កម្ពុជា-កូរ៉េខាងត្បូង នឹងចាប់ផ្តើមចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែក្រោយនេះ ពោលគឺនៅខែកក្កដា ឆ្នាំ២០២០។ ការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ធ្វើឡើងបន្ទាប់ភាគីទាំងពីរបានបញ្ចប់ការសិក្សាពីសក្តានុពល និងបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើវិស័យពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០១៩។
លោក ងែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច បានលើកឡើងថា កិច្ចចចារខាងលើនេះអាចជាការបើកផ្លូវថ្មីមួយទៀតសម្រាប់កម្ពុជា ប៉ុន្តែលោកថា ត្រូវពិនិត្យមើលឱ្យលម្អិត តើទៅថ្ងៃអនាគតកម្ពុជាអាចនាំអ្វីចេញទៅទីផ្សារកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូង អាចនាំអ្វីខ្លះចូលមកលក់នៅកម្ពុជា? សម្រាប់លោក ង៉ែត ជូ លោកថា ការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េខាងត្បូង លោកមិនប្រាកដថាកម្ពុជាមានផលចំនេញអ្វីនាពេលបច្ចុប្បន្ននេះទេ ដោយសារតែកម្ពុជានាំចូលច្រើនជាងនាំចេញ…………
សំឡេងលោកង៉ែត ជូ៖
បើទោះជាបែបនេះក្ដីអ្នកជំនាញសេដ្ឋកិច្ចរូបនេះនិយាយថា រាជរដ្ឋាភិបាលអាចសិក្សាលម្អិតពីលទ្ធភាពក្នុងការនាំចេញផលិតផលមួយចំនួនហើយ ដូច្នេះផលិតផលមួយចំនួនរបស់កម្ពុជាអាចនឹងធ្វើការនាំចេញទៅលក់នៅប្រទេសកូរ៉េខាងត្បូងបាន។ ប៉ុន្តែលោកបញ្ជាក់ថា កាលលោកធ្វើការនៅវិស័យកសិកម្ម ផលិតផលកសិកម្មមួយចំនួនដែលគ្រោងនាំចេញទៅលក់នៅប្រទេសកូរ៉េខាងត្បូង ការនាំចេញទៅលក់នៅមានតិចតួចនៅឡើយ។
សម្រាប់លោក ង៉ែត ជូ ប្រសិនបើការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េខាងត្បូង ទទួលបានជោគជ័យមែន កម្ពុជានឹងខាតបង់ចំណូលពីការបង់ពន្ធនាំចូលពីកូរ៉េខាងត្បូង ដោយសារតែការនាំចូលនិងនាំចេញទំនិញនៃប្រទេសទាំងពីរ មិនតម្រូវឱ្យមានការបង់ពន្ធទេ។ លោកបញ្ជាក់ថា កម្ពុជាគួរតែពង្រឹងលើការផលិតទាក់ទងនឹងវិស័យកសិកម្ម សម្រាប់ធ្វើការនាំចេញទៅប្រទេសកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េខាងត្បូងនេះ នឹងជួយឱ្យភាគីទាំងពីរ ទទួលបានផលចំណេញទៅវិញទៅមក។ លោកបន្ថែមថា ក្រៅពីវិស័យពាណិជ្ជកម្មទំនិញនោះ វិស័យសេវាកម្ម វិស័យវិនិយោគ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនឱ្យគ្នាទៅមកទៀតផង។«ផលិតផលសក្ដានុពលរបស់កម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង គឺមានផលិតផលវាយនភ័ណ្ឌ [សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក] និងផលិតផលកសិកម្មមួយចំនួន»។
កូរ៉េខាងត្បូងជាប្រទេសគោលដៅទី២ហើយ នៃការឈានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា បន្ទាប់ពីកម្ពុជាចរចាកិច្ចព្រមព្រៀងនេះជាមួយប្រទេសចិនបានជាផ្លូវការ ដែលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នាចុងឆ្នាំ២០២០។ ក្រៅពីប្រទេសចិន និងកូរ៉េខាងត្បូង រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតក្រុមការងារជំនាញដើម្បីសិក្សា និងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រចរចា ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗគោលដៅចំនួន៦ទៀត។ ក្នុងនោះ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ជាអង្គការសមាហរណកម្មថ្នាក់តំបន់នៅអាស៊ីខាងលិច អាស៊ីខាងកើត និងអាស៊ីកណ្តាល, ប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា ជាដើម៕