ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេសលែងតម្រូវឲ្យតម្កល់ប្រាក់សម្រាប់ធ្វើចត្តាឡីស័កទៀតហើយ

18-06-2020 10:46 am 327
  ស្តាប់
ស្តាប់ជាសំឡេង

លោកម៉ម ប៊ុនហេងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថារាជរដ្ឋាភិបាលលើកលែងការតម្រូវឲ្យមានការធានារ៉ាប់រងសុខភាព និងការតម្កល់ប្រាក់ចំនួន៣.០០០ដុល្លារសម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ដ ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទីដ្ឋានការពិសេស ចូលមកកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេងបានឲ្យដឹងថា ដោយមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានកែសម្រួលលើវិធានការការពារទប់ស្កាត់និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរទាំងអស់ចូលមកកម្ពុជារួមទាំង អ្នកការទូត ត្រូវបានកែសម្រួលដូចខាងក្រោម ៖

ទី១-លើកលែងការតម្រូវឲ្យមានការធានារ៉ាប់រងសុខភាព និងការតម្កល់ ប្រាក់ចំនួន ៣.០០០ដុល្លារ សម្រាប់សេវាផ្សេងៗ ក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និង ពិនិត្យព្យាបាលជំងឺ កូវីដ-១៩ ចំពោះ អ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa K) ចូលមកកម្ពុជា ប៉ុន្តែតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ដោយប្រទេសសាមីដែលបញ្ជាក់ថាគ្មានវីរុសកូវីដ-១៩ និងមានសុពលភាព៧២ម៉ោងចាប់ពីពេលចេញដំណើរពីប្រទេសតាំងនៅ។

ទី២-ស្ថានបេសកកម្មបរទេស និងអង្គការអន្តរជាតិនៅភ្នំពេញទាំងអស់ដែលមានអ្នកការទូតនិងមន្ត្រីអង្គការអន្ដរជាតិចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺ កូវីដ-១៩របស់អ្នកការទូត និងអង្គការអន្ដរជាតិទាំងនោះ និងពីការធានាធ្វើបានត្រឹមត្រូវនូវការដាក់ចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃដោយខ្លួន ឯង។

ទី៣-រាល់វិធានការផ្សេងទៀត ដែលមានចែងក្នុងសេចក្តីប្រកាសលេខ១០១ ខល ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ស្ថិតនៅជាធរមានដដែល។

សូមជម្រាបថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល បន្តអំពាវប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ទៅបុគ្គលម្នាក់និងកុំឲ្យមានរលកទីពីរនៃការចម្លងវីរុស កូវីដ-១៩៕ ដោយ៖ភិន សុភី

ព័ត៌មានផ្សេងទៀត