ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប៉ារីស បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស បានសម្រេចដាក់លោកសម រង្សីឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណ:លើបុគ្គល» គឺបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
សារព័ត៌មានដែលស្និទនឹងរដ្ឋាភិបាល បានសរសេររៀបរាប់ថា ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា លោក សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ ហើយលោក សម រង្ស៊ី ពុំមានមូលដ្ឋានផ្លូវច្បាប់ ដែលអាចប្រកែកដោះបន្ទុក ឬធ្វើការជំទាស់ទៅនឹងពាក្យសម្ដីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់នោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ហ៊ុន សែន តាមរយៈមេធាវីរបស់ខ្លួន និងមេធាវីបារាំង បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងលោកសម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីសប្រទេសបារាំង៕