អង្គការសុខភាពពិភពលោក(WHO)បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា បរិមាណវ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រមាណជាពីរបីរយលាននឹងត្រូវផលិតឡើងនៅមុនដំណាច់ឆ្នាំនេះ ហើយនឹងចែកចាយទៅកាន់តំបន់ងាយរងគ្រោះបំផុត។ ទីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិមួយនេះបានបន្ថែមដែរថា បច្ចុប្បន្នខ្លួនកំពុងធ្វើការលើការសន្មត់ពីបរិមាណដែលត្រូវផលិត ហើយបើគិតដល់ចុងឆ្នាំ២០២១បរិមាណនៃការផលិតអាចនឹងកើនឡើងដល់២ពាន់លានឯណោះ ខណៈដែលក្រុមហ៊ុនឱសថកំពុងប្រញាប់ប្រញាល់លើកិច្ចការស្វែងរកវ៉ាក់សាំងមានប្រសិទ្ធភាព។
ប្រធានក្រុមអ្នកវិទ្យាសាស្ដ្រនៃអង្គការសុខភាពពិភពលោក អ្នកស្រីSoumya Swaminathanបាននិយាយថា ក្រុមស្រាវជ្រាវកំពុងធ្វើតេស្ដវ៉ាក់សាំងជាង២០០ប្រភេទនៅជុំវិញពិភពលោក ក្នុងនោះមាន១០ប្រភេទធ្វើតេស្ដទៅលើមនុស្ស។ ប្រសិនសំណាងល្អនោះនឹងមានវ៉ាក់សាំងមួយឬពីរប្រភេទ អាចធ្វើតេស្ដដោយជោគជ័យមុនដំណាច់ឆ្នាំនេះ។ សព្វថ្ងៃក្រុមការងារជំនាញកំពុងធ្វើការយ៉ាងញាប់ដៃញាប់ជើង ដើម្បីសន្មត់ពីបរិមាណផលិតប្រមាណជាពីររយលានវ៉ាក់សាំងនៅចុងឆ្នាំ២០២០។ ក្រុមការងារក៏មានសុទិដ្ឋិនិយមខ្ពស់ដែរថានៅឆ្នាំ២០២១អាចនឹងផលិតបានដល់បរិមាណ២ពាន់លាន នៃវ៉ាក់សាំងមួយឬពីរប្រភេទដែលមានប្រសិទ្ធភាព សម្រាប់ចែកចាយទៅកាន់ជុំវិញពិភពលោក។ ចំពោះវ៉ាក់សាំងដែលផលិតបាននឹងត្រូវបញ្ជូនទៅកាន់តំបន់ងាយរងគ្រោះមុន ក្រោយមកទើបបញ្ជូនទៅកាន់តំបន់ផ្សេងៗទៀត។
នាយកក្រុមហ៊ុនផលិតឱសថជាច្រើនបាននិយាយកាលពីចុងខែមុនថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩មួយឬក៏ពីប្រភេទអាចនឹងត្រូវផលិតឡើងនៅមុនឆ្នាំ២០២១ ប៉ុន្ដែពួកគេក៏ចេញការព្រមានដែរថា បើរកឃើញហើយយ៉ាងហោចណាស់ក៏ត្រូវផលិតដល់ចំនួន១៥ពាន់លានឯណោះ ទើបអាចប្រើប្រាស់គ្រប់ដើម្បីទប់ស្កាត់កូវីដ-១៩បាន។
អ្នកស្រីSoumya Swaminathanបានបញ្ជាក់បន្ថែមដែរថា ពេលនេះអ្នកវិទ្យាសាស្ដ្រកំពុងវិភាគលើវីរុសកូរ៉ូណាថ្មីឬកូវីដ-១៩នេះចំនួន៤ម៉ឹនបន្ដបន្ទាប់គ្នា។ ការវិភាគបង្ហាញថាវាកំពុងតែផ្លាស់ប្ដូររូបរាង ដោយការផ្លាស់ប្ដូរគឺយឺតយ៉ាវជាងជំងឺផ្ដាសាយធម្មតា។ យ៉ាងណាមិញមេរោគមិនទាន់ប្រែប្រួលឈានដល់ការប្រកាសអាសន្នពីភាពធ្ងន់ធ្ងរ ឬក៏ការឆ្លើយតបនឹងភាពស៊ាំនោះទេ៕
ដោយ៖ពេញ ផេង