គ​.​ជ​.​ប​នឹង​បំផ្លាញចោល​សន្លឹកឆ្នោត​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ពី​ឆ្នាំ​២០១២-២០១៧

19-06-2020 11:45 am 478
សន្លឹកឆ្នោត

​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តាម​អាណត្តិ​នីមួយៗ និង​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​តាម​អាណត្តិ​នីមួយៗ នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ពិធី​បំផ្លាញ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៤​មិថុនា​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) តាមរយៈ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០២០​នេះ បញ្ជាក់ថា​នឹង​រៀបចំ​ពិធី​បំផ្លាញ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៧​កន្លង​ទៅ​ចោល ដោយ​ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៤ មិថុនា​ខាង​មុខ​។ 

​ការបំផ្លាញ​ចោល​សន្លឹក​ឆ្នោត​នេះដែរ អនុលោម​តាម​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​សមត្ថកិច្ច សិទ្ធិអំណាច និង​មាន​ភារកិច្ច​រៀបចំ​គណៈ​កម្ម​ការ​ដើម្បី​បំផ្លាញ​សន្លឹកឆ្នោត ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តាម​អាណត្តិ​នី​មួយៗ បន្ទាប់ពី​បាន​រក្សា​ទុក​ដោយ​សុវត្ថិភាព​នូវ​សន្លឹក​ឆ្នោត​ទាំងនោះ​រយៈពេល​៦​ឆ្នាំ និង​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ តាម​អាណត្តិ​នី​មួយៗ ក្រោយ​រក្សា​ទុក​រយៈពេល​៣​ឆ្នាំ​ចាប់ពី​ថ្ងៃ​បោះឆ្នោត​អាណត្តិ​នី​មួយៗ​។​

​គួរបញ្ជាក់​ថា ពិធី​បំផ្លាញ​សន្លឹកឆ្នោត​នេះ​ជា​លើក​ទី​៤​ហើយ​ដែល គ​.​ជ​.​ប​បាន​បំផ្លាញ​សន្លឹកឆ្នោត​ចាប់តាំងពី​បាន​រៀបចំ​ការបោះឆ្នោត​​នៅ​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​។​

​ជាមួយគ្នា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អំពាវនាវ​ឲ្យ​តំណាង​គណបក្ស​នយោបាយ អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​ជា​សាក្សី​ក្នុង​ការបំផ្លាញ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​នេះ​៕
​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  សន្លឹកឆ្នោតគ.ជ.ប

ព័ត៌មានផ្សេងទៀត