កាលពីថ្ងៃទី១៧មិថុនានេះរដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ដ្រីការបរទេសអាស៊ាន-រុស្ស៊ីតាមរយៈប្រព័ន្វវីដេអូស្ដីពីជំងឺឆ្លងកូវីដ-១៩។ កិច្ចប្រជុំនេះសម្របសម្រួលដោយឥណ្ឌូនេស៊ី និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយរុស្ស៊ី។ ការរៀបចំកិច្ចប្រជុំពិសេសឡើងដើម្បីជាផ្នែកមួយនៃយុទ្ធសាស្ដ្រអាស៊ាន-រុស្ស៊ី និងជាឱកាសមួយសម្រាប់ភាគីទាំងពីរពិភាក្សាលើមធ្យោបាយនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្ដិលើគ្រប់វិស័យ ពិសេសក្នុងវិស័យសាធារណៈដើម្បីទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំនោះដែរលោកប្រាក់ សុខុនក៏បានចែករំលែកនៅទស្សនៈមួយចំនួនផងដែរគឺ ប្រទេសទាំងអស់ចាំបាច់ត្រូវទទួលបានទាន់ពេលវេលានិងដោយគ្មានការរារាំង នូវថ្នាំបង្ការនិងវ៉ាក់សាំងដែលប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាទំនិញរួមរបស់ពិភពលោក។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនាពេលអនាគត ដូចជាជំងឺរាតត្បាតជាដើម ពហុភាគីនិយមគឺជាអ្វីដែលមិនអាចខ្វះបាន ដោយសារបណ្ដាប្រទេសនានាត្រូវការការសម្របសម្រួល និងការឆ្លើយតបរួមគ្នាថែមទៀតដោយផ្អែកលើទិន្ន័យវិទ្យាសាស្ដ្រនិងភស្ដុតាង។
លោករដ្ឋមន្ដ្រីបានបន្ថែមទៀតថា ភាគីទាំងពីរគួរតែបន្ដទាញការគាំទ្រពីដៃគូក្នុងតំបន់ ដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីជំរុញសេចក្ដីប្រកាសទីក្រុងភ្នំពេញស្ដីពីគំនិតផ្ដួចផ្ដើមអភិវឌ្ឍកិច្ចប្រជុំកំពូលអាស៊ីបូព៌ាឆ្នាំ២០១៨-២០២២ ដែលផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្ដិការលើបញ្ហាសុខភាពពិភពលោកនិងជំងឺឆ្លងរាតត្បាតនានា។ ក្រៅពីនេះលោកគូសបញ្ជាក់ទៀតថា ដោយទទួលស្គាល់នូវតួនាទីចម្បងរបស់អង្គការសុខភាពពិភពលោក នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជារីករាយដែលអាស៊ាននិងរុស្ស៊ីបានគាំទ្រការអនុម័យសេចក្ដីសម្រេចចិត្ដដោយសម័យប្រជុំសភាសុខភាពពិភពលោកកាលពីខែឧសភាកន្លងមក និងបានទទួលស្គាល់សារសំខាន់នៃវិធានការអនុវត្ដិវិធានការសុខភាពនានា ស្របតាមសារាចរសុខភាពអន្ដរជាតិឆ្នាំ២០០៥។
លោកប្រាក់ សុខុនលើកឡើងដែរថា អាស៊ាននិងរុស្ស៊ីអាចធ្វើកិច្ចសហប្រតិបត្ដិការជាមួយគ្នាបានច្រើនថែមទៀត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ឡើងវិញតាមរយៈការធ្វើលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យបានខ្លាំងក្លាបំផុត ដែលជាផ្នែកមួយនៃដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្ដិកូវីដ-១៩។ ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងនៃគូសន្ទនាអាស៊ាន-រុស្ស៊ីសម្រាប់ឆ្នាំ២០២១-២០២៤ខាងមុខ កម្ពុជានឹងខិត្ដខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីថែបំប៉ន និងពង្រឹងថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនានេះ ជាប្រយោជន៍ដល់សន្ដិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
គួរជម្រាបជូនដែរថា នៅក្នុងកិច្ចប្រជុំកំពូលបានអនុម័តសេចក្ដីប្រកាសរួមរវាងរដ្ឋមន្ដ្រីការបរទេសអាស៊ាន-រុស្ស៊ី ស្ដីពីជំងឺឆ្លងកូវីដ-១៩ ហើយទន្ទឹងរង់ចាំការចូលរួមបន្ថែមទៀតរវាងអាស៊ាននិងរុស្ស៊ី ដើម្បីសម្របសម្រួលការឆ្លើយតបរួមគ្នាចំពោះបញ្ហាសុខភាពពិភពលោក៕
ដោយ៖ពេញ ផេង