូរ៉េខាងត្បូងមិនឆោឡោខឹងតបតទៅវិញឡើយ ដ្បិតមានការអាក់អន់ចិត្តខ្លះ ដោយសារតែត្រូវប្អូនស្រីលោកគីម ជុងអ៊ុនស្តីបន្ទោសក្តី នៅរក្សាចិត្តធ្ងន់ ចង់ចរចាបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង។ តែសំណើរនេះត្រូវកូរ៉េខាងជើងប្រកែកមិនទទួលយកនៅឡើយទេ។ បន្ថែមលើនេះ ភាគីកូរ៉េខាងត្បូង កាន់តែរក្សាភាពស្ងប់នៅព្រំដែន។ ក្រុមដឹកនាំការចែកចាយខិត្តប័ណ្ណនិយាយនៅថ្ងៃសុក្រថា ខ្លួនបានលុបចោលផែនការបញ្ជូនដបប្លាស្ទិចរាប់រយកញ្ចប់ ដែលមានផ្ទុកអង្ករ ថ្នាំពេទ្យនិងម៉ាស់ ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយបោះចូលក្នុងសមុទ្រក្បែរព្រំដែន៕ ដោយ៖អ៊ុន សុខឡា