ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបញ្ជាក់ថា នៅម៉ោង២និង៤៩នាទីរសៀលម៉ោងក្នុងស្រុក មានការផ្ទុះនៅការិយាល័យទំនាក់ទំនងរួម កូរ៉េខាងជើងនិងខាងត្បូងស្ថិតក្នុងទីក្រុង Kaesong ប្រទេសកូរ៉េខាងជើង។ ការបំផ្លាញការិយាល័យទំនាក់ទំនងរួមនេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងគំរាមជាថ្មីថា នឹងប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងត្បូង និងក្រោយអ្នកស្រីគីម យ៉ូជុងប្អូនស្រីបង្កើតរបស់លោកគីម ជុងអ៊ុនគំរាមកម្ទេចចោលកាលពីចុងសប្តាហ៍កន្លងទៅ។ មុនពេលមានការផ្ទុះនៅថ្ងៃអង្គារទី១៦ខែមិថុនានេះ មេដឹកនាំយោធាកូរ៉េខាងជើងបញ្ជាក់ថា ខ្លួនមានផែនការលើកទ័ពចូលទៅក្នុងតំបន់គ្មានយោធា (DMZ) និងថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្វែរជួរមុខទៅជាបន្ទាយមួយ។
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល អំពាវនាវឲ្យទីក្រុងព្យុងយ៉ាង គោរពតាមកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដែលក្នុងនោះ យោធានៃប្រទេសទាំងពីរ បានប្តេជ្ញាបញ្ឈប់រាល់សកម្មភាពអរិភាព និងរុះរើរចនាសម្ព័ន្ធមួយចំនួន នៅតាមតំបន់គ្មានយោធា។ លោកស្រី Choi Hyun-sooអ្នកនាំពាក្យយោធាកូរ៉េខាងត្បូង ថាយោធាកំពុងរក្សាជំហរត្រៀមខ្លួន ដើម្បីអាចឆ្លើយតបទៅនឹងស្ថានភាពណាមួយបានទាន់ពេលវេលា។
ក្រុមអ្នកវិភាគនិយាយថា ទីក្រុងព្យុងយ៉ាងអាចកំពុងព្យាយាមបង្កើតវិបត្តិ ដើម្បីបង្កើនសម្ពាធលើទីក្រុងសេអ៊ូល នៅពេលដែលការចរចានុយក្លេអ៊ែរជាមួយអាមេរិកកំពុងជាប់គាំង។ កូរ៉េខាងជើងខកចិត្តដែលប្រទេសកូរ៉េខាងត្បូង មិនបានធ្វើឲ្យកិច្ចពិភាក្សារវាងអាមេរិកនិងកូរ៉េខាងជើងប្រសើរឡើងវិញ។ នាយកនៃវិទ្យាស្ថាន Sejong សម្រាប់ការសិក្សាកូរ៉េខាងជើង សន្និដ្ឋានថាកូរ៉េខាងត្បូងបានបរាជ័យក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងដំណើរការនេះ។
ភាពតានតឹងរវាងភាគីទាំងពីរបាននិងកំពុងកើនឡើង អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយសារតែកូរ៉េខាងជើងខឹងនឹងអាជ្ញាធរកូរ៉េខាងត្បូង មិនអាចបញ្ឈប់សកម្មភាព នៃការចែកចាយខិត្តប័ណ្ណរិះគន់របបដឹកនាំកូរ៉េខាងជើង ដោយក្រុមរត់ចេញពីប្រទេសកូរ៉េខាងជើងទៅរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ក្រុមសកម្មជនប្រឆាំងកូរ៉េខាងជើង បានសម្រុកបង្ហោះខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោកគីម ជុងអ៊ុន ការរំលោភសិទ្ធមនុស្សនិងមហិច្ឆតានុយក្លេអ៊ែររបស់លោក ចូលក្នុងប្រទេសកូរ៉េខាងជើង តាមរយៈប៉េងប៉ោងនិងពេលខ្លះមានការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទៀតផង។
ក្រៅពីខិត្តប័ណ្ណ ពួកគេក៏បានបញ្ជូនដូចជាស្បៀងអាហារ វិទ្យុនិងUSBផ្ទុករឿងភាគកូរ៉េខាងត្បូងនិងព័ត៌មានអំពីព្រំដែនទៅជាមួយផង។ ក្រុមអ្នកចែកចាយខិត្តបណ្ណទាំងនោះ ក្នុងបំណងទាក់ទាញឲ្យប្រជាជនកូរ៉េខាងជើងមកយក ព្រោះជាធម្មតាប្រជាជនកូរ៉េខាងជើង មិនទទួលបានព័ត៌មានទូលំទូលាយទេ ដោយពួកគេអាចទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយរដ្ឋតែប៉ុណ្ណោះ ហើយភាគច្រើនមិនអាចប្រើប្រាស់អ៊ីនធឺណេត ដើម្បីស្វែងរកព័ត៌មាននានាបានឡើយ។
កូរ៉េខាងជើងចាត់ទុកការចែកចាយខិត្តប័ណ្ណនេះ ជាសកម្មភាពអរិភាព ដែលបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពធ្វើឡើងក្នុងកិច្ចប្រជុំកំពូល ឆ្នាំ ២០១៨ រវាងលោកមូន ជែអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងនិងលោកគីម ជុងអ៊ុន។ ដំបូងឡើយកូរ៉េខាងជើងបានព្រមានឲ្យអាជ្ញាធរកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពនេះ តែគ្មានលទ្ធផល ក៏បានប្រកាសកាត់ផ្តាច់ទំនាក់ទំនង នៅតាមការិយាល័យរួម រវាងអាជ្ញាធរប្រទេសទាំងពីរ រវាងយោធានិងយោធា និងទំនាក់ទំនងទូរស័ព្ទនៅតាមការិយាល័យប្រធានាធិបតីទាំងសងខាង កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០។
នៅពេលដែលការគំរាមធ្ងន់ៗពីភាគីកូរ៉េខាងជើងបានធ្លាក់មកបន្តបន្ទាប់ កូរ៉េខាងត្បូងនៅទី ១០ ខែមិថុនាថានឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងមនុស្សពីរក្រុម ចំពោះការបញ្ជូនខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ ក្រុមរត់ចោលជួរកូរ៉េខាងជើងទាំងពីរក្រុម បានរំលោភលើកិច្ចព្រមព្រៀង រវាងមេដឹកនាំកូរ៉េខាងជើងនិងខាងត្បូងនិងបង្កើតភាពតានតឹង។ កូរ៉េខាងត្បូងថានឹងដាក់ពាក្យបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងពួកគេ ពីបទរំលោភច្បាប់ ស្តីពី កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។ ដ្បិតយុទ្ធនាការចែកចាយខិត្តប័ណ្ណនេះជាចំណុចរសើប រុញឲ្យមានភាពតានតឹងរវាងកូរ៉េទាំងពីរតាំងតែពីយូរមកហើយក្តី ប៉ុន្តែអ្នកវិភាគនិយាយថា សកម្មភាពផ្លូវច្បាប់បែបនេះ អាចបង្កឲ្យមានការតវ៉ាអំពីការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិមិនខានឡើយ។
សូមបញ្ជាក់ថា ទីតាំងទំនាក់ទំនងរួម ត្រូវបង្កើតឡើងក្រោយជំនួបពិភាក្សារវាងលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងនិងលោកមូន ជែអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងនៅឆ្នាំ ២០១៨ ដែលជាមធ្យោបាយមួយ សម្រាប់កូរ៉េទាំងពីរក្នុងការទាក់ទងរកគ្នា និងជានិមិត្តរូបនៃការផ្សះផ្សានិងសហប្រតិបត្តិការអន្តរកូរ៉េ។ កូរ៉េទាំងពីរបានអនុញ្ញាតឲ្យមានការទូរស័ព្ទទាក់ទងគ្នាចំនួន២ដងក្នុងមួយថ្ងៃ នៅតាមការិយាល័យទំនាក់ទំនងរួមនេះ គឺនៅម៉ោង៩ព្រឹកម្តងនិងម៉ោងនិង១៧ល្ងាចម្តងទៀត។ យ៉ាងណាក៏ដោយ ភាពរកាំរកូសងាយនឹងកើតឡើងរវាងកូរ៉េខាងជើងនិងខាងត្បូង ត្បិតសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបិទបញ្ចប់ទៅ ដោយគ្មានសន្ធិសញ្ញាសន្តិភាពផ្លូវការឡើយ៕ ដោយ៖អ៊ុន សុខឡា