អាមេរិក​សន្យា​ជួយ​កម្ពុជា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​“​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​”

16-06-2020 3:56 pm 360

​តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ Online រវាង​ក្រសួង​មហាផ្ទៃ​ជាមួយ​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក និង​តំណាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក​លើ​សេចក្តីព្រាងច្បាប់​ស្តីពីប​ទ​ល្មើស​បច្ចេវិទ្យា​ព័ត៌មាន នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០២០ បញ្ជាក់​ថា​ភាគី​នៃ​ក្រុមហ៊ុន​ធំៗ​ចំនួន​៤ ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ រួម​ទាំង​សហរដ្ឋអាមេរិក​នឹង​ចាំ​ត្រៀម​ផ្តល់​នូវ​ធនធាន​ជំនួយ​បច្ចេកទេស​សម្រាប់​ការរៀបចំ​នូវ​សេចក្តីព្រាងច្បាប់​ស្ដីពី “​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​” នៅ​កម្ពុជា​។​

​គួរបញ្ជាក់​ថា​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​Online​នេះ​ដឹកនាំ​ដោយ​លោក​ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ក្រុមប្រឹក្សា​នីតិកម្ម ដោយ​មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ​ក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម តំណាង​អគ្គនាយកដ្ឋាន នាយកដ្ឋាន​នានា​ចំណុះ​ក្រសួង​មហាផ្ទៃ​ជាច្រើន​ទៀត​។​

​ជាមួយ​គ្នា​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទោះបីជា​បទល្មើស​នេះ​ប្រព្រឹត្ត​តាម​ទម្រង់​ណាក៏ដោយ ហេតុដូចនេះ​ហើយ ទើប​កម្ពុជា​ព្យាយាម​ធ្វើការ​រៀបចំ​ច្បាប់​នេះ​ឡើង​។ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​បច្ចេកវិទ្យា​នេះ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ ដូច្នេះហើយ​នៅក្នុង​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ លោក​រដ្ឋលេខាធិការ​ចង់​បាន​នូវ​មតិយោបល់​ពី​អ្នកជំនាញ​អន្តរជាតិ​ដើម្បី​ធ្វើឱ្យ​សេចក្តីព្រាងច្បាប់​នេះ​មាន​សុក្រឹតភាព និង​បទដ្ឋាន​អន្តរជាតិ​ព្រមទាំង​ស្រប​តាម​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​។​

​លើសពីនេះ​លោក​រដ្ឋលេខាធិការ​ក៏​បាន​រម្លឹក​ដែរ​ថា សេចក្តីព្រាងច្បាប់​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៦ ហើយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក និង​តែងតែ​ពិភាក្សា ពិគ្រោះ​យោបល់​ជាមួយគ្នា​ជា​បន្តបន្ទាប់ ហើយ​សេចក្តីព្រាងច្បាប់​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ព្រាង​ដោយ​មាន​ការរៀបចំ​ពី​ក្រសួងមហាផ្ទៃ ដោយ​មិន​ទាន់​ឆ្លង និង​ពិគ្រោះ​យោបល់​ពី​សំណាក់​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​។​

​ទន្ទឹម​នោះ​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Michael Nebill ដែលជា​អ្នក​សម្រួល​ជាមួយ​តំណាង​ភាគី​អន្តរជាតិ​ក្នុង​កិច្ចប្រជុំ បានឱ្យដឹងថា ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពីប​ទ​ល្មើស​បច្ចេវិទ្យា​ព័ត៌មាន​វិទ្យានេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដោយ​ច្បាប់​នេះ​គឺ​បង្កើតឡើង​ក្នុង​ន័យ​ដើម្បី​រក្សា​តុល្យភាព ធ្វើយ៉ាងណា​រក្សា​ការពារ​កុំឱ្យ​មាន​បទល្មើស​បច្ចេក​វិទ្យា ក៏ដូចជា​ការពារ​សិទ្ធិ​រក្សាបាន​នូវ​បទដ្ឋាន​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ធានា​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​អាច​អនុលោម​បាន ហើយ​អាច​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​។​

​លោក​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​ឱកាស​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក និង​ភាគី​នៃ​ក្រុមហ៊ុន​ធំៗ​ចំនួន​៤​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ហើយ​សហរដ្ឋអាមេរិក​នឹង​ចាំ​ត្រៀម​ផ្តល់​នូវ​ធនធាន​ជំនួយ​បច្ចេកទេស​សម្រាប់​ការរៀបចំ​នូវ​សេចក្តីព្រាងច្បាប់​ពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់​ទៀត​៕
​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត