ចាប់ខ្លួន​​មនុស្ស​ជាង​​១០០​នាក់​​បន្ទាប់ពី​ការ​តវ៉ា​​ឈានដល់​​ហិង្សា​​នៅ​អង់គ្លេស​

14-06-2020 12:00 pm 514
ប៉ូលិសអង់គ្លេស​កំពុង​រារាំង​ក្រុមតវ៉ា

​មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​អង់គ្លេស​។ ការចាប់ខ្លួន​បន្ទាប់ពី​ផ្ទុះ​ការប៉ះទង្គិច​និង​អំពើហិង្សា រវាង​ប៉ូលិស​ជាមួយ​ក្រុម​ស្ដាំនិយម​។ ក្រុម​ស្ដាំនិយម​ទាំងនោះ​បាននាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំងនឹង​មនុស្ស​មួយក្រុម​ទៀត ដែល​ធ្វើបាតុកម្ម​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍ ក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។ 

​មនុស្ស​រាប់រយ​នាក់​បាន​ប្រឆាំងនឹង​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ទៅ​ប្រមូល​ផ្ដុំគ្នា​កណ្ដាល​រដ្ឋធានី​តែម្ដង ដោយ​ពួកគេ​អះអាងថា​ទៅ​ការពារ​រូបសំណាក់​នៅ​ជុំវិញ​វិមាន​សភា​កុំឲ្យ​មាន​ការបំផ្លិចបំផ្លា​ញ​។ ក្នុងអំឡុងពេល​ជួប​ជុំនោះ​ពួកគេ​បាន​ប៉ះទង្គិច​ជាមួយ​មន្ដ្រីប៉ូលិស​ដែល​ចុះទៅ​អន្ដរាគមន៍ បាន​ប្រើ​អំពើហិង្សា មិន​ស្ដាប់​ការរក្សា​សណ្ដាប់ធ្នាប់ ព្យាយាម​វាយប្រហា​រលើ​មន្ដ្រីប៉ូលិស​ថែមទៀត ដូច្នេះហើយ​ទើប​ឈានដល់​ការចាប់ខ្លួន​មនុស្ស​ជាង​១០០​នាក់​ដូច្នេះ​។ មន្ដ្រីប៉ូលិស​ចំនួន​៦​នាក់​បាន​រងរបួស​ស្រាល​នៅក្នុង​ការប៉ះទង្គិច​។​

​លោក​នាយករដ្ឋមន្ដ្រី​អង់គ្លេស​បូរី​ស ច​ន​សុន​បាន​និយាយថា ចោរ​រើសអើង​ជាតិ​សាសន៍​គ្មាន​នៅលើ​ដងផ្លូវ​របស់​អង់គ្លេស​ឡើយ ហើយ​ជន​ណា​ដែល​វាយប្រហា​រលើ​ប៉ូលិស​ក៏​នឹងត្រូវ​ទទួលទោស​តាម​ផ្លូវច្បាប់​។ លោក​សង្កត់ធ្ងន់ថា អង់គ្លេស​ពិតជា​គ្មាន​ចំណែក​នៃ​ការ​ប្រកាន់ពូជសាសន៍​ទេ អង់គ្លេស​ត្រូវតែ​ធ្វើការ​រួមគ្នា​ដើម្បីឲ្យ​វា​ក្លាយជា​ការពិត​។ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​អង់គ្លេស​វិញ​បានប្រកាស​ដែរថា ជន​ដែល​ប្រព្រឹត្ដ​អំពើហិង្សា​លើ​មន្ដ្រីប៉ូលិស មិនអាច​ទទួល​បានកា​រ​លើកលែង​ឬ​អត់ឱន​ដាច់ខាត ត្រូវតែ​អនុវត្ដ​តាម​ផ្លូវច្បាប់​៕

​ដោយ​៖​ពេញ ផេង 

ព័ត៌មានផ្សេងទៀត