កូរ៉េខាងជើង​បដិសេធ​សំណើ​របស់​កូរ៉េខាងត្បូង​និង​ប្តេជ្ញា​ពង្រាយ​ទ័ព​នៅ​ព្រំដែន​

17-06-2020 11:07 am 715

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ឲ្យដឹងថា​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង បានស្នើ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Chung Eui-yong និង​ប្រមុខ​ចារកម្ម​លោក Suh Hoon ឲ្យធ្វើជា​បេសកជន​ពិសេស ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងជើង ដើម្បី​ចរចា​បន្ធូរបន្ថយ​ភាព​តានតឹង​។ ប៉ុន្តែ​អ្នកស្រី​គីម យ៉ូ​ជុង​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្សកាន់អំណាច បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​សំណើ​នេះ​។ 

​ក្រៅពី​ទាត់ចោល​សំណើសុំ​ចរចា កូរ៉េខាងជើង​នៅតែ​រក្សា​ជំហរ​បញ្ជូន​កងទ័ព ទៅ​ដាក់ពង្រាយ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ​ឡើងវិញ​ផងដែរ​។ នៅ​ថ្ងៃ​ដដែល  អ្នកនាំពាក្យ​សម្រាប់​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​កូរ៉េខាងជើង​ហៅ​កាត់​ថា​KPA​និយាយថា នឹង​បញ្ជូន​កងទ័ព​ទៅកាន់​តំបន់ភ្នំ Kumgang និង Kaesong ក្បែរ​ព្រំដែន​ដែន​កូរ៉េ​ទាំងពីរ​។ ទីតាំង​នេះ​ជា​កន្លែង​ដែល​កូរ៉េខាងជើង​និង​ខាងត្បូង ធ្លាប់បាន​ឯកភាព​អនុវត្ត​គម្រោង​សេដ្ឋកិច្ច​រួមគ្នា​កាលពីពេល​កន្លងទៅ​។ អ្នកនាំពាក្យ KPA និយាយ​បន្ថែមថា ប៉ុស្តិ៍ប៉ូលីស​ដែល​បាន​ដក​ចេញពី​តំបន់​គ្មាន​យោធា នឹងត្រូវ​ដំឡើង​ជាថ្មី ខណៈ​អង្គភាព​កាំភ្លើង​ធំ​នៅ​ជិត​ព្រំដែន​សមុទ្រ​ខាងលិច ដែលជា​កន្លែង​បង្ហោះ​ខិតប័ណ្ណ​ឃោសនា​ពី​ប្រជាជន​កូរ៉េខាងជើង រត់​ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​នោះ នឹង​ត្រូវបាន​ពង្រឹង​បន្ថែម​។ លើសពីនេះ កូរ៉េខាងជើង​នឹង​ចាប់ផ្តើម​បញ្ជូន​ខិត្តប័ណ្ណ​ប្រឆាំង​ទីក្រុង​សេ​អ៊ូ​ល​ជាថ្មី នៅតាម​បន្ទាត់​ព្រំដែន​ផងដែរ​។​

KCNA​បាន​ចុះផ្សាយ​ថា ដំណោះស្រាយ​ចំពោះ​វិបត្តិ​បច្ចុប្បន្ន រវាង​កូរ៉េខាងជើង​និង​ខាងត្បូង ដែល​បណ្តាលមកពី​ការ​អសមត្ថភាព និង​ការមិន​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​កូរ៉េខាងត្បូង គឺ​មិនទាន់​អាច​ធ្វើទៅបាន​នោះទេ ហើយ​វា​អាច​បញ្ចប់​ទៅវិញ​បាន លុះត្រាតែ​មានការ​តបស្នង​ឲ្យបាន​សមរម្យ​។​

​នៅក្នុង​របាយការណ៍​ដាច់ដោយឡែក ចុះផ្សាយ​ដោយ​KCNA លោកស្រី​គីម យ៉ូ​ជុងបាន​ប្រើ​ពាក្យសំដី​ធ្ងន់ៗ​រិះគន់​លោក​មូន ជែ​អ៊ីន ថា​បាន​បរាជ័យ​នៅក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៨ ហើយ​បាន​ឱនក្បាល​គាំទ្រ​អាមេរិក​។ ចំពោះ​កូរ៉េខាងត្បូង​វិញ​ដ្បិត​មាន​ឆន្ទៈ​សម្របសម្រួល តែ​មិនអាច​ទទួលយក​ពាក្យរិះគន់​ដ៏​សែន​គ្រោតគ្រាត​បានទេ​។ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​លោកស្រី Yoon Do-han និយាយ​យ៉ាងខ្លី​ថា កូរ៉េខាងត្បូង​នឹងមិន​ទ្រាំ​ទទួល​អាកប្បកិរិយា​មិន​សម​ហេតុផល តទៅទៀត​បានឡើយ​។ ប៉ុន្តែ​លោកស្រី​មិនបាន​លម្អិត​ខ្លឹមសារ​អ្វី​បន្ថែម​លើសពីនេះ​ទេ​។​

​ភាព​តានតឹង​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង បាន​កើនឡើង​ស្ទើរតែ​ដល់​កម្រិត​កំពូល បន្ទាប់ពី​កូរ៉េខាងជើង​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​រួម រវាង​កូរ៉េ​ទាំងពីរ​ចោល​នៅ​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២០​។ ការកម្ទេច​ការិយាល័យ​ទំនាក់ទំនង​រួម ដែល​ទើប​បង្កើតបាន​២​ឆ្នាំនេះ ដោយសារតែ​កូរ៉េខាងជើង​ខឹង​នឹង​អាជ្ញាធរ​កូរ៉េខាងត្បូង មិនអាច​បញ្ឈប់​ការ​បង្ហោះ​ខិត្តប័ណ្ណ​រិះគន់​ការដឹកនាំ​របស់លោក​គីម ជុង​អ៊ុន ដោយ​ក្រុម​សកម្មជន​ប្រឆាំង​កូរ៉េខាងជើង​៕ ដោយ​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត