លោក​ច​ន ប៊ូល​តុ​ន​៖លោក​ត្រាំ​ស្នើ​ចិន​ជួយ​ឲ្យ​លោក​ឈ្នះ​ការបោះឆ្នោត​អាណត្តិ​ថ្មី

18-06-2020 3:34 pm 518

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ស្នើសុំ​ចិន​ជួយ​ឲ្យ​លោក​បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី ធ្វើឡើង​អំឡុងពេល​ជួបពិភាក្សា​ជាមួយ​លោក​ស៊ី ជី​ង​ពី​ន​ប្រធានាធិបតី​ចិន​នៅក្នុង​កិច្ចប្រជុំ​G20 ក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការទម្លាយ​ឲ្យដឹង ដោយ​សៀវភៅ​ដែលមាន​ចំណងជើង​ថា The Room Where It Happened កម្រាស​៥៧៧​ទំព័រ ចង​ក្រង​ដោយ​លោក​ច​ន ប៊ូល​តុ​ន​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ដែល​ត្រូវ​លោក​ត្រាំ​ដក​ចេញពី​តំណែង​ឆ្នាំ​២០១៩ ដោយសារតែ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន​។ សំណេរ​ក្នុង​សៀវភៅ លោក​ប៊ូល​តុ​ថា លោក​ត្រាំ​បាន​សុំ​អង្វរ​លោក​ស៊ី​ឲ្យជួយ តាមរយៈ​ការបង្កើន​ការទិញ​ទិន្នផល​កសិកម្ម ពី​កសិករ​អាមេរិក​ឲ្យបាន​កាន់តែ​ច្រើន ព្រោះ​វា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​លទ្ធផល​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០​។​

​កសិករ​អាមេរិក​បាន​ជួបប្រទះ​នូវ​ការលំបាក នៅក្នុង​ការលក់ដូរទិន្នផល​កសិកម្ម ដូចជា​សណ្តែកសៀង​និង​ស្រូវ​សាលី ហើយ​ប្រសិនបើ​លោក​ត្រាំ​អាច​ស្វែងរក​ទីផ្សារ​ឲ្យ​ពួកគេ​បាន អាច​ទាក់ទាញ​ទឹកចិត្ត​កសិករ​ទាំងនោះ គាំទ្រ​រូបលោក នៅក្នុង​ការបោះឆ្នោត​ដែល​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ ហេតុនេះ​ទើប​លោក​ត្រាំ​ស្នើ​ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ឲ្យជួយ បង្កើន​ការបញ្ជាទិញ​ទិន្នផល​ទាំងនេះ និង​ធានាថា​លោក​នឹង​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​។ ជា​ការឆ្លើយតប លោក​ស៊ី​បាន​យល់ព្រម លើកយក​បញ្ហា​នេះ ជា​ចំណុច​អទិភាព​នៅក្នុង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​។ នៅពេល​ទទួលបាន​ចម្លើយ​ជាទី​គាត់​ចិត្ត លោក​ត្រាំ​កាលនោះ បាន​ហៅ​លោក​ស៊ីថា​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ចិន​។ ប៉ុន្តែ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer​នៅ​ល្ងាច​ថ្ងៃ​ពុធ​បាន​ជំទាស់​នឹង​សំណេរ​របស់លោក​ប៊ូល​តុ​ន ដោយ​និយាយថា ការស្នើសុំ​ជំនួយ​ក្នុង​ការបោះឆ្នោត​មិនដែល​កើតមាន​ឡើយ​។​

​សៀវភៅ​ដែល​លាតត្រដាង​នូវ​កិច្ចសន្ទនា​សម្ងាត់ រវាង​ប្រធានាធិបតី​អាមេរិក​និង​ចិន គ្រោង​ដាក់លក់​នៅ​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០​។ សំណេរ​ក្នុង​សៀវភៅ​បាន​រំលេច​រឿងរ៉ាវ​រសើបៗ​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ការ​លូកដៃ​ចូលក្នុង​បញ្ហា​នៅវេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បញ្ហា​នៅ​អ៊ុយ​ក្រែ​ននិង​នុយក្លេអ៊ែរ​ជាដើម​។ សេត​វិមាន​បាន​ព្យាយាម​រារាំង​មិនឲ្យ​សៀវភៅ​នេះ​ចេញផ្សាយ​ឡើយ ដោយ​ស្នើសុំ​តុលាការ​សហព័ន្ធ​ចេញ​បទបញ្ជា​ហាមឃាត់​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ពុធ ប្រឆាំងនឹង​ការចេញផ្សាយ​។ លោក​ត្រាំ​ធ្លាប់​ព្រមាន​ប្រាប់​ទៅ​អ្នកកាសែត​ក្នុង​សប្តាហ៍​នេះ​ថា លោក​ប៊ូល​តុ​ន​អាច​ប្រឈមមុខ​នឹង​“ បញ្ហា​ព្រហ្មទណ្ឌ​” ដោយសារតែ​សៀវភៅ​នេះ​ទៀតផង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត