លោកគង់ គាំ៖ ទោះគ្មានអតីតCNRP ក៏ការបោះឆ្នោតនាពេលខាងមុខ នឹងត្រូវបន្តធ្វើ

19-06-2020 10:38 am 727

លោកគង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើង ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧នាពេលខាងមុខ នឹងត្រូវបន្តធ្វើដោយការទទួលខុសត្រូវ ហើយនឹងធ្វើឲ្យប្រសើរឡើងខាងផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសេរីពហុបក្ស ទោះគ្មានអតីតគណបក្សសង្រ្គោះជាតិ(CNRP)ក៏ដោយ ។

លោកគង់ គាំ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមិថុនា ថា គណបក្សឆន្ទៈខ្មែរដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយបន្តវេន ហើយចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ កាលពីឆ្នាំ២០១៨កន្លងទៅនេះ គឺដោយសារតែគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយចោល ព្រមទាំងមិនជឿថាអតីតគណបក្សប្រឆាំងមួយនេះ អាចនឹងមានវត្តមានឡើងវិញបានទេ ទោះតាមផ្លូវនយោបាយ ឬតាមផ្លូវតុលាការក៏ដោយ។

ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងជាអ្នកនយោបាយចាស់វស្សារូបនេះ បានសរសេរលើកឡើងថា”ខ្ញុំប្រាកដក្នុងចិត្តថា៖ដំណើរនយោបាយកម្ពុជា(គ្មានអតីតCNRP)ត្រូវបន្តតាមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ដោយការទទួលខុសត្រូវ ពោរពេញដោយការធ្វើអោយប្រសើរឡើងខាងផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសេរីពហុបក្សដែលមជ្ឈដ្ឋាន(ជាតិ-អន្តរ ជាតិ) រំពឹងចង់បានជាក់ជាមិនខាន”។

លោកគង់ គាំ បានលើកឡើងទៀត ថា ចៅសង្កាត់-មេឃុំ និងក្រុមប្រឹក្សាពហុបក្សថ្នាក់ក្រោមជាតិ ពហុបក្សថ្នាក់ជាតិ គឺជាអំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ ហើយត្រូវធ្វើតែតាមរយៈការបោះឆ្នោត ពីប្រជាពលរដ្ឋទាំងអស់គ្នាតែមួយគត់។

លោកថា ដើម្បីតម្កល់ស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងស្មារតីរដ្ឋធមនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មិនអោយទន់ខ្សោយនិងបាត់បង់ជាដាច់ខាត គឺជាតួនាទីនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបញ្ជាក់ជាច្រើនដងហើយថា ជាផ្លូវការគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោលតាមរយៈសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ា។ ដូច្នេះគណបក្សសង្រ្គោះជាតិ មិនអាចបើកដំណើរការឡើងវិញនោះឡើយ។ លោកសុខ ឥសាន បានបញ្ជាក់ទៀតថា ពុំមានការចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជា ជាមួយអតីតគណបក្សសង្រ្គោះជាតិ ដើម្បីអាចឲ្យអតីតបក្សប្រឆាំងមួយនេះបើកដំណើរឡើងនោះទេ៕ (ដោយ៖ឃួន សុភ័ក្រ) 

ព័ត៌មានផ្សេងទៀត