មួយរយៈពេលចុងក្រោយនេះកូរ៉េខាងជើងហាក់បង្ហាញអារម្មណ៍មិនសប្បាយចិត្ដកាន់តែខ្លាំង ជាមួយសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង។ នេះអាចចាត់ទុកថាជាពេលវេលាល្អក់កករជាថ្មី បន្ទាប់ពីភាគីទាំងបីស្គាល់ទំនាក់ទំនងមិនប្រឈមមុខគ្នាជាង១ឆ្នាំដែរ ពោលគឺតាំងពីក្រោយកិច្ចជំនួបតទល់រវាងថ្នាក់ដឹកនាំកាលពីឆ្នាំ២០១៨។ ប៉ុន្ដែតាំងពីដើមឆ្នាំ២០២០នេះមក អ្វីៗបានប្រែប្រួលហើយស្ថានភាពទំនាក់ទំនង រំកិលម្ដងបន្ដិចៗទៅរកការប្រឈមមុខដាក់គ្នា។ តើមានហេតុផលអ្វីខ្លះដែលធ្វើឲ្យកូរ៉េខាងជើងមិនសប្បាយចិត្ដជាមួយអាមេរិកនិងកូរ៉េខាងត្បូងដូច្នេះ?
ស្ថានភាពទំនាក់ទំនងកូរ៉េខាងជើង-អាមេរិក-កូរ៉េខាងត្បូង
ជាក់ស្ដែងណាស់ពិភពលោកទាំងមូលបានដឹងលឺហើយថា កូរ៉េខាងជើងជាសត្រូវរបស់អាមេរិកនិងកូរ៉េខាងត្បូង ពុំដែលស្គាល់រសជាតិទំនាក់ទំនងផ្អែមល្ហែមឡើយ។ ចាប់ផ្ដើមតាំងពីក្នុងសម័យសង្គ្រាមកូរ៉េអំឡុងឆ្នាំ១៩៥០-១៩៥៣ ដែលប្រទេសទាំងបីបានប្រឆាំងគ្នា។ ក្នុងពេលនោះអាមេរិកជាអ្នកគាំទ្រកូរ៉េខាងត្បូង ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងដែលមានចិន រុស្ស៊ី នៅពីក្រោយ។ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ សង្គ្រាមកូរ៉េបានបញ្ចប់ប៉ុន្ដែបញ្ចប់តាមរយៈបទឈប់បាញ់ប៉ុណ្ណោះ ហេតុនេះហើយទើបមានការព្រួយបារម្ភខ្លាចផ្ទុះសង្គ្រាមឡើងវិញ ដោយហេតុថាគ្មានកិច្ចព្រមព្រៀងត្រឹមត្រូវ។
បន្ទាប់ពីនោះមកកូរ៉េទាំងពីរបានងាកទៅអភិវឌ្ឍប្រទេសរៀងៗខ្លួន ដំណាលគ្នាក៏មិនភ្លេចឡើយការបង្កើនសមត្ថភាពកងទ័ពការពារប្រទេស។ កូរ៉េខាងត្បូងជាប់កិច្ចព្រមព្រៀងជាមួយអាមេរិកស្ដីពីការដាក់កងទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូង ដើម្បីជួយរក្សាសន្ដិសុខនៅលើឧបទ្វីបកូរ៉េ។ ចំណែកកូរ៉េខាងជើងវិញបានស្វះស្វែងផលិតអាវុធនុយក្លេអ៊ែរ ដើម្បីត្រៀមទប់ទល់ក្រែងមានការវាយប្រហារពីកូរ៉េខាងត្បូងដែលមានអាមេរិកជាខ្នង ព្រោះកូរ៉េខាងត្បូងនៅតែនឹកឃើញមហិច្ឆតាចង់បង្រួបបង្រួមកូរ៉េឡើងវិញ។
មើលឃើញពីការបន្ដអភិវឌ្ឍនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែសកម្មជាងមុន និងក្រោយពេលកូរ៉េខាងជើងដើរចេញពីសន្ធិសញ្ញាមិនសាយភាយនុយក្លេអ៊ែរ កិច្ចពិភាក្សា៦ភាគីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ក្នុងគោលបំណងដោះស្រាយការព្រួយបារម្ភពីបញ្ហាសន្ដិសុខ។ ៦ភាគីនោះមានកូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន អាមេរិក ចិន និងរុស្ស៊ី ប៉ុន្ដែកិច្ចពិភាក្សាមិនស្ថិតស្ថេរយូរអង្វែងឡើយ។ នៅឆ្នាំ២០០៩បន្ទាប់ពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបាញ់បង្ហោះផ្កាយរណបបរាជ័យរបស់កូរ៉េខាងជើង កូរ៉េខាងជើងខឹងយ៉ាងខ្លាងក៏ប្រកាសដើរចេញពីកិច្ចចរចា ហើយចាប់ផ្ដើមអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរឡើងវិញ។ ភាពប្រេះឆារវាងកូរ៉េខាងជើងជាមួយកូរ៉េខាងត្បូងនិងអាមេរិកក៏កើតឡើងកាន់តែខ្លាំង ដោយសារកូរ៉េខាងជើងបានបន្ដធ្វើតេស្ដអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងជាបន្ដបន្ទាប់។
រហូតដល់ពេលកូរ៉េខាងត្បូងមានលោកមូន ជែអ៊ីនជាប្រធានាធិបតី ហើយអាមេរិកមានលោកដូណាល់ ត្រាំចូលកាន់តំណែង ទើបឈានដល់កិច្ចជំនួបកាលពីឆ្នាំ២០១៨។ នោះហើយជាពេលកូរ៉េខាងជើងស្គាល់ទំនាក់ទំនងល្អប្រសើរនឹងគ្នាជាមួយអាមេរិកនិងកូរ៉េខាងត្បូង។ នៅក្នុងកិច្ចជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកគីម ជុងអ៊ុនសម្រេចបានកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលក្នុងនោះរួមបញ្ចូលការប្ដេជ្ញាចិត្ដរំលាយនុយក្លេអ៊ែរ បញ្ឈប់សកម្មភាពបង្កហេតុដើម្បីស្ដារទំនាក់ទំនងឡើងវិញ រួមជាមួយចំណុចសំខាន់ៗជាច្រើនទៀត។ ក្នុងកិច្ចជំនួបជាមួយលោកដូណាល់ ត្រាំក្នុងឆ្នាំ២០១៨ដូចគ្នា លោកគីម ជុងអ៊ុនក៏បានឯកភាពជាមួយលោកត្រាំក្នុងការបង្កើនចំណងមិត្ដភាព បន្ដការងាររំលាយនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េផងដែរ។
ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយ គឺក្នុងឆ្នាំ២០២០នេះស្ថានភាពទំនាក់ទំនងប្រទេសទាំងបីចាប់ផ្ដើមស្មុគស្មាញជាថ្មី ចាប់ផ្ដើមអន់ចិត្ដជាមួយគ្នា ហើយប្រើពាក្យសម្ដីធ្ងន់ៗដាក់គ្នា។
មូលហេតុនៅពីក្រោយប្រតិកម្មរបស់កូរ៉េខាងជើង
ជាការពិតរឿងដែលកូរ៉េខាងជើងមិនសប្បាយចិត្ដជាមួយអាមេរិកនិងកូរ៉េខាងត្បូងពិតជាមានមូលហេតុនៅពីក្រោយ។ និយាយពីភាពល្អក់កកររវាងកូរ៉េខាងជើងជាមួយអាមេរិកមុន ប្រទេសទាំងពីរចាប់ផ្ដើមអន់ចិត្ដទៅវិញទៅមក តាំងពីក្រោយកិច្ចជំនួបលើកទីពីររវាងលោកដូណាល់ ត្រាំជាមួយលោកគីម ជុងអ៊ុននៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១៩មកម្ល៉េះប៉ុន្ដែមិនធ្ងន់ធ្ងរ។ កាលនោះជាកិច្ចជំនួបដើម្បីបន្ដពិភាក្សាលើដំណើរការរំលាយនុយក្លេអ៊ែរដែលមិនទានដើរដោយរលូន តែកិច្ចជំនួបលើកទីពីរបិទបញ្ចប់ដោយគ្មានលទ្ធផលអ្វីទាំងអស់។ គ្មានលទ្ធផលដោយសារលោកត្រាំមិនព្រមដកចេញខ្លះនូវទណ្ឌកម្មសេដ្ឋកិច្ច តាមសំណើរបស់លោកគីម ជុងអ៊ុន ផ្ទុយទៅវិញបែរជាឲ្យកូរ៉េខាងជើងរំលាយនុយក្លេអ៊ែរជាមុនសិន។ ការណ៍នេះបានធ្វើឲ្យកូរ៉េខាងជើងគិតថាគ្មានយុត្ដិធម៌ហើយអាចចាញ់ប្រៀបអាមេរិកផងនោះ កូរ៉េខាងជើងសុខចិត្ដដើរចេញពីកិច្ចប្រជុំទាំងគ្មានន័យ។
ដ្បិតលោកត្រាំនិងលោកគីមបានជួបគ្នានៅតំបន់ព្រំដែនជាលើកទីបី ប៉ុន្ដែជាការជួបសួរសុខទុក្ខរយៈពេលខ្លី មិនបាននិយាយអ្វីពីការរំលាយនុយក្លេអ៊ែរទេ ដោយប្រកាសនឹងជជែកបន្ថែមនៅពេលក្រោយ។ រហូតដល់សព្វថ្ងៃពុំទាន់មានការចរចាពីកម្មវិធីនុយក្លេអ៊ែរជាថ្មីឡើយ ហើយដំណើរការរំលាយនុយក្លេអ៊ែរក៏ត្រូវជាប់គាំង។ ចំពោះលោកដូណាល់ ត្រាំទោះបីលោកទទូចថាទំនាក់ទំនងជាមួយលោកគីមនៅតែល្អប្រសើរ ប៉ុន្ដែកូរ៉េខាងជើងមិនសប្បាយចិត្ដជាមួយមន្ដ្រីអាមេរិកមួយចំនួន និងមិនពេញចិត្ដរដ្ឋបាលរបស់លោកត្រាំដែលមិនព្រមដកទណ្ឌកម្ម ហើយលាបពណ៌បង្ខូចកេរ្ដិ៍ឈ្មោះកូរ៉េខាងជើងទៀត។ តួយ៉ាងមានករណីអាមេរិកចោទប្រកាន់កូរ៉េខាងជើងនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណេតជាដើម។ ក្រៅពីនេះកូរ៉េខាងជើងនៅមិនពេញចិត្ដដដែលនៅពេលអាមេរិកព្យាយាមលូកដៃក្នុងកិច្ចការអន្ដរកូរ៉េ ជារឿងផ្ទៃក្នុងរវាងបងប្អូនបង្កើតទាំងពីរ។
អ្វីជាការចាប់អារម្មណ៍ដែលធ្វើឲ្យកូរ៉េខាងជើងប្រកាសពង្រឹងសមត្ថភាពនុយក្លេអ៊ែរឡើងវិញប្រឆាំងអាមេរិក ក៏ដោយសារភាពស្រពិចស្រពិលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខ។ នេះក៏ជារឿងសំខាន់មួយព្រោះបើអាមេរិកមានប្រធានាធិបតីថ្មីមិនមែនជាលោកត្រាំ នោះកិច្ចព្រមព្រៀងដែលសម្រេចបានកន្លងមកនឹងត្រូវចាត់ទុកជាអសាបង់ ពិសេសប្រសិនបើអាមេរិកមានប្រធានាធិបតីថ្មីមកពីគណបក្សប្រជាធិបតេយ្យ។ បែបនេះហើយកូរ៉េខាងជើងត្រូវតែពង្រឹងខ្លួនឯងឲ្យរឹងប៉ឹង ត្រៀមទប់ទល់ស្ថានការណ៍អាក្រក់ឬការគំរាមកំហែងពីអាមេរិកនៅពេលក្រោយ។
ការលះបង់កន្លងមកដែលកូរ៉េខាងជើងគិតថាជារឿងឥតន័យ ហើយស្របពេលតំណែងជាប្រធានាធិបតីរបស់លោកដូណាល់ ត្រាំស្ថិតក្នុងភាពស្រពិចស្រពិល ខណៈការបោះឆ្នោតជិតចូលមកដល់ កូរ៉េខាងជើងត្រូវតែច្បាស់ថាខ្លួនឯងមានជំហរឹងមាំ ហើយអាចមានប្រៀបខ្លាំងប្រសិនបើអាមេរិកមានប្រធានាធិបតីថ្មីមិនមែនជាលោកដូណាល់ ត្រាំ។
ចំពោះភាពតានតឹងជាមួយកូរ៉េខាងត្បូងវិញ ផ្ទុះឡើងខ្លាំងកាលពីដើមខែមិថុនានេះ នៅពេលប្អូនស្រីបង្កើតលោកគីម ជុងអ៊ុន អ្នកស្រីគីម យ៉ូជុង ចេញសេចក្ដីថ្លែងការណ៍ព្រមានករណីក្រុមសកម្មជននៅកូរ៉េខាងត្បូង បង្ហោះខិត្ដបណ្ណប្រឆាំងក្រុងព្យុងយ៉ាង។ តាមរយៈសេចក្ដីថ្លែងការណ៍កូរ៉េខាងជើងមិនសប្បាយចិត្ដទេ ការបន្ដមានក្រុមប្រឆាំងនៅកូរ៉េខាងត្បូងដែលតែងបង្កបញ្ហាមិនចេះចប់។ កូរ៉េខាងជើងបានទុកពេលឲ្យកូរ៉េខាងត្បូងដោះស្រាយ ប៉ុន្ដែការចាត់វិធានការហាក់យឺតយ៉ាវ ទីបំផុតកូរ៉េខាងជើងបានប្រកាសផ្ដាច់បណ្ដាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានប្រកាសអាចនឹងចាត់វិធានការយោធាសងសឹក ប្រសិនបើក្រុមសកម្មជនដែលរត់ភៀសខ្លួនពីកូរ៉េខាងជើងទៅនៅកូរ៉េខាងត្បូង បន្ដបង្ហោះខិត្ដបណ្ណប្រឆាំងក្រុងព្យុងយ៉ាងឆ្លងកាត់ព្រំដែនទៀត។
តាមបណ្ដាញសារព័ត៌មានបានចុះផ្សាយថ្មីៗនេះថា កូរ៉េខាងជើងបានបំផ្ទុះចោលការិយាល័យទំនាក់ទំនងរួមគ្នាជាមួយកូរ៉េខាងត្បូងហើយ។ ជាការិយាល័យទំនាក់ទំនងបង្កើតឡើងក្រោយជំនួបរវាងលោកមូននិងលោកគីមកាលពីឆ្នាំ២០១៨។ ការិយាល័យនេះក៏ជាមធ្យោបាយមួយសម្រាប់ទាក់ទងដោះស្រាយបញ្ហា និងជាមិនិត្ដរូបនៃការផ្សះផ្សា បង្ហាញពីកិច្ចសហប្រតិបត្ដិការអន្ដរកូរ៉េ។ ប៉ុន្ដែការសម្រេចបំផ្លាញចោលរបស់កូរ៉េខាងជើង ចង់ឲ្យកូរ៉េខាងត្បូងភ្លឺភ្នែកនិងចង់បញ្ជាក់ថាខ្លួនមិនអត់ឱនដាច់ខាតរាល់ទង្វើរំលោភបំពាននានា។
អ្វីជាដំណោះស្រាយនៅពេលនេះ?
បើនិយាយពីដំណោះស្រាយគ្រប់បញ្ហាទាំងអស់ គ្មានអ្វីប្រសើរជាងការចូលតុអង្គុយចរចាគ្នាដោយសន្ដិវិធីទេ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនថ្មីៗនេះ ក៏បានប្រកាសទទូចឲ្យកូរ៉េខាងជើងវិលមករកការចរចាវិញដែរ។ ប៉ុន្ដែការចរចាជាមួយកូរ៉េខាងជើង មិនថាអាមេរិកឬកូរ៉េខាងត្បូងក៏ដោយត្រូវយល់ពីអ្វីដែលកូរ៉េខាងជើងចង់បាន។ ប្រសិនគ្មានការបន្ធូរបន្ថយឬធ្វើសប្បទានខ្លះទេ កូរ៉េខាងជើងដាច់ខាតមិនព្រមឲ្យប្រទេសទាំងពីរនេះដាក់សម្ពាធបានឡើយ។ មិនថាក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបន្ថែមទណ្ឌកម្មខ្លាំងប៉ុនណាក៏ដោយ កូរ៉េខាងជើងហ៊ានបាញ់មីស៊ីលជាញយដងគ្មានខ្លាចរអាផង។ ហេតុនេះអាមេរិកពិសេសកូរ៉េខាងត្បូងគួរពិចារណាឡើងវិញ ចំពោះអ្វីដែលខ្លួនចង់ឲ្យកូរ៉េខាងជើងធ្វើ និងអ្វីដែលខ្លួនត្រូវធ្វើដើម្បីបញ្ចប់ស្ថានការណ៍តានតឹង។ សង្គ្រាមទ្រង់ទ្រាយធំនិយាយឲ្យចំវាមិនងាយនឹងផ្ទុះឡើងទេ ប៉ុន្ដែការផ្ទុះអាវុធទ្រង់ទ្រាយតូចពិតជាទប់មិនជាប់ឡើយ ប្រសិនកម្ដៅនៃភាពតានតឹងមិនអាចពន្លត់បាន។ នៅពេលនោះហើយដែលស្ថិរភាពនៅលើឧបទ្វីបកូរ៉េនឹងក្លាយជាក្ដីបារម្ភបន្ដទៀតសម្រាប់ពិភពលោកទាំងមូល៕
ដោយ៖ពេញ ផេង